(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ដែលតែងទទួលបានការកោតសរសើរ ពីប្រជាពលរដ្ឋគ្រប់ច្រកល្ហកក្នុងរាជធានីនោះ បានប្រកាសថា បើសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា មិនយកជីវិតធ្វើដើមទុនទៅប្ដូរយកសុខសន្តិភាពជូនប្រជាពលរដ្ឋនោះទេ ប្រជាពលរដ្ឋក៏គ្មានឱកាសបានរស់នៅ និងប្រកបអាជីវកម្មសុខស្រួលដូចបច្ចុប្បន្ននេះឡើយ។
ការថ្លែងបែបនេះរបស់លោកអភិបាល ឃួង ស្រេង ត្រូវបានបន្លឺឡើងក្នុងពិធីប្រគល់វិញ្ញាបនបត្រមូលដ្ឋាន សម្រាប់អ្នកឱសថតាមឱសថស្ថានក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ នៅសាលមហោស្រពចេនឡា។
ក្នុងឱកាសនោះ លោក ឃួង ស្រេង បានរំឭកពីប្រវត្តិតស៊ូរបស់សម្តេចតេជោ ហ៊ុន សែន, សម្ដេច ហេង សំរិន, សម្ដេច ជា ស៊ីម និងថ្នាក់ដឹកនាំដទៃទៀតរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការរំដោះប្រជាពលរដ្ឋពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងភ្លើងសង្គ្រាម ហើយបាននាំប្រជាពលរដ្ឋឱ្យស្គាល់នូវអ្វីដែលជាសន្តិភាព រហូតអភិវឌ្ឍន៍លើកស្ទួយកម្ពុជាឱ្យមានភាពរីកចម្រើន ស្មើមុខស្មើមាត់ជាមួយអន្តរជាតិ។
លោកបានបញ្ជាក់ថា ព្រឹត្តិការណ៍ដែលកើតឡើងក្នុងពេល និងក្រោយការដួលរលំនៃរបបខ្មែរក្រហម រហូតដល់កម្ពុជាមានការរីកចម្រើនដូចបច្ចុប្បន្ននេះ គឺជាសច្ចភាពប្រវត្តិសាស្ត្ររបស់កម្ពុជា ដែលគណបក្សប្រជាជនកម្ពុជា បានលះបង់តស៊ូដើម្បីប្រជាពលរដ្ឋ និងកំពុងតែបន្តខិតខំដឹកនាំនាវាកម្ពុជាលយឆ្ពោះទៅរកភាពរីកចម្រើនបន្ថែមទៀត ក្នុងនោះវិស័យសុខាភិបាល ការប្រកបរបរអាជីវកម្ម និងការរស់នៅរបស់ប្រជាពលរដ្ឋ ក៏ត្រូវបានយកចិត្តទុកដាក់ផងដែរ។
គួរបញ្ជាក់ថា អ្នកឱសថតាមឱសថស្ថានក្នុងរាជធានីភ្នំពេញ ដែលទទួលបានវិញ្ញាបនបត្រមូលដ្ឋាននាថ្ងៃនេះ មានចំនួន៧០៣នាក់ ដែលសុទ្ធសឹងតែជាសមាជិករបស់សមាគមអ្នកលក់ឱសថកម្ពុជា។
ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន លោក ឡី សុភាព ប្រធានសមាគមអ្នកលក់ឱសថកម្ពុជា និងជាប្រធាននាយកប្រតិបត្តិនៃសមាគមសហព័ន្ធវិនិយោគិន បានឱ្យដឹងថា ការដែលសមាគមអ្នកលក់ឱសថកម្ពុជា ប្រឹងប្រែងកៀរគរ និងផ្ដល់ការបណ្ដុះបណ្ដាលដល់ឱសថការីយ៉ាងដូច្នេះ គឺដើម្បីឱ្យពួកគាត់យល់ដឹងពីការងារមួយចំនួន ដូចជា៖
