(តាកែវ)៖ បន្ទាប់ពីមានការផ្សព្វផ្សាយព័ត៌មានមិនពិតមួយចំនួន ជាបន្តបន្ទាប់ពាក់ព័ន្ធនឹងការបោះឆ្នោត ទៅកាន់កម្មករ-កម្មការិនីមក លោក ជា វ៉ាន់ដេត តំណាងរាស្រ្តមណ្ឌលតាកែវ បានចុះជួបកម្មករ-កម្មការិនី ដែលកំពុងធ្វើការនៅតាមរោងចក្រទាំង២០ នៅក្នុងស្រុកបាទី ដើម្បីជម្រាបជូនថា កុំឲ្យចាញ់បោកការឃោសនាភូតកុហក និងការបំផុសបំផុល ដែលក្រុមប្រឆាំងបានកំពុងផ្សព្វផ្សាយនាពេលថ្មីៗនេះ ក្នុងគោលបំណងកេងចំណេងផ្នែកនយោបាយ។

ការចុះទៅជួបពន្យល់ និងបញ្ជាក់ការពិតរបស់តំណាងរាស្រ្ត បក្សកាន់អំណាចនៅពេលនេះ បានធ្វើឡើង​ បន្ទាប់ពីក្រុមប្រឆាំងទាំងនៅក្នុងស្រុក និងក្រៅស្រុកបានដើរភូតកុហក ថា របបសន្តិសុខសង្គម នឹងឈប់មានប្រាក់ឧបត្ថម្ភសំរាប់ស្រ្តីមានផ្ទៃពោះ បន្ទាប់ពីបោះឆ្នោតរួច។ ពួកគេក៏បានឃោសនាទៀតថា កម្មករធ្វើការថែមម៉ោងនៅថ្ងៃទី២៩ នឹងទទួលបានប្រាក់បន្ថែម៣៥ដុល្លារ និងចលនាមិនឲ្យទៅបោះឆ្នោតជាដើម។

នៅក្នុងឱកាសនោះ លោក ជា វ៉ាន់ដេត បានធ្វើការបញ្ជាក់បន្ថែមជូនដល់កម្មករ-កម្មការិនីទាំងអស់ថា ប្រសិនបើគណបក្សប្រជាជនកម្ពុជា បន្តទទួលជ័យជម្នះនៅក្នុងការបោះឆ្នោត សម្តេចតេជោ ហ៊ុន សែន នឹងប្តូរផ្តាច់បន្តជំរុញការដំឡើងប្រាក់ឈ្នួលរបស់កម្មករ-កម្មការិនី ជារៀងរាល់ឆ្នាំ បូកនឹងប្រាក់អត្ថប្រយោជន៍ផ្សេងទៀត រួមទាំងលើកកម្ពស់លក្ខខណ្ឌការងារ សុខុមាលភាព និងកម្រិតជីវភាពរស់នៅរបស់កម្មករ-កម្មការិនី ឱ្យកាន់តែល្អប្រសើរឡើងថែមទៀត។

នៅក្នុងឱកាសនោះ ម្ចាស់រោងចក្របានសម្តែងការសប្បាយរីករាយ ដោយស្ថានភាពនយោបាយបច្ចុប្បន្នមានស្ថេរភាពល្អ ធ្វើឱ្យដំណេីរការផលិតកម្មបានរលូន និងពុំមានជនខិលខូចមកបង្ករការអុកឡុក ដូចជាការញុះញ៉ង់កម្មករ-កម្មការិនីឱ្យធ្វើបាតុកម្ម ជាដើម។

នៅចុងបញ្ចប់ លោកតំណាងរាស្រ្ត បានអំពាវនាវឱ្យកម្មករ-កម្មការិនីទាំងអស់ មេត្តាអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នានៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ហើយបោះឆ្នោតឱ្យចំលេខរៀងទី២០៕