(រតនគិរី)៖ លោក លី ធុជ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តរតនគិរី បានថ្លែងថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រាជរដ្ឋាភិបាលសម្រេចបានសម្មិទ្ធផលយ៉ាងធំធេងជូនជាតិ និងប្រជាពលរដ្ឋ ដែលបានប្រែក្លាយជីវភាពប្រជាពលរដ្ឋមានការប្រែប្រួលយ៉ាងលឿន ពីមួយឆ្នាំទៅមួយឆ្នាំ។
បើតាមលោកទេសរដ្ឋមន្រ្តី សម្តេចតេជោ ហ៊ុន សែន បានយកអាយុជីវិតរបស់សម្តេច ទៅប្តូរយកសន្តិភាពជូនជាតិមាតុភូមិ ហើយសម្តេចមិនខ្លាចការនឿយហត់ទេ សំខាន់ប្រទេសកម្ពុជាមានឯករាជ សន្តិភាព ប្រជាធិបតេយ្យ ការអភិវឌ្ឍ និងប្រជាពលរដ្ឋរស់នៅមានសុខដុមរមនា។
ការរីកចំរើននេះបានរីកសុះភាយទូទាំងប្រទេសនិយាយជារួម និយាយដោយឡែកសម្រាប់ខេត្តរតនគិរីវិញ ក៏មានការរីកចម្រើនលើគ្រប់វិស័យផងដែរ។ ការរីកចម្រើនទាំងអស់នេះ ដោយសាររាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា។
មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា បានថ្លែងបែបនេះ ក្នុងឱកាសដែលគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តរតនគិរី រៀបចំសន្និសីទកាសែតស្តីពីសមិទ្ធផលធំៗ របស់ខេត្ត ក៏ដូចជា របស់រាជរដ្ឋាភិបាលសម្រេចបានក្នុងរយៈពេល៥ឆ្នាំ (២០១៣-២០១៨) នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨នេះ។
សម្រាប់ខេត្តរតនគីរីវិញ លោក លី ធុជ ថ្លែងបន្តថា បច្ចុប្បន្នខេត្តភាគឥសាន្តមួយនេះប្រែមុខមាត់ថ្មីពីមួយថ្ងៃទៅមួយថ្ងៃ ពោលគឺហេដ្ឋារចនាសម្ព័ន្ធជាច្រើនមានការរីកចម្រើនស្អេកស្កះ រួមនឹងខេត្តមានសក្តានុពលដីក្រហមមានជីវជាតិចំពោះដំណាំកសិឧស្សាហកម្ម ត្រូវបានប្រជាពលរដ្ឋក្នុងខេត្តធ្វើការដាំដុះបូករួមនឹងការវិនិយោគលើវិស័យឯកជនជាច្រើន បានធ្វើឲ្យវិស័យកសិកម្មមានការលូតលាស់គួរឲ្យកត់សម្គាល់។ ហើយអ្វីដែលធ្វើឲ្យខេត្តមានមោទនភាពនោះ គឺមានសក្តានុពលវិស័យទេសចរណ៍ធម្មជាតិជាច្រើនកន្លែង ដែលកត្តានេះបានជំរុញឲ្យមានកំណើនសេដ្ឋកិច្ចជូនដល់ប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ។
លោក លី ធុជ បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានកំណត់ចាត់បញ្ចូលតំបន់ភូមិភាគឥសាន្តជាតំបន់ប៉ូលសេដ្ឋកិច្ចទី៤ នៃគោលដៅអភិវឌ្ឍន៍ជាតិរយៈពេលវែង ដូច្នេះខេត្តនៅតំបន់ភូមិភាគឥសាន្តពិតប្រាកដណាស់ថា នឹងមានការរីកចម្រើនយ៉ាងឆាប់រហ័សមិនចាញ់បណ្តាខេត្តផ្សេងនោះទេ។
ទន្ទឹមនោះដែរ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋសូមបន្តគាំទ្របោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំប្រទេសឲ្យមានសុខសន្តិភាព ភាពរុងរឿង និងរីកចម្រើនតទៅមុខទៀត៕