(សៀមរាប)​៖ ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងបុគ្គលិក នៃក្រុមហ៊ុនចម្រុះសិប្បករអង្គរ (Artisans Angkor) នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨នេះ លោក សុខ សង្វារ ក្នុងនាមជាប្រធានក្រុមប្រឹក្សាភិបាល បានប្រាប់​អំពីសារសំខាន់ នៃការទៅបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ អាណត្តិទី៦ នាថ្ងៃទី២៩ ខែកក្កដា​ខាងមុខនេះ។

ក្នុងជំនួបជាមួយក្រុមសិប្បករ សិប្បការិនីប្រមាណជិត ១,០០០នាក់ លោក សុខ សង្វារ បាន​ថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងសិប្បករ និយោជិតគ្រប់រូប នៃក្រុមហ៊ុនដែលមានឆន្ទៈ និងការប្តេជ្ញាចិត្តមុតមាំបំពេញការងារ និងផលិតនូវសិប្បកម្មខ្មែរដ៏ល្អប្រណីត ដែលជាការរួមចំណែកក្នុងការផ្សព្វផ្សាយ និងលើកស្ទួយសិល្បៈខ្មែរលើឆាកអន្តរជាតិ ដែលនេះជាការរួមចំណែកដ៏សំខាន់ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិរក្ស និងលើកតម្លៃវប្បធម៌ ឲ្យបានគង់វង្សយូរអង្វែង។

លោក សុខ សង្វារ ក៏បានបញ្ជាក់ នូវគណបក្សនយោបាយដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងការដឹកនាំប្រទេសជាតិ នោះគឺគណបក្សដែលមានសមត្ថភាព រក្សានូវសន្តិភាព និងមានធនធានមនុស្សគ្រប់គ្រាន់ ក្នុងការអភិវឌ្ឍជាតិគ្រប់វិស័យទាំងអស់។

លោកបានក្រើនរំលឹកបុគ្គលិកទាំងអស់ ឲ្យត្រៀមឯកសារពាក់ព័ន្ធ​ការបោះឆ្នោត និងទៅបោះឆ្នោតឲ្យបានគ្រប់គ្នា ជាពិសេស​គឺ​បោះឆ្នោតជូនគណបក្សដែលមានសមត្ថភាព ហ៊ានថា ហ៊ានធ្វើ ដើម្បីបុព្វហេតុនៃការរក្សាសន្តិភាព និងការអភិវឌ្ឍជាតិពិតប្រាកដ។

សូមបញ្ជាក់ថា Artisans Angkor ជាក្រុមហ៊ុនដែលមានបេសកកម្ម ផ្តោតការងារសំខាន់លើការផលិតនូវសិប្បកម្មខ្មែរគ្រប់ប្រភេទដូចជា ចម្លាក់ថ្ម ចម្លាក់ឈើ ត្បាញសូត្រ និងក្រមាជាដើម ហើយតាមរយៈផលិតផលទាំងនេះ ភ្ញៀវទេសចរបរទេសជាច្រើនបានស្គាល់ និងកោតសរសើរនូវកេរ្ដិ៍ដំណែលវប្បធម៌ខ្មែរ ជាហូរហែជាប់មិនដាច់៕ ​