(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពលោក ឃួង ស្រេង និងនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨នេះ បានបញ្ជាកម្លាំងនគរបាលរបស់រាជធានីភ្នំពេញ ត្រូវតែទប់ស្កាត់ និងបង្ក្រាបរាល់សកម្មភាពទាំងអស់ ដែលចង់បំផ្លាញដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ។
ការដាក់បទបញ្ជាជាថ្មីម្ដងទៀតនេះ ត្រូវបានធ្វើឡើងក្នុងឱកាស លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អញ្ជើញជួបសំណេះសំណាល ជាមួយកងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានបញ្ជាក់ថា កម្លាំងមានសមត្ថកិច្ចរបស់រាជធានីភ្នំពេញជិត៥,០០០នាក់ នឹងដាក់ពង្រាយនៅតាមគោលដៅសំខាន់ៗមួយចំនួន ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សម្រាប់ការបោះឆ្នោត ហើយកងកម្លាំងនគរបាលត្រូវការពារសកម្មភាព ឃោសនាបោះឆ្នោត របស់គណបក្សនយោបាយទាំង២០គណបក្ស ដែលបានឈរឈ្មោះបោះឆ្នោត ក្នុងរាជធានី ភ្នំពេញ រយៈពេល២១ថ្ងៃ។
ការងារបន្ដទៀត ត្រូវប្រមូលផ្តុំកម្លាំងទាំងអស់ការពារគ្រប់ទីស្នាក់ការបោះឆ្នោត គឃ.សប ការិយាល័យបោះឆ្នោត ការរាប់សន្លឹកឆ្នោត ការដឹកជញ្ជូនសម្ភារ ឯកសារបោះឆ្នោត និងកំណត់ហេតុបូកសរុប លទ្ធផល នៃការបោះឆ្នោត តាមការិយាល័យបោះឆ្នោតនីមួយៗ គខ/កប និងគ.ជ.ប។ ប្រមូលផ្តុំកម្លាំងត្រៀមអន្តរាគមន៍ សម្រាប់ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ក្នុងឱកាសមុន ក្នុង និងក្រោយការប្រកាសលទ្ធផល នៃការបោះឆ្នោត ចប់ជាស្ថាបពរ។
នាយឧត្តមសេនីយ៍បញ្ជាក់ថា កម្លាំងការពារយុទ្ធនាការឃោសនាបោះឆ្នោត ប្រើប្រាស់កម្លាំងចំនួន១,២៥៥នាក់។ កម្លាំងការពារ ការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត ចំនួន២,១៣៨ការិយាល័យ លើ២៦៦ទីតាំង ប្រើប្រាស់កម្លាំងចំនួន៤,៥០៥នាក់។ កម្លាំងត្រៀមអន្តរាគមន៍ចល័តការពារភូមិសាស្រ្ត ខាងក្រៅប្រើប្រាស់ កម្លាំងចំនួន៤៨០នាក់។ កម្លាំងការិយាល័យវិទ្យុទាក់ទង ចំនួន២៦៤នាក់ (ស្នងការដ្ឋាន អធិការដ្ឋាន និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០៥)។
នាយឧត្តមសេនីយ៍ ជួន សុវណ្ណ សង្កត់ធ្ងន់ថា កងកម្លាំងទាំងអស់ដែលបានរៀបចំនេះ មានភារកិច្ចបង្ការ ទប់ស្កាត់ និងបង្រ្កាប រាល់ករណី ដែលបង្កឲ្យមានការរាំងស្ទះ ដល់ដំណើរការបោះឆ្នោតជ្រើស តាំងតំណាងរាស្រ្ត នីតិកាលទី៦ និងក្លាយជាកងកម្លាំងរៀបរយមានកងជួរដោយប្រសិទ្ធភាព សម្រាប់ការពារ សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាស មុន ក្នុង និងក្រោយការប្រកាសលទ្ធផលបោះឆ្នោត ជាផ្លូវការ។
បើតាមនាយឧត្តមសេនីយ៍ នៅថ្ងៃទី២៩ ខែកក្កដា គឺជាដំណាក់កាលដ៏មានសារៈសំខាន់បំផុត និងជាព្រឹត្តិការណ៍ប្រវតិ្តសាស្រ្តថ្មីមួយទៀត ដែលរាជធានីភ្នំពេញ ត្រូវធានាឲ្យបានកិច្ចការ ការពារ សន្តិសុខ សណ្តាប់ធ្នាប់សុវត្ថិភាពទាំងស្រុង សម្រាប់ដំណើរការបោះឆ្នោត ឲ្យបានល្អប្រសើរ និងទទួលបានជោគជ័យ តាមការគ្រោងទុក ក្នុងនោះកងកម្លាំង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញទាំងអស់ បានប្តេជ្ញាចិត្តខ្ពស់រួមគ្នាសម្រេចបានការងារការពារ ជាអាទិភាពដូចជា ទប់ស្កាត់ឲ្យបានរាល់អំពើភេរវកម្ម និងការបង្កចលាចលនយោបាយផ្សេងៗ មិនឲ្យកើតមានក្នុងរាជធានីភ្នំពេញ។
អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា កងកម្លាំងត្រូវពង្រឹងគ្រប់វិធានការជំនាញ ដើម្បីបង្ការទប់ស្កាត់រាល់សកម្មភាព របស់ក្រុមភេរវករ ដែលមានឧបាយកលប៉ុនប៉ង ធ្វើសកម្មភាពគំរាមកំហែង ឬធ្វើឃាតថ្នាក់ដឹកនាំជាន់ខ្ពស់ ឥស្សរជនសំខាន់ បេក្ខជន វាគ្មិន ប្រជាពលរដ្ឋ ឬដាក់គ្រឿងផ្ទុះបង្កសំឡេងនៅតាមទីប្រជុំជន សំដៅបង្កឲ្យមានចលាចល ក្នុងរាជធានីភ្នំពេញ ដើម្បីជាឧបសគ្គបំផ្លាញការបោះឆ្នោត។ ទប់ស្កាត់ទាន់ពេលវេលា រាល់សកម្មភាពរបស់ក្រុមប្រឆាំង ក្រុមសម្ព័ន្ធអមិត្ត ទាំងក្នុង និងក្រៅប្រទេសដែលកំពុងខិតខំរិះរកគ្រប់វិធី ដើម្បីញុះញង់បង្កជាឧបសគ្គ ឬឈានទៅបំផ្លាញការបោះឆ្នោត ការបំភិតបំភ័យ ការឃោសនាញុះញង់ឲ្យប្រជាពលរដ្ឋកម្មករ មន្រ្តីរាជការ ធ្វើបាតុកម្ម កូដកម្ម និងការតវ៉ាទាមទារផ្សេងៗ ឬផ្សព្វផ្សាយសង្រ្គាមចិត្តសាស្រ្ត បំប៉ោងសភាពការណ៍មិនពិត ដើម្បីធ្វើឲ្យប្រជាពលរដ្ឋមានភាពស្រពិចស្រពិល ភ័យខ្លាចមិនហ៊ានទៅចូលរួមបោះឆ្នោត ដើម្បីចាត់ការតាមច្បាប់។
ក្នុងឱកាសនោះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់ ក្នុងការរែកពន់ភារកិច្ច និងកសាងនូវគុណសម្បតិ្តជាច្រើន ដើម្បីគ្រប់គ្រងសភាពការណ៍ បញ្ជៀសបាននូវបង្កមហន្តរាយដល់សង្គម។ ថែរក្សាបានយ៉ាងល្អ នូវសន្តិសុខ សុវត្ថិភាព ស្ថិរភាពសង្គម និងការពារសុវត្ថិភាពជូនឥស្សរជនជាន់ខ្ពស់ និងប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ជាពិសេសបានថែរក្សាសណ្តាប់ធ្នាប់ និងបង្កលក្ខណៈងាយស្រួល ដល់គណបក្សនយោបាយ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ក្នុងរយៈកាលកន្លងមកនេះ។
លោកអភិបាលរាជធានី បានបន្តថា ក្នុងនាមប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ និយាយដោយឡែក និយាយជារួមប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា សូមថ្លែងការដឹងគុណដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា មានឧត្តមគតិស្នេហាជាតិ និងមានទស្សនវិស័យច្បាស់លាស់ ក្នុងការការពារ អធិបតេយ្យភាព បូរណភាពទឹកដី ជូនរក្សាបាននូវសុខសន្តិភាពជីជូន ប្រជាពលរដ្ឋ មាតុភូមិ និងធ្វើឲ្យយើងទាំងអស់គ្នា និងប្រកបរបរទទួលទាន ប្រកបដោយភាពសុខដុមរមនា ។
អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា គិតត្រឹមថ្ងៃនេះ គឺនៅសល់តែ៤ថ្ងៃទៀតប៉ុណ្ណោះ នឹងដល់ថ្ងៃបោះឆ្នោត ដែលជាថ្ងៃដែលប្រជាជនយើងទាំងអស់គ្នា ជាជនជាតិខ្មែរ បានអនុវត្តសិទ្ធិរបស់ខ្លួន ជាសិទ្ធិមិនអាចខ្វះបានក្នុងប្រទេសមានលទ្ធិប្រជាធិបតេយ្យ ដែលបង្ហាញយ៉ាងច្បាស់ថា សិទ្ធិបោះឆ្នោត បានវិវឌ្ឍន៍ពីការតស៊ូ និងពលីកម្មសាច់ស្រស់ ឈាមស្រស់។
លោកបន្ថែមថា ការមិនទៅបោះឆ្នោត គឺជាប្រមាថខ្លួនឯង ប្រមាថលើតម្លៃសកល នៃសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបេតយ្យ ដូច្នេះយើងត្រូវតែទៅបោះឆ្នោត ទាំងអស់គ្នា និងបោះឆ្នោតឲ្យចំគោលដៅដើម្បីបន្តនិរន្តរភាព សុខសន្តិភាព និងការអភិវឌ្ឍឲ្យកាន់តែជឿនលឿនទៅមុខថែមទៀត ដើម្បីអនាគតកូនចៅជំនាន់ក្រោយៗទៀត៕