* ឱ្យយល់ពីអង្គច្បាប់ ការទុកដាក់ និងការប្រើប្រាសឱសថវេជ្ជសាស្ត្រ។
* ឱ្យបានយល់ពីវេជ្ជសាស្ត្រ និងឱសថសាស្ត្រឱ្យបានច្បាស់។
* ឱ្យយល់ពីការស្នើសុំចុះបញ្ជិការ និងផ្សព្វផ្សាយឱ្យគាត់បានយល់គោលនយោបាយរបស់រាជរដ្ឋាភិបាល។
ចំពោះការបើកអាជីវកម្មលក់ឱសថនៅក្នុងរាជធានីភ្នំពេញ លោកបានសម្លឹងឃើញថា មានមួយមូលដ្ឋានអាជីវកម្មចំនួនគ្មានច្បាប់ តែមួយចំនួនក៏មានច្បាប់អនុញ្ញាតត្រឹមត្រូវដែរ ដូច្នេះហើយបានជាសមាគមអ្នកលក់ឱសថកម្ពុជា ប្រឹងប្រែងជំរុញ និងបញ្ជ្រាបការយល់ដឹងក្នុងកម្មវិធីបណ្ដុះបណ្ដាល ថាតើពួកគាត់គួរទៅសុំច្បាប់នៅកន្លែងណា អនុវត្តតាមច្បាប់ដោយរបៀបណា។
លោកថា ក្នុងពេលបច្ចុប្បន្ននៅតែមានឱសថក្លែងក្លាយមួយចំនួនដែរ ប៉ុន្តែសមាគមក៏កំពុងតែទប់ស្កាត់យ៉ាងផុសផុល ដើម្បីលុបបំផុតការលក់ដូរ និងប្រើប្រាស់ឱសថក្លែងក្លាយ ឬឱសថហួសកាលបរិច្ឆេទប្រើប្រាស់។
លោកបានអះអាងថា ក្រោយពីការបណ្ដុះបណ្ដាលចប់ គិលានុបដ្ឋាក គូពេទ្យ ឱសថការី ទន្តពេទ្យ ពេទ្យឆ្មបទាំងនោះ បានផ្លាស់ប្ដូរនូវឥរិយាបថរបស់ខ្លួនមួយចំនួន៖
* ពីការមិនយល់ពីការទុកដាក់ និងប្រើប្រាស់ឱសថ មកយល់ដឹងអំពីការទុកដាក់ និងប្រើប្រាស់ឱសថបានយ៉ាងត្រឹមត្រូវ និងមានសុវត្ថិភាព។
* ពីការមិនដែលយល់ដឹងពីការថែទាំសុខភាព មកមានការយល់ដឹងពីការថែទាំសុខភាពបានល្អជាងមុន។
* ពីការមិនចេះមើល និងអនុវត្តតាមវេជ្ជបញ្ជា មកចេះមើល និងអនុវត្តតាមវេជ្ជបញ្ជា។
* ពីការមិនធ្លាប់យល់ដឹងពាក់ព័ន្ធនឹងការស្នើសុំច្បាប់ និងអនុវត្តតាមនីតិវិធីច្បាប់ គតិយុត្ត មកមានការយល់ដឹងច្រើនជាងមុនអំពីការស្នើសុំ និងអនុវត្តតាមនីតិវិធីច្បាប់ ឬគតិយុត្តនានា។
* ពីការមិនចេះមើលឱសថដែលមានគុណភាព ក្លែងក្លាយ ឬហួសសុពលភាព មកមានការយល់ដឹង និងចេះមើលឱសថដែលមានគុណភាព ក្លែងក្លាយ ឬហួសសុពលភាពបានយ៉ាងច្បាស់លាស់។ ដូច្នេះក្រោយឆ្លងកាត់ការបណ្ដុះបណ្ដាល សិក្ខាកាមដែលជាគិលានុបដ្ឋាក គូពេទ្យ ឱសថការី ទន្តពេទ្យ ពេទ្យឆ្មប ទទួលបានផលចំណេញច្រើនពីការយល់ដឹងនានាទាំងផ្នែកច្បាប់ និងផ្នែកវេជ្ជសាស្ត្រ៕