(ចិន)៖ តាំងពីបង្កើតឡើងក្នុងឆ្នាំ១៩៩១ តំបន់អភិវឌ្ឃឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ ស៊ី អាន នៅភាគពាយ័ព្យប្រទេសចិន បាននិងកំពុងដើរតួនាទីដ៏សំខាន់ ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់។
ក្រុមហ៊ុនផលិតរថយន្តធំបំផុត ក្នុងប្រទេសចិន BYD បានបង្កើតមូលដ្ឋានផលិតកម្មដ៏ទំនើបបំផុតរបស់ខ្លួននៅទីនេះ។
រោងចក្រនេះ មានបំពាក់ទៅដោយខ្សែសង្វាក់ផលិតកម្មស្វ័យប្រវត្តិទាំងស្រុង និងបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់ ដើម្បីធានាថា ការផលិតមានប្រសិទ្ធភាពកាន់តែខ្ពស់។
អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុននេះ ជឿជាក់ថា មានតែការច្នៃប្រឌិតថ្មីដែលឯករាជ្យតែប៉ុណ្ណោះ ដែលអាចជំរុញឱ្យក្រុមហ៊ុនឆ្ពោះទៅមុខបន្តទៀតបាន។
លោក លីវ ចិនយូ អ្នកគ្រប់គ្រងទូទៅ នៃក្រុមហ៊ុន BYD Auto Co.,សាខាទីក្រុង ស៊ី អាន បានថ្លែងថា «បន្ទាប់ពីលោកប្រធានាធិបតី ស៊ី ជីនពីង បានមានប្រសាសន៍កាលពីឆ្នាំ ២០១៤ ដែលគាត់បាននិយាយថា ការអភិវឌ្ឍន៍យានយន្តដែលប្រើថាមពលថ្មី គឺជាផ្លូវដែលប្រទេសចិនត្រូវដើរ ដើម្បីប្រែខ្លួនពីប្រទេសធំមួយ ឱ្យទៅជាប្រទេសដែលខ្លាំងមួយវិញ។ តំបន់ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ បាននិងកំពុងដើរតួនាទីដ៏ទូលំទូលាយ និងវែងឆ្ងាយ ព្រមទាំងផ្តល់ការគាំទ្រយ៉ាងរឹងមាំ ដល់ការអភិវឌ្ឍក្រុមហ៊ុនរបស់យើង»។
ក្រុមហ៊ុនផលិតរថយន្តដ៏ធំនេះ បានបណ្តាក់ទុនជាង២ពាន់៥រយលានដុល្លារសហរដ្ឋអាមេរិក ដើម្បីបើកអាជីកម្មផលិតរថយន្តព័ត៌មានវិទ្យា និងផ្លូវរថភ្លើង។
ក្រុមហ៊ុនបច្ចេកវិទ្យាឡាស៊ែរភ្លឺ ស៊ី អាន គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនព្រីន 3D លើដែកធំបំផុតក្នុងពិភពលោក និងជាអ្នកត្រួសត្រាយផ្លូវនៃបច្ចេកវិទ្យាបោះពុម្ព 3D ផងដែរ។ សម្រាប់ក្រុមហ៊ុននេះ ការបណ្តាក់ទុកទៅលើការច្នៃប្រឌិតថ្មី គឺជារឿងសំខាន់។
លោក សៀរ ល័យ អ្នកគ្រប់គ្រងទូទៅ ក្រុមហ៊ុនបច្ចេកវិទ្យាឡាស៊ែរភ្លឺស៊ីអាន បានថ្លែងថា «ចាប់ពីការវិនិយោគសម្រាប់លើកទឹកចិត្ត ដល់ការស្រាវជ្រាវ និងការបណ្តាក់ទុនទៅលើទ្រព្យរយៈពេលវែង ថវិការទាំងនេះនឹងទៅបោះទុន ទៅលើការស្រាវជ្រាវ និងការអភិវឌ្ឍន៍នៃគម្រោងរបស់យើង។ ពួកគេយកចិត្តទុកដាក់ខ្លាំងណាស់ លើការបង្កើតអ្វីមួយដែលថ្មី ហើយក៏រៀបចំគោលការណ៍ដែលសមស្រប ដើម្បីលើកស្ទួយដល់ការច្នៃប្រឌិតផងដែរ។ វាគឺជាវិធីដ៏ល្អឥតខ្ចោះមួយ សម្រាប់គាំទ្រដល់ក្រុមហ៊ុន និងបដិវត្តសេដ្ឋកិច្ចនាពេលបច្ចុប្បន្ននេះ»។
គេរំពឹងថា ក្រុមហ៊ុនទាំងឡាយដែលបានចុះបញ្ជីនៅក្នុងតំបន់នេះ នឹងបង្កើតប្រាក់ចំនូលបាន៣៨០ពាន់លានដុល្លារសហរដ្ឋអាមេរិកក្នុង១ឆ្នាំ នៅត្រឹមឆ្នាំ២០២០ ពោលគឺស្មើនឹងកំណើនប្រាក់ចំណូល១៥ភាគរយនៅក្នុងមួយឆ្នាំ។
លោក យ៉ាង រិនហ័រ អ្នកគ្រប់គ្រងទូទៅនៃគណៈកម្មាធិការរដ្ឋបាល នៃតំបន់អភិវឌ្ឍឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ស៊ីអាន បាននិយាយថា តំបន់នេះកំពុងព្យាយាមទាក់ទាញធនធានមនុស្ស ដ៏ប៉ិនប្រសប់មកពីទូទាំងពិភពលោក ឱ្យមកធ្វើការនៅតំបន់នេះ។
លោក យ៉ាង រិនហ័រ អ្នកគ្រប់គ្រងទូទៅនៃគណៈកម្មាធិការរដ្ឋបាលនៃតំបន់អភិវឌ្ឍឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ស៊ីអាន បានថ្លែងថា «បើនិយាយអំពីការច្នៃប្រឌិតថ្មី ផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ពួកយើងបានប្រើធនធានទាំងអស់ ដែលមាននៅតំបន់ស៊ីអាននេះ ជាពិសេស គឺធនធានផ្នែកវិទ្យាសាស្ត្រនិងការអប់រំ ព្រមទាំងធនធានមនុស្ស និងបច្ចេកវិទ្យាយោធាតែម្តង។ ពួកយើងក៏បានសាកល្បងប្រើប្រាស់ភាពច្នៃប្រឌិត លើយន្តការរបស់ស្ថាប័នផងដែរ។ ក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ ពួកយើងបានរកឃើញធនធានវត្ថុធាតុថ្មីៗនិងថាមពលថ្មីជាច្រើន។ យើងបានបង្កើតពុម្ភដ៏ពេញលេញមួយ សម្រាប់ដំណាក់កាលបឋម នៃវត្ថុពាក់កណ្តាលចំឡង។ នៅថ្ងៃអនាគត យើងនឹងយកចិត្តទុកដាក់បន្ថែមទៀត ទៅលើការអភិវឌ្ឍនៃបរិយាកាសសហគ្រិន ដើម្បីឱ្យបរិយាកាសនៅទីនេះ អាចទាក់ទាញអ្នកមានទេសកោសល្យ ផ្នែកបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់ កាន់តែច្រើននាក់បន្ថែមទៀត មកពីទូទាំងសកលលោក»៕