(ស្វាយរៀង)៖ លោក ហ៊ឹម ឆែម សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រសួងធម្មការ និងសាសនា បានថ្លែងថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ មានតែមួយថ្ងៃប៉ុណ្ណោះ គឺនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ សូមប្រជាពលរដ្ឋកុំចាញ់កលល្បិច ទណ្ឌិត សម រង្ស៉ី ឲ្យសោះ។
លោក ហ៊ឹម ឆែម បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបការងារស្តីពីសកម្មភាពចុះយុទ្ធនាការស្វែងសំឡេងឆ្នោតនៅតាមបណ្តាភូមិទាំង១០ ស្ថិតក្នុងឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង។ កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី លោក លោកស្រីថ្នាក់កណ្តាល និងថ្នាក់ស្រុក នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំអំពិល នៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨នេះ។
លោកប្រធានក្រុមការងារ បានពន្យល់បញ្ជាក់ទៅកាន់ប្រជាពលរដ្ឋថា «ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅកម្ពុជា ក្នុងអាណត្តិទី៦នេះ មានរយៈពេលត្រឹមតែមួយថ្ងៃតែប៉ុណ្ណោះ គឺនៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ សូមបងប្អូនប្រជាពលរដ្ឋ កុំចាញ់កលល្បិចរបស់ទណ្ឌិត សម រង្ស៉ី ឲ្យសោះ។ ការលើកឡើងនូវល្បិចកលបោកបញ្ឆោត ភូតកុហករបស់ទណ្ឌិត សម រង្ស៉ី មិនឲ្យបងប្អូនប្រជាពលរដ្ឋយើងកុំឲ្យទៅបោះឆ្នោត និងរារាំងដល់កិច្ចដំណើរបោះឆ្នោត ត្រូវបង្កើនស្មារតីយកចិត្តទុកដាក់ទទួលខុសត្រូវ និងវាយបកឲ្យបានទាន់ពេលវេលា នូវរាល់សកម្មភាពញុះញង់ មួលបង្កាច់របស់ពួកអមិត្ត ក្នុងចេតនាបំផ្លិចបំផ្លាញបរិយាកាសទាំងពេលឃោសនា និងក្នុងអំឡុងពេលបោះឆ្នោត»។
មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ក៏បានថ្លែងអំណអរគុណ ចំពោះសមាជិកសមាជិកាគណបក្សទាំងអស់ ដែលបានធ្វើសកម្មភាពយ៉ាងសកម្មក្នុងកំឡុងពេលចុះយុទ្ធនាការស្វែងរកសំឡេងឆ្នោត រយៈពេលកន្លងមកនេះ និងបានមានមតិផ្តាំផ្ញើជូនកងកម្លាងប្រដាប់អាវុធ និងប្រជាការពារ ត្រូវចូលរួមទាំងគ្នាដើម្បីការពារសិន្តសុខជូនប្រជាពលរដ្ឋទាំងអស់គ្នាមុន និងក្រោយពេលបោះឆ្នោត។
លោក ហ៉ឹម ឆែម ក៏បានផ្តាំផ្ញើឲ្យប្រជាពលរដ្ឋ សមាជិក សមាជិកាគណបក្ស នៅក្នុងភូមិទាំង១០ភូមិ នៃឃុំអំពិល ត្រូវត្រួតពិនិត្យដល់សមាជិកក្នុងក្រុមគ្រួសារ ដោយត្រូវត្រៀមខ្លួន និងឯកសារសម្រាប់ទៅបោះឆ្នោតឲ្យបានគ្រប់គ្រាន់ដើម្បីទៅបោះឆ្នោត និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ ដើម្បីគាំទ្រសម្តេចតេជោ ហ៊ុន សែន ធ្វើនាយករដ្ឋមន្ត្រី ដើម្បីបន្តការអភិវឌ្ឍប្រទេសឲ្យកាន់តែរីកចម្រើន លើគ្រប់វិស័យបន្ថែមទៀត៕