(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការតាមបង្ក្រាបក្រុមចោរប្លន់ប្រដាប់អាវុធ និងលួចម៉ូតូចំនួន១០នាក់ នៅខណ្ឌពោធិ៍សែនជ័យ។
ការបង្ក្រាបនេះ បានធ្វើឡើងក្រោយពីជនសង្ស័យទាំងនេះ បានវាយប្លន់យកម៉ូតូបានសម្រេចនៅយប់ថ្ងៃ២៤ ខែកក្កដា ឆ្នាំ២០១៨ នៅម្តុំក្លឹប spy der ក្នុងសង្កាត់ចោមចៅទី១។ កម្លាំងនគរបាលបានតាមចាប់ខ្លួន ជនសង្ស័យ៥នាក់ រហូតតាមចាប់បាន៥នាក់ទៀត ក្នុងពេលប្រតិបត្តិការតែមួយ ព្រមទាំងបានដកហូតបានស្លាកលេខម៉ូតូបានចំនួន៩ស្លាកលេខផងដែរ។
លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា ជនសង្ស័យទាំង១០នាក់រួមមាន៖
ទី១៖ ឈ្មោះ នុត សិត អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះភូមិទួលពង្រ សង្កាត់ចមចៅ១ ខណ្ឌពោធិ៍សែនជ័យ
ទី២៖ ឈ្មោះ សៀម វណ្ណរី អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ
ទី៣៖ ឈ្មោះ សៀម វណ្ណរ៉ា អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ
ទី៤៖ ឈ្មោះ ម៉ៅ ថែល អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ
ទី៥៖ ឈ្មោះលាប អ៊ីសា អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិត្រពាំងថ្លឹង១ សង្កាត់ចមចៅ១ ខណ្ឌពោធិ៍សែនជ័យ និងជនសង្ស័យលួចម៉ូតូចំនួន៥ នាក់ទៀតមិនទាន់បានស្គាល់ឈ្មោះនៅឡើយទេ។
បច្ចុប្បន្ន ជនសង្ស័យទាំង១០នាក់ ត្រូវបាននាំខ្លួនមកអ្នកជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