(ព្រះវិហារ)៖ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨នេះ បានធ្វើការត្រួតពិនិត្យការងារហ្វឹកហ្វឺន ព្រមទាំងបានដាក់ផែនការដល់កងកម្លាំងទាំងអស់ ត្រូវយកចិត្តទុកដាក់ការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងថ្ងៃបោះឆ្នោត និងក្រោយថ្ងៃបោះឆ្នោត ធ្វើយ៉ាងណាត្រូវត្រៀមអន្តរាគមន៍ឲ្យទាន់ពេលវេលា នូវរាល់សភាពណាមួយកើតឡើងជាយថាហេតុ។
លោកឧត្តមសេនីយ៍ត្រី កង សៅគុណ បានលើកឡើងថា គិតត្រឹមថ្ងៃនេះ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៃរដ្ឋសភា គឺកាន់តែខិតចូលមកដល់ហើយ ពោលគឺនៅសល់តែរយៈពេល ៤ថ្ងៃទៀតប៉ុណ្ណោះ។ ហេតុនេះហើយទើបលោកបានប្រាប់ឲ្យកងកម្លាំងកងរាជអាវុធហត្ថខេត្តទាំងអស់ ពិសេសកងកម្លាំងដែលបានឆ្លងកាត់ការហ្វឹកហ្វឺនកន្លងមក ត្រូវយកចិត្តទុកដាក់ក្នុងកិច្ចការការពារសន្តិសុខ សណ្តាប់ធ្នាប់ នៅក្នុងថ្ងៃបោះឆ្នោតខាងមុខនេះឲ្យបានល្អ។
លោកបានលើកឡើងទៀតថា «ការបោះឆ្នោតប្រកបដោយភាពរលូន និងភាពស្ងប់ស្ងាត់ ជួនដល់បណ្ដាលគណបក្សនយោបាយដែលចូលរួមប្រកួតប្រជែង ឲ្យទទួលយកបាន។ ភារកិច្ចរបស់យើងក្នុងនាមជាកងកម្លាំងប្រដាប់អាវុធ មិនមែនតែការពារការបោះឆ្នោតមួយមុខនោះទេ គឺយើងត្រូវការពារកន្លែងរាប់សន្លឹកឆ្នោត ការពារការដឹកជញ្ជូនហិបឆ្នោតជាដើម ដែលចំណុចនេះ ទើបកងកម្លាំងទាំងអស់ត្រូវមានការប្រុងប្រយត្ន័ជាប់ជានិច្ច»៕