(ភ្នំពេញ)៖ គោលនយោបាយគាំពារសង្គម ត្រូវបានប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន កំពុងតែយកចិត្តទុកដាក់ខ្ពស់បំផុត ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់កងកម្លាំងប្រដាប់អាវុធ មន្ដ្រីរាជការ ប្រតិបត្តិករដោះមីន កម្មករ កម្មការិនី កីឡាករ កីឡាការិនី និងប្រជាពលរដ្ឋក្រីក្រ ងាយរងគ្រោះ។
តាមរយៈគោលនយោបាយគាំពារសង្គមនេះ កងកម្លាំងប្រដាប់អាវុធ មន្ដ្រីរាជការគ្រប់ប្រភេទ កម្មករ កម្មការិនី កីឡាករ កីឡាការិនី ប្រតិបត្តិករដោះមីន និងប្រជាពលរដ្ឋក្រីក្រ ងាយរងគ្រោះ បានទទួលសេវាសុខាភិបាលដោយឥតបង់ថ្លៃ នៅតាមមន្ទីរពេទ្យរដ្ឋទាំងអស់ និងតាមមន្ទីរសម្រាកព្យាបាលមួយចំនួន ដែលមានកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នរដ្ឋ។
រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា តាមរយៈគោលនយោបាយដ៏មានអត្ថប្រយោជន៍ ត្រូវបានសាធារណៈជនសាទរ និងត្រេកអរយ៉ាងខ្លាំង ព្រោះនៅពេលទៅទទួលសេវាព្យាបាលនៅតាមមន្ទីរពេទ្យ កងកម្លាំងប្រដាប់អាវុធ មន្ដ្រីរាជការគ្រប់ប្រភេទ កម្មករ កម្មការិនី កីឡាករ កីឡាការិនី និងប្រតិបត្តិករដោះមីន មិនតម្រូវឲ្យបង់ប្រាក់នោះទេ។
សម្ដេចតេជោ ហ៊ុន សែន ក៏បានព្រងើយកន្ដើយនោះឡើយ ពោលតែងតែតាមដានជាប់ជាប្រចាំចំពោះអ្នកផ្ដល់សេវា និងអ្នកទទួលសេវាទាំងអស់នេះ ដោយសម្ដេចបានធ្វើការផ្ដាំផ្ញើទៅកាន់គ្រូពេទ្យទាំងអស់នៅកម្ពុជា តាមរយៈលោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ឲ្យបង្កើនការយកចិត្តទុកដាក់ ចំពោះអ្នកទទួលសេវា ដោយមិនត្រូវគិតថា មិនអស់ប្រាក់មិនផ្ដល់សេវាល្អនោះទេ និងនិយាយជារួម គ្រូពេទ្យទាំងអស់ត្រូវតែយកចិត្តទុកដាក់ ចំពោះអ្នកជំងឺទាំងអស់ដែលទៅទទួលសេវា។
យ៉ាងណាមិញ ប្រជាជនក្រីក្រ និងងាយរងគ្រោះក៏ទទួលបានការគាំពារក្រោមរូបភាពផ្សេងៗ ក្នុងក្របខ័ណ្ឌនៃការងារគាំពារសង្គម ដូចជា ការបង្កើតមជ្ឈមណ្ឌលកុមារកំព្រា មជ្ឈមណ្ឌលជនពិការ មជ្ឈមណ្ឌលគាំពារសុខភាពមាតា និងទារក ការឧបត្ថម្ភចំពោះប្រជាជនក្រីក្រ ដែលមកសម្រាកព្យាបាល ឬសម្រាលកូន និងការផ្ដល់ការអប់រំតាំងពីកម្រិងបឋមដល់កម្រិងឧត្តមសិក្សាដោយឥតបង់ថ្លៃ។
ក្របខ័ណ្ឌគោលនយោបាយនេះ ដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើនលទ្ធភាពទទួលបានសេវាជំនួយសង្គម និងសន្ដិសុខសង្គម សម្រាប់មន្ដ្រីសាធារណៈ