(ភ្នំពេញ)៖ ទឹក មានសារៈសំខាន់ណាស់ សម្រាប់ជីវិតមនុស្ស សត្វ និងរុក្ខជាតិ។ ដើម្បីលើកស្ទួយសុខុមាលភាព របស់ប្រជាជពលរដ្ឋ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយ «ទឹក» ជាគោលនយោបាយអាទិភាពសំខាន់ជាងគេ ក្នុងចំណោមគោលនយោបាយទាំង៤ របស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្រប្រជាជនកម្ពុជា។
ឆ្លើយតបនឹងកំណើនសេដ្ឋកិច្ច និងតម្រូវការរបស់ប្រជាពលរដ្ឋកាន់ច្រើនឡើង នៅទីក្រុងភ្នំពេញនោះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលជាក្រុមហ៊ុនចែកចាយទឹកស្អាតរបស់រដ្ឋ និងជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវផែនការយ៉ាងជាក់លាក់ ក្នុងបំពេញតម្រូវការប្រើប្រាស់ទឹកស្អាតរបស់ប្រជាពលរដ្ឋ តាមរយៈការពង្រឹងគុណភាពទឹកស្អាតឲ្យកាន់តែប្រសើរ ពង្រីកបណ្តាញឲ្យកាន់ទូលំទូលាយ។
លោកអ្នកបានប្រើប្រាស់ទឹកស្អាតជារៀងរាល់ថ្ងៃ ប៉ុន្តែលោកអ្នកប្រហែលជាមិនដឹងថា រាជរដ្ឋាភិបាលម្ពុជាបានធ្វើអ្វីខ្លះ ពាក់ព័ន្ធការផ្គត់ផ្គង់ទឹកស្អាតជូនដល់ប្រជាពលរដ្ឋនោះទេស។ ខាងក្រោមនេះ ជាព័ត៌មានចំនួន នៃការអន្តរាគមន៍របស់រាជរដ្ឋាភិបាល ក្នុងជួយដល់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់ទឹកស្អាត៖
១៖ អំពីថ្លៃទឹក
ក៖ ប្រើប្រាស់សម្រាប់ជីវភាពប្រចាំថ្ងៃ (ប្រជាពលរដ្ឋប្រើប្រាស់តាមផ្ទះ)
* មិនលើសពី ០៣ម៉ែត្រគូប ក្នុង១ខែ ពីមុនតម្លៃ៥៥០រៀល/ម៉ែត្រគូប បច្ចុប្បន្នធ្លាក់មកនៅត្រឹមតម្លៃ៤០០រៀល/ម៉ែត្រគូប
* ពី០៤ម៉ែត្រគូប ដល់ ០៧ម៉ែត្រគូប ក្នុង១ខែ ពីមុនតម្លៃ៥៥០រៀល/ម៉ែត្រគូប បច្ចុប្បន្នធ្លាក់មកនៅតម្លៃ៥០០រៀល/ម៉ែត្រគូប
* ពី០៨ម៉ែត្រគូប ដល់ ១៥ម៉ែត្រគូប ក្នុង១ខែ តម្លៃ៧៧០ រៀល/ម៉ែត្រគូប
* ពី១៦ម៉ែត្រគូប ដល់ ៥០ម៉ែត្រគូប ក្នុង១ខែ តម្លៃ១,០១០ រៀល/ម៉ែត្រគូប
* លើសពី៥០ម៉ែត្រគូប ក្នុង១ខែ តម្លៃ១,២៧០ រៀល/ម៉ែត្រគូប
ខ៖ ស្ថាប័នរដ្ឋ និង តំណាងចែកចាយ
* គ្រប់បរិមាណ តម្លៃ១,០៣០រៀល/ម៉ែត្រគូប
គ៖ អាជីវកម្ម សេវាកម្ម ឧស្សាហកម្ម អង្គភាពស្វយ័ត និង អ្នកលក់បន្ត
* មិនលើសពី ១០០ម៉ែត្រគូប ក្នុង១ខែ តម្លៃ៩៥០រៀល/ម៉ែត្រគូប
* ពី១០១ម៉ែត្រគូប ដល់ ២០០ម៉ែត្រគូប ក្នុង១ខែ តម្លៃ១,១៥០រៀល/ម៉ែត្រគូប
* ពី២០១ម៉ែត្រគូប ដល់ ៥០០ម៉ែត្រគូប ក្នុង១ខែ តម្លៃ១,៣៥០ រៀល/ម៉ែត្រគូប
* លើសពី៥០០ម៉ែត្រគូប ក្នុង១ខែ តម្លៃ១,៤៥០រៀល/ម៉ែត្រគូប
២៖ ទឹកស្អាតសម្រាប់ទាំងអស់គ្នា
ក៖ ការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋចំណូលទាប
* ឆ្នាំ១៩៩៩៖ បង់រំលស់ ១០ខែ, ១៥ខែ និង ២០ខែ លើថ្លៃតបណ្តាញ
* ឆ្នាំ២០១៤៖ ឧបត្ថម្ភធន ៣០%, ៥០%, ៧០% និង១០០% ព្រមទាំងអនុញ្ញាតឲ្យបង់រំលស់១២ខែ ឬ១៨ខែ
* សហគមន៍សរុបចំនួន១៤៣ នៅទូទាំងរាជធានីភ្នំពេញ និងទីក្រុងតាខ្មៅ ដែលបានទទួលទឹកស្អាតប្រើប្រាស់ ដោយផ្ទាល់ពីរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។
លិខិតរបស់សាលារាជធានីភ្នំពេញ ចុះថ្ងៃទី២៦-កញ្ញា-២០១៧ ស្នើសុំទិញទឹកស្អាតពីរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក្នុងតម្លៃ៥០០រៀល/ម៉ែត្រគូប សម្រាប់ផ្គត់ផ្គង់ប្រជាពលរដ្ឋនៅតាមសង្កាត់មួយចំនួនក្នុងភូមិសាស្រ្តខណ្ឌពោធិសែនជ័យ តាមរយៈពីបំពង់ចែកចាយរួម (Stand Pipes)។ ឆ្លើយតបនឹងសំណើនេះ ក្រុមប្រឹក្សាភិបាលអាណត្តិទី៦ នាសម័យប្រជុំលើកទី៣ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ បានអនុម័ត-ឯកភាពឱ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញប្រើប្រាស់ថវិកាមូលនិធិសង្គម ដើម្បីប៉ះប៉ូវលើការចំណាយវិស័យផ្គត់ផ្គង់ទឹកស្អាត ជូនប្រជាពលរដ្ឋក្រីក្រ។
* បច្ចុប្បន្ន៖ ៣៤,៥៩០បណ្តាញ ប្រមាណ៩.៨%នៃបណ្តាញអតិថិជនសរុប និងទឹកប្រាក់ឧបត្ថម្ភធន ៦,០៣៧លានរៀល (ប្រហែល១.៥លានដុល្លារ)។
ខ៖ ការផ្គត់ផ្គង់ទឹកស្អាតជូនកម្មករ-កម្មការិនី និងសិស្ស-និស្សិតតាមផ្ទះជួល៖
អនុវត្តតាមគោលនយោបាយ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានធ្វើការ កែសម្រួលថ្លៃលក់ទឹកជូនពួកគាត់ ដូចខាងក្រោម ៖
* ឆ្នាំ២០១៦៖ ឧបត្ថម្ភធនដល់កម្មករ-កម្មការិនី និងសិស្ស-និស្សិតរស់នៅតាមបន្ទប់ជួល ក្នុងតម្លៃ១,០៣០រៀល/ម៉ែត្រគូប លក់ដល់ម្ចាស់ផ្ទះ ហើយម្ចាស់ផ្ទះត្រូវលក់បន្តក្នុងតម្លៃក្រោម ១,២០០រៀល/ម៉ែត្រគូប។
* ចាប់ពីថ្ងៃទី១ កញ្ញា ២០១៧ រហូតមកដល់បច្ចុប្បន្ននេះ៖ អនុវត្តតម្លៃលក់ឲ្យម្ចាស់ផ្ទះ៧០០រៀល/ម៉ែត្រគូប ហើយម្ចាស់ផ្ទះត្រូវលក់បន្ត ៨០០រៀល/ម៉ែត្រគូប។
ជាលទ្ធផល៖ ត្រឹមថ្ងៃទី២៣-កក្កដា-២០១៨ បានចុះកិច្ចសន្យាផ្លាស់ប្តូរតម្លៃថ្មីជាមួយម្ចាស់ផ្ទះចំនួន ៥,៥៨២ផ្ទះ ដែលមានបន្ទប់ជួល ១២២,២៩១បន្ទប់ ត្រូវនឹងជាង៥០ម៉ឺននាក់។
៣៖ អំពីផែនការរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
* ផែនការពង្រីកបំពង់ចែកចាយទឹកប្រចាំឆ្នាំ ប្រមាណ ២០០គីឡូម៉ែត្រ/ឆ្នាំ (បច្ចុប្បន្ន ប្រវែងបំពង់សរុប ២.៩៦៦គីឡូម៉េត្រ គ្របដណ្តប់ជាង៨៥% នៃផ្ទៃដីរាជធានីភ្នំពេញ និងទីក្រុងតាខ្មៅ)។
* ផែនការដាក់បណ្តាញចូលផ្ទះជូនអតិថិជន ប្រមាណ ២២,០០០បណ្តាញ/ឆ្នាំ (បច្ចុប្បន្នអតិថិជន សរុប ៣៥១,៧៣៦បណ្តាញ)។
* សម្រាប់ ៣ឆ្នាំចុងក្រោយ (២០១៥-២០១៧) ការផ្តល់អាទិភាព លើការដាក់បណ្តាញចូលផ្ទះ ជូនប្រជាពលរដ្ឋរស់នៅជាយក្រុង ក្នុងខណ្ឌសែនសុខ ខណ្ឌដង្កោ និងខណ្ឌពោធិ៍សែនជ័យ មានរហូតដល់ទៅជាង ៥៥% នៃបណ្តាញចូលផ្ទះដែលបានដាក់សរុបទាំង៣ឆ្នាំ។
សូមជម្រាបថា ត្រឹមឆ្នាំ២០២៥ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងខិតខំផ្គត់ផ្គង់ទឹកស្អាតឲ្យបានគ្រប់ភូមិ-សង្កាត់នៅទូទាំងរាជធានីភ្នំពេញ និងក្រុងតាខ្មៅស្របតាមផែនការមេ ក្នុងគោលបំណងសម្រេចគោលនយោបាយទឹកស្អាត របស់រាជរដ្ឋាភិបាល ដែលកំណត់ថា «នៅឆ្នាំ២០២៥ ប្រជាពលរដ្ឋនៅតាមទីក្រុង-ទីប្រជុំជនទូទាំងប្រទេសចំនួន៩០% ត្រូវទទួលបានសេវាទឹកស្អាតតាមបំពង់ សម្រាប់ប្រើប្រាស់ និង ១០% ទទួលបានទឹកស្អាតពីប្រភពផ្សេងៗ»៕