(កំពង់ចាម)៖ កម្លាំងអន្ដរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨នេះ បានប្រមូលផ្ដុំគ្នាដើម្បីរំលឹក និងពង្រឹងសមត្ថភាពឡើងវិញ ដើម្បីត្រៀមបង្ក្រាបរាល់សកម្មភាពទាំងឡាយណា ដែលមានបំណងចង់បំផ្លិតបំផ្លាញដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ ដែលនឹងធ្វើឡើងនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ។
ជាក់ស្ដែងនៅព្រឹកមិញនេះ កងអន្តរាគមន៍ពិសេស១២០នាក់ និងកងអន្តរាគមន៍ជំនួយ១២០នាក់ សរុប២៤០នាក់ បានបន្ដការហ្វឹកហាត់ រំលឹកមេរៀនលើទីលានជាក់ស្ដែង ដោយប្រើប្រាស់កម្លាំងទាំងមូល រួមមាន បច្ចេកទេសប្រើប្រាស់អាវុធ Land ផ្សែង, របៀបគប់គ្រាប់បែកផ្សែង, រូបភាពទប់ស្កាត់ហ្វូងបាតុករ, ការប្រើប្រាស់គ្រាប់បំពងសម្លេងចាប់មុខសញ្ញា
និងការប្រើប្រាស់ឡានទឹក ក្នុងនោះមានឡានទឹក២គ្រឿង និងឡានពេទ្យសម្រាប់អម១គ្រឿងផងដែរ។
ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយទោ ឯម កុសល បានឲ្យដឹងថា ការរំលឹកមេរៀនឡើងវិញនេះ ពាក់ព័ន្ធការងារពង្រឹងសមត្ថភាពកងកម្លាំង ដែលបានបំប៉នការងារជំនាញនាពេលកន្លងទៅ ដើម្បីការពារសន្ដិសណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម និងបង្ក្រាបបទល្មើសគ្រប់ប្រភេទក្នុងមូលដ្ឋាន តាមបទបញ្ជារបស់ប្រមុខនៃរាជរដ្ឋាភិបាល, ក្រសួងមហាផ្ទៃ, អគ្គស្នងការដ្ឋាននគរបាលជាតិ និងគណៈបញ្ជាការឯកភាពខេត្ត។
បើតាមលោកឧត្តមសេនីយ៍ស្នងការ កងកម្លាំងអន្ដរាគមន៍ពិសេសនេះ បានខិតខំយកចិត្ដទុកដាក់ បង្ការ បង្ក្រាបបទល្មើសគ្រប់ប្រភេទ នៅក្នុងមូលដ្ឋានឲ្យទទួលបានបរិយាកាសល្អ ដើម្បីបម្រើឲ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ បានប្រព្រឹត្តទៅដោយរលូនគ្មានការរំខាន។
លោកឧត្តមសេនីយ៍ទោ ឯម កុសល បានគូសបញ្ជាក់ថា គ្រូដែលមកហ្វឹកហ្វឺននេះ គឺមកពីអគ្គស្នងការដ្ឋាននគរបាលជាតិ តាមការស្នើសុំរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដូច្នេះទើបនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោកបានចាត់បញ្ជូនមកតែម្ដង។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ស្នងការ បានផ្តាំផ្ញើដល់កងកម្លាំងដែលជាកម្លាំងរបស់រាជរដ្ឋាភិបាល ក៏ដូចជាប្រជាពលរដ្ឋគ្រប់រូប ត្រូវត្រៀមឯកសារពាក់ព័ន្ធ ការបោះឆ្នោតត្រូវតែចូលរួមទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា និងជំរុញផ្សព្វផ្សាយដល់ក្រុមគ្រួសារឲ្យចូលរួមបោះឆ្នោត ព្រោះជាកាតព្វកិច្ចរបស់ពលរដ្ឋ ដើម្បីជ្រើសរើសថ្នាក់ដឹកនាំប្រទេសជាតិ ឲ្យមានការរីកចម្រើន សន្តិភាព សុវត្ថិភាព ស្ថេរភាព តាមបែបលទ្ធិប្រជាធិបតេយ្យ។
សូមជម្រាបថា ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានត្រៀមសម្រាប់រក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ សម្រាប់ដំណើរការបោះឆ្នោតនេះ មានចំនួន៤,០២៨នាក់ ដោយមានទាំងកម្លាំងត្រៀមអន្ដរាគមន៍២៤ម៉ោង លើ២៤ម៉ោង និងកម្លាំងដែលរៀបចំតាមផែនការ៕