(កំពង់ស្ពឺ)៖ អតីតសមាជិកគណបក្សសង្គ្រោះជាតិចំនួន២០០នាក់ (ស្ត្រី៨៥នាក់) នៅឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានផ្លាស់ប្តូរជីវភាពនយោបាយ មករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។
ពិធីប្រកាសបញ្ចូលសមាជិកថ្មីទាំង២០០នាក់ ពេញសិទ្ធិជាផ្លូវការ ត្រូវបានរៀបចំឡើងនៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាព លោក លេង ផាលី ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយឃុំហោងសំណំ និងជាអនុប្រធានទី១ ស្រុកឱរ៉ាល់ និងលោក សុខ ភា ប្រធានក្រុមការងារចុះជួយស្រុកឱរ៉ាល់។
ក្នុងឱកាសនោះ លោក លេង ផាលី បានបន្តអំពាវនាវឲ្យប្រជាពលរដ្ឋ ក្នុងឃុំហោងសំណំ ទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ ឲ្យបានគ្រប់ៗគ្នា និងគាំទ្របក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ព្រោះមានតែសម្តេចប៉ុណ្ណោះទេ ទើបធ្វើឲ្យប្រទេសជាតិមាន សុខសន្តិភាព ការរីកចម្រើន និងអភិវឌ្ឍន៍ ឥតឈប់ឈរ។
លោកបន្ថែមថា សម្តេចតេជោ ហ៊ុន សែន ជាអ្នកលុបបំបាត់សង្គ្រាមពីរបបខ្មៅងងឹត ប៉ុល ពត ហើយកិច្ចខិតខំរបស់សម្តេចពិតជាដើរតួនាទីសំខាន់ណាស់ ក្នុងផ្សះផ្សារជាតិមិនឲ្យមានសង្គ្រាមដូចអតីតកាល ហេតុដូច្នេះហើយ សូមបងប្អូនដែលជាសមាជិកថ្មី របស់បក្សប្រជាជន ទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដើម្បីអនាគតប្រទេសជាតិ។
ក្រៅពីនេះលោកក៏បានអំពាវនាវសមាជិក សមាជិកាទាំងអស់ដែលមានវត្តមាននៅទីនេះ និងសុទ្ធសឹងជាអតីតសមាជិកបក្សសង្គ្រោះជាតិ ឈប់ជឿការញុះញង់របស់ក្រុមប្រឆាំងមួយចំនួន ជាពិសេស គឺទណ្ឌិត សម រង្ស៊ី ដែលបានប្រើប្រាស់សំដីមិនសមរម្យមកសង្គមកម្ពុជា នេះបង្ហាញពីកាយវិការស្មោគគ្រោកមួយចំនួន ដែលនាំឲ្យប្រទេសស្ថិតក្នុងភាពចលាចុល។
លោក សេង ជិនឈឿន អតីតប្រតិបត្តិស្រុកឱរ៉ាល់ របស់បក្សសង្គ្រោះជាតិ និងជាតំណាងឲ្យសមាជិក សមាជិកាទាំង២០០នាក់ ឲ្យដឹងថា «ក្នុងមានខ្ញុំផ្ទាល់សូមសំដែងនូវមនោសញ្ចេតនា អំណរគុណក្នុងក្តីកតញ្ញូដ៏ខ្ពង់ខ្ពស់បំផុត ចំពោះគណៈកម្មាធិការគណបក្ស ឃុំហោងសំណំ ដែលបានយល់ព្រមឲ្យយើងខ្ញុំទាំងអស់ជាសមាជិក គណបក្សប្រជាជនកម្ពុជា នាឱកាសដ៏ឧត្តុង ឧត្តមនេះ ដើម្បីផ្តល់ឱកាសឲ្យយើងខ្ញុំទាំងអស់គ្នា បានចូលរួមក្នុងការអនុវត្ត រាល់កម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ក្នុងបុព្វហេតុនៃឧត្តមប្រយោជន៍ប្រជាជាតិ និងប្រជាជនកម្ពុជា សុខសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម»។
សមាជិក សមាជិកា ទាំង២០០នាក់ ក្នុងឃុំហោងសំណំ ដែលចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា បានបេជ្ញាចំពោះបក្សកាន់អំណាចនេះថា៖
១៖ បេជ្ញា! គោរព និងអនុវត្តន៍នូវបទបញ្ជា និងលក្ខន្តិកៈ របស់គណបក្សប្រជនកម្ពុជា
២៖ ប្តេជ្ញា! គាំទ្រ និងអនុវត្តន៍នូវកម្មវិធីនយោបាយ របស់គណបក្សប្រជាជនកម្ពុជា
៣៖ ប្តេជ្ញា! ចំពោះវិធានការទាន់ពេលវេលារបស់រាជរដ្ឋាភិបាល ក្នុងការគាស់រលីងចលនា បដិវត្តន៍ពណ៌ របស់ក្រុមជ្រុលនិយម ដែលប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ និងកើតឡើងដោយឆន្ទៈរបស់ប្រជាជនកម្ពុជា។
៤៖ ប្តេជ្ញា! ប្រឆាំងយ៉ាងដាច់អហង្កា ចំពោះក្រុមឧទ្ទាមក្រៅច្បាប់ ក្រោមរូបភាពចលនាសង្គ្រោះជាតិ ដែលប៉ុនប៉ងបង្កអស្ថេរភាពនយោបាយ សុខសន្តិភាព លិទ្ធិប្រជាធិបតេត្យ និងដំណើរការនៃកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចស្គម។
៥៖ បេជ្ញា! ទៅបោះឆ្នោត និងទាក់ទាញការគាំទ្រពីក្រុមគ្រួសារ សាច់ញ្ញាតិ ដើម្បីទៅបោះឆ្នោត និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ៕