(ព្រះវិហារ)៖ រដ្ឋបាលខេត្តព្រះវិហារ បានបើកកិច្ចប្រជុំត្រួតពិនិត្យដាក់ឲ្យដំណើរការអង្គភាពច្រកចេញចូលតែមួយ របស់សាលាខេត្ត នារសៀលថ្ងៃទី២៤ ខែកក្កដាឆ្នាំ២០១៨ ក្រោមវត្តមានលោក អ៊ុន ចាន់ដា អភិបាលខេត្ត និងមានការចូលរួមពីរថ្នាក់ដឹកនាំ មន្រ្តីសាលាខេត្ត មន្ទីរស្ថាប័ននានា មន្រ្តីរាជការ អង្គភាពច្រកចេញ-ចូលមានមន្រ្តីជួរមុខ និងមន្រ្តីជួរក្រោយមកពីមន្ទីរវិស័យនានាជាច្រើនរូបទៀត។
លោកអភិបាលខេត្ត អ៊ុន ចាន់ដា បានឲ្យដឹងថា បន្ទាប់ពីបានអនុវត្តបណ្តោះអាសន្នយន្តការច្រកចេញ-ចូលតែមួយរបស់សាលាខេត្ត មួយរយៈមកនេះ នៅថ្ងៃនេះ រដ្ឋបាលខេត្ត និងថ្នាក់ដឹកនាំមួយចំនួន បានចុះត្រួតពិនិត្យនិងដាក់ឲ្យដំណើរការដោយមានកិច្ចសហការ ជាមួយមន្ទីរជំនាញស្ថាប័នរដ្ឋក្នុងខេត្តចំនួន១០មន្ទីរ ស្ថាប័ន ហើយបានបញ្ជូនមន្រ្តីជួរក្រោយមកពីស្ថាប័ននានានោះ ដើម្បីសហការទ្រទ្រង់ជាមន្រ្តីបច្ចេកទេសលើវិស័យផ្សេងគ្នាមានចំនួន១២វិស័យ ក្នុងនោះ១០វិស័យ ជារបស់មន្ទីរស្ថាប័នរដ្ឋ និង២វិស័យជារបស់សាលាខេត្ត សម្រាប់បម្រើអតិថិជន ដែលមកស្នើសុំសេវារដ្ឋបាល ដោយបានកំណត់ពេលវេលាជាក់លាក់មួយ នៃការផ្តល់សេវាទៅតាមវិស័យផ្សេងៗគ្នាព្រមទាំងបានបង់ប្រាក់តាមតារាងតម្លៃរដ្ឋកំណត់។
លោកអភិបាលខេត្ត បានបន្តថា មុខសេវារដ្ឋបាលដែលរដ្ឋយើងបានកំណត់រួចនោះមានទាំង១0វិស័យគឺ៖ ទី១៖ វិស័យសាធារណៈការនិងដឹកជញ្ជូន, ទី២៖ វិស័យឧស្សាហកម្មនិងសិប្បកម្ម, ទី៣៖ វិស័យបរិស្ថាន, ទី៤៖ វិស័យវប្បធម៌និងវិចិត្រសិល្បៈ, ទី៥៖ វិស័យទេសចរណ៍, ទី៦៖ វិស័យកសិកម្ម រុក្ខាប្រមាញ់និងនេសាទ, ទី៧៖ វិស័យការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ, ទី៨៖ វិស័យពាណិជ្ជកម្ម ទី៩៖ សុខាភិបាល, ទី១០៖ វិស័យរ៉ែនិងថាមពល, ទី១១៖ វិស័យវិស័យនីត្យានុកូលកម្ម(របស់សាលាខេត្ត) និងទី១២៖ វិស័យការងាររដ្ឋបាល(របស់សាលាខេត្ត)។
ក្រៅពីវិស័យទាំង១២នេះ ក៏មានការិយា័យប្រជាពលរដ្ឋមួយ ចាំឃ្លាំមើល និងជួយធ្វើការសម្របសម្រួលក្នុងដែនសមត្ថកិច្ចអង្គភាពខ្លួន ដោយមានផ្នែកទទួលពាក្យបណ្តឹងនិងកិច្ចការរដ្ឋបាល និងផ្នែកច្បាប់និងស៊ើបអង្កេតចាំបម្រើប្រជាពលរដ្ឋផងដែរ។
ការបង្កើតអង្គភាពច្រកចេញ-ចូលតែមួយនេះ ដើម្បីលើកកម្ពស់គោលការណ៍អភិបាលកិច្ចល្អ កែទម្រង់រដ្ឋបាលដោយពង្រីកវិសាលភាព នៃកាផ្តល់សេវាឲ្យទូលំទូលាយតាមរយៈការប្រមូលផ្តុំសេវាទាំងអស់ មកនៅនឹងកន្លែងតែមួយដើម្បីផ្តល់ជូនប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ បង្ខិតរដ្ឋបាលខេត្តឲ្យនៅកៀកជិតនឹងប្រជាពលរដ្ឋ បង្កភាពងាយស្រួលក្នុងការផ្តល់សេវាជូន ប្រជាពលរដ្ឋឲ្យបានឆាប់រហ័សនប្រកបដោយប្រសិទ្ធភាព គុណភាព តម្លាភាព ឆ្លើយតបទាន់ពេលវេលាទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។ កាតបន្ថយអំពើពុករលួយ រាំងស្កាត់ចំពោះមន្រ្តីណាដែលធ្វើប៉ះពាល់សិទ្ធិនិងផលប្រយោជន៍របស់ប្រជាពលរដ្ឋ។ លើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋ ក្នុងការផ្តល់មតិយោបល់ និងការរិះគន់ស្ថាបនាដើម្បីកែលម្អការ អនុវត្តប្រព័ន្ធរដ្ឋបាល។ ពង្រឹងសមត្ថភាពមន្រ្តីសាធារណៈក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋប្រកបដោយភាពស្មោះត្រង់និងការទទួលខុសត្រូវខ្ពស់ផងដែរ។
លោក អ៊ុន ចាន់ដា បានបន្ថែមថា ដើម្បីឲ្យកិច្ចការដំណើរការទៅដោយរលូនបាន គឺមន្រ្តីអង្គភាពច្រកចេញ-ចូលតែមួយទាំងអស់ទាំងជួរមុខនិងជួរក្រោយត្រូវសហការគ្នា ដោយមានការសម្របសម្រួលពីរដ្ឋបាលខេត្តផងនោះ យើងនាំគ្នាបម្រើសេវារដ្ឋបាលជូនប្រជាពលរដ្ឋឲ្យបានល្អចាប់ពីពេលនេះតទៅ។
សូមបញ្ជាក់ថា កាលពីដើមឆ្នាំ២០០៥ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងមហាផ្ទៃ បានបង្កើតការិយាល័យច្រកចេញ-ចូលតែមួយនៅស្រុកចំនួន២ គឺស្រុកបាត់ដំបងខេត្តបាត់ដំបង និងស្រុកសៀមរាប ខេត្តសៀមរាប បានអនុវត្តសាកល្បងការងារនេះប្រកបដោយជោគជ័យ រហូតមានការរីកចម្រើន និងបានឈានទៅបង្កើតអង្គភាច្រកចេញ-ចូលនេះនៅតាមគ្រប់ខេត្ត រាជធានី ក្រុង ស្រុកផងដែរ៕