(ភ្នំពេញ)៖ ស្ថានីយទូរទស្សន៍ កងយោធពលខេមរភូមិន្ទ ប៉ុស្ដិ៍លេខ៥ បានរៀបពិធីក្រុងពាលី ថតភាពយន្តភាគថ្មី រឿង «កញ្ញាជើងខ្លាំង» នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨នេះ នៅឯសណ្ឋាគារសូហ្វីតែភ្នំពេញ ដោយទាំងតារាសម្ដែង និងផលិតករ ​មានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែក្នុងពិធីនេះ មានការបង្ហាញខ្លួន ដោយឯកអគ្គរាជទូតថៃប្រចាំនៅកម្ពុជា លោក ប៉ានីយ៉ារ៉ាក់ ពូលធុប ​និងលោក Nuttavudh Photisaro អតីតឯកអគ្គរាជទូតថៃប្រចាំនៅកម្ពុជា ដែលនេះជាវត្តមានដ៏កម្រ សម្រាប់ពិធី ដែលគ្រាន់តែក្រុងពាលីរឿងសាមញ្ញៗ ធម្មតាប៉ុណ្ណោះ។

តំណាងស្ថានីយទូរទស្សន៍ ប៉ុស្ដិ៍លេខ៥ បានថ្លែងឲ្យដឹងថា ​​លោក ប៉ានីយ៉ារ៉ាក់ ពូលធុប ឯកអគ្គរាជទូតថៃប្រចាំនៅកម្ពុជា និងឯកអគ្គរាជចាស់ Nuttavudh Photisaro ដែលបានបង្ហាញវត្តមានចូលរួមក្នុងកម្មវិធី ក្រុងពាលីថតរឿងថ្មីនៅពេលនេះ គឺលោកទាំងពីរចង់ចូលរួមលើកកម្ពស់ ការផលិតភាពយន្តខ្មែរ របស់ប៉ុស្ដិ៍លេខ៥ ឲ្យមានស្ដង់ដា និងជឿនលឿនដូចជានៅក្នុងប្រទេសថៃ ទើបសម្រេចចិត្តមកចូលរួម ហើយជួយកែលម្អចំណុចខ្វះចន្លោះ ក៏ដូចជាដើម្បីលើកទឹកចិត្ត ដល់តារាសិល្បៈខ្មែរផងដែរ។

តំណាងនៅប៉ុស្ដិ៍លេខ៥ ដដែលបានអះអាងបន្តទៀតថា ពិធីក្រុងពាលីថតរឿងលើកនេះ ប៉ុស្ដិ៍លេខបានទទួលកិត្តិយសពីទូតប្រទេសថៃ ដោយត្រូវបានឯកអគ្គរាជទូតថ្មីរបស់ថៃ ដែលទើបកាន់តំណែងបានប្រមាណ៥ខែ មកចូលរួមអបអរ ដើម្បីបានស្គាល់ពីទម្រង់នៃការផលិតរឿងភាគរបស់ខ្មែរ ប្រចាំនៅប៉ុស្ដិ៍លេខ៥​។ ម្យ៉ាងទៀត ហេតុផលដែលតំណាងជាន់ខ្ពស់ របស់ស្ថានទូតថៃ មកដល់ពិធីនេះ គឺដើម្បីជំរុញឲ្យផលិតករថៃ ដែលជាអ្នកដឹកនាំ និងផលិតភាពយន្តប្រចាំប៉ុស្ដិ៍លេខ៥ ជាពិសេសគឺរឿង «កញ្ញាជើងខ្លាំង​» ដែលទើបក្រុងពាលី ឲ្យប្រឹងប្រែងផលិតឲ្យបានល្អ ដើម្បីបម្រើដល់អារម្មណ៍របស់អ្នកទស្សនា ឲ្យពេញចិត្តពេញថ្លើម។

​សូមបញ្ជាក់ថា រឿង «​កញ្ញា​ជើង​ខ្លាំង » មាន​ចំនួន​ជាង ៣០ ភាគ ដែល​ត្រូវ​ចំណាយពេល វេលា​ថត​រហូតដល់​ទៅ​ជាង​បី​ខែ ក្នុង​រឿងនេះ​ដែរ​ គឺ​បង្កប់​ទៅដោយ​ការអប់រំ និង លើកស្ទួយ​នូវ​វប្បធម៌​ខ្មែរ ជាពិសេស ខាង​ទូរទស្សន៍​មិន​ខ្វល់​ថា តួអង្គ​សម្តែង​នៅក្នុង​រឿងនេះ​ជា​តួអង្គ​ថ្មី ដែល​មិនសូវ​មានឈ្មោះ​ល្បី អ្វីដែល​សំខាន់​ គឺ​តួឯក​ប្រុស​ស្រី​ទាំងពីរ​រូបនេះ ​ត្រូវបាន​ជ្រើសរើស​យ៉ាង​សម្រិតសម្រាំង​បំផុត មុននឹង​យកមក​សម្តែង ពួកគេ​ពិតជា​មាន​ទេ​កោសល្យ​សម្តែង​ល្អ និង​ធ្វើឲ្យ​អ្នកដឹកនាំ​ពេញចិត្ត ស្នាដៃ​ទាំងនេះហើយ​ដែល​យើង​ទុកចិត្ត ដោយ​សង្ឃឹមថា​ ស្នាដៃ​ថ្មី នេះ​នឹង​ទទួលបាន​ការគាំទ្រ​ខ្លាំង​ នៅពេលដែល​ដាក់​បញ្ចាំង​។

​សម្រាប់​តួអង្គ​សម្តែង​​ នៅក្នុង​រឿង «​កញ្ញា​ជើង​ខ្លាំង » រួមមាន កញ្ញា ស៊ិ​ម ស្រី​និ​ច សម្តែង​ជា​តួ​ស្រី​កូនអ្នកក្រ​ ដែលមាន​ចរិត​កាច​ឆ្នាស់ឆ្នើម មានចិត្ត​រឹងមាំ និង​ក្លាហាន។ ចំណែក​តួឯក​ប្រុស​វិញ​ គឺ​សម្តែង​ដោយ​លោក សុខ សាន់​នី ដែលមាន​ចរិតអាក្រក់ តែ​ចិត្តល្អ ក្រៅពីនេះ​មាន​តារា​ថ្មីៗ​ជាច្រើន​ទៀត ​ចូលរួម​ដូចជា អ្នកនាង ឌី លី​ណា , កុមារី អាំង សុជាតា, លោក ឧ​ត្ត​ម , ចេនឡា , ប្រ​សិ​ដ្ឋ និងតារាល្បីៗជាច្រើនទៀត៕ ​​