Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ ការអំពាវនាវរបស់ស្ថានទូតអាមេរិកឱ្យពលរដ្ឋខ្លួនប្រុងប្រយ័ត្ន ក្នុងថ្ងៃបោះឆ្នោតនៅកម្ពុជា គឺជាការរអៀសខ្លួន ប៉ុន្តែគ្មានបញ្ហាអ្វីកើតឡើងទេ (video inside)

25-07-2018 13:19

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានអះអាងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨នេះថា ការអំពាវនាវរបស់ស្ថានទូតអាមេរិក ឱ្យពលរដ្ឋខ្លួនមានការប្រុងប្រយ័ត្ន ក្នុងថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ នៅកម្ពុជា គឺជាការរអៀសខ្លួន-ខ្លួនឯងតែប៉ុណ្ណោះ ប៉ុន្តែជាក់ស្តែងនឹងមិនមានបញ្ហាអ្វីកើតឡើងទេ។

ការចេញមុខបកស្រាយរបស់ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានធ្វើឡើងបន្ទាប់ពីស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានចេញសេចក្ដីជូនដំណឹង​មួយ ដល់​ពលរដ្ឋ​អាមេរិក​ដែល​កំពុង​រស់នៅ​ និងធ្វើដំណើរទេសចរមកប្រទេស​កម្ពុជា ឱ្យមាន​ការប្រុងប្រយ័ត្ន​ចំពោះ​សុវត្ថិភាព ​និង​សន្តិសុខ​ផ្ទាល់ខ្លួន ក្នុងអំឡុងពេល​នៃ​ការ​បោះឆ្នោត​ជាតិ​ជ្រើសតាំងតំណាងរាស្រ្ត នៅ​ថ្ងៃអាទិត្យ​ទី​២៩ ខែ​កក្កដា ឆ្នាំ២០១៨ ​ខាងមុខនេះ។

ស្ថានទូតអាមេរិកបានបញ្ជាក់ថា ការ​បោះឆ្នោត​ជាតិ​ជ្រើសរើស​តំណាងរាស្ត្រ​ខាងមុខនេះ អាច​មាន​ការ​ជួប​ប្រមូល​ផ្តុំ​ផ្នែក​ន​យាយ​បាយ ការ​ប្រឆាំង​តវ៉ា ឬ​ការ​ចល័ត​កម្លាំង​សន្តិសុខ។ ទោះបី​កន្លង​មក​ថ្មីៗ​នេះការ​ប្រមូល​ផ្តុំ​ផ្នែក​នយោបាយ​ភាគច្រើន​ពុំ​មាន​អំពើ​ហិង្សា​យាង​ណា​ក្តី ប៉ុន្តែ​ការ​ធ្វើ​បាតុកម្ម ឬ​ការ​ប្រមូលផ្តុំ​ផ្សេងៗ អាច​មានការ​ប្រឈម​ដាក់គ្នា​ដោយ​មិន​មាន​សញ្ញា​ព្រមាន​ទុកជាមុន​ឡើយ។

លោក ខៀវ សុភ័គ បានបញ្ជាក់ឆ្លើយតបវិញយ៉ាងដូច្នេះថា៖ «ដោយសារតែយើងដឹងហើយថា អាមេរិកធ្វើឱ្យមនុស្សមួយចំនួនមិនសូវស្រលាញ់ដូចសម្តេចតេជោ នាយករដ្ឋមន្រ្តី មានប្រសាសន៍អញ្ចឹង។ ដូច្នេះការអំពាវនាវឱ្យពលរដ្ឋគាត់ប្រុងប្រយ័ត្នវាជារឿងធម្មតាទេ សម្រាប់ពលរដ្ឋអាមេរិក ព្រោះគាត់បានសាងអំពើបាបជាច្រើន នៅបណ្តាប្រទេសមួយចំនួន ដូចជានៅអឺរ៉ាក នៅស៊ីរីជាដើម ប៉ុន្តែចំពោះកម្ពុជា គ្មានបញ្ហាអ្វីកើតឡើងទេ សូមឱ្យគាត់ទុកចិត្តចុះ ព្រោះយើងមិនមានសត្រូវជាមួយនរណាទេ»។

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានព្រមានថា ទោះជាយ៉ាងនេះក្តី ចំពោះការងារសន្តិសុខនៅកម្ពុជា សមត្ថកិច្ចទាំងអស់មិនប្រហែសនោះទេ។ សមត្ថកិច្ចកម្ពុជា និងប្រជាជនកម្ពុជា នៅតែការពារពលរដ្ឋអាមេរិក។ ប៉ុន្តែអាមេរិកដូចជាមានខ្លួនពេក ហើយភ័យភ្នែកសជាងគេផងដែរ។

សូមបញ្ជាក់ថា បើតាម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរងនគរបាលជាតិ, រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមកម្លាំងសមត្ថកិច្ចចម្រុះ ប្រមាណ១០ម៉ឺននាក់ឯណោះ ដើម្បីការពារសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ សម្រាប់​ការបោះឆ្នោតជ្រើសតាំង តំណាងរាស្ដ្រ នីតិកាលទី៦ ខាងមុខនេះ ក្នុងនោះមានទាំងកម្លាំងនគរបាលជាតិ កម្លាំងកងយោធពលខេមរភូមិន្ទ និងកម្លាំងកងរាជអាវុធហត្ថ ​រួមទាំងមានកម្លាំងប្រជាការពារថែមទៀត៕