(ព្រះសីហនុ)៖ ទោះជាមមាញឹកក្នុងភារកិច្ច ការពារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ក្នុងសង្គមយ៉ាងណាក្តី នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨នេះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានដឹកនាំសហការី នាំយករទេះរុញជនពិការចំនួន៨គ្រឿង អង្ករ និងមីមួយចំនួន ទៅសួរសុខទុក្ខប្រជាពលរដ្ឋ និងជួយឧបត្ថម្ភជនពិការ៨នាក់ នៅក្នុងមូលដ្ឋានសង្កាត់លេខ៣ ក្រុងព្រះសីហនុ។
ជនពិការទាំង៨នាក់ មានលំនៅឋានដោយឡែកៗពីគ្នា នៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ហើយជាមនុស្សចាស់មានជំងឺលើសឈាម ពិការមិនអាចដើរបាន និង២នាក់ទៀត ពិការពីកំណើត។
អ្នកទទួលអំណោយទាំងអស់នោះរួមមាន ទី១៖ឈ្មោះ ជៀប មេសា ភេទស្រី អាយុ១២ឆ្នាំ ពិការពីកំណើត, ទី២៖ឈ្មោះ ស៊ីវ វិន ភេទប្រុស អាយុ៣០ឆ្នាំ ពិការពីកំណើត, ទី៣៖ឈ្មោះ ឃិន ឃន ភេទប្រុស អាយុ៦៧ឆ្នាំ ពិការដោយជំងឺលើសឈាម, ទី៤៖ឈ្មោះ ស្រី ពាប់ ភេទស្រី អាយុ៩៦ឆ្នាំ ចាស់ជរា, ទី៥៖ឈ្មោះ ចាន់ សុភាព ភេទប្រុស អាយុ៤៨ឆ្នាំ ពិការដោយជំងឺលើសឈាម, ទី៦៖ឈ្មោះ អ៊ុក យ៉ុន ភេទស្រី អាយុ៧៥ឆ្នាំ ចាស់ជរា, ទី៧៖ឈ្មោះ ស៊ុន វុទ្ធី ភេទប្រុស អាយុ៥០ឆ្នាំ ជំងឺលើសឈាម និងទី៨៖ឈ្មោះ ឡេង សាមឿន ភេទស្រី អាយុ៦៥ឆ្នាំ។
អំណោយដែល លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ឧបត្ថម្ភជូនគាត់ទាំង៨នាក់ ក្នុងម្នាក់ៗទទួលបានរទេះរុញសម្រាប់ជនពិការ១គ្រឿង អង្ករមួយបាវតូច និងមីចំនួន២កេះ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែកក្កដាកន្លងទៅនេះ លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តព្រះសីហនុ បានជូនអំណោយរទេះរុញ អង្ករ និង មី ជូនដល់ជនពិការនៅសង្កាត់លេខ៣ ចំនួន៥នាក់ មួយលើករួចមកហើយ ដោយសរុបទាំងពីរលើក លោកឧត្តមសេនីយ៍ស្នងការ បានឧបត្ថម្ភរទេះរុញជូនជនពិការ នៅសង្កាត់លេខ៣ បានចំនួន១៣នាក់។
ក្នុងឱកាសនោះដែរប្រជាពលរដ្ឋ ជាជនពិការ និងក្រុមគ្រួសាររបស់ពួកគាត់ បានសំដែងនូវការរំភើបរីករាយ ថ្លែងអំណរគុណ ដល់លោកឧត្តមសេនីយ៍ស្នងការ និងព្រមទាំងដឹកនាំនារីពេទ្យនគរបាល២នាក់ ចុះសួរសុខទុក្ខចែកថ្នាំពេទ្យ ជូនប្រជាពលរដ្ឋដែលមានជំងឺស្រាលៗផងដែរ៕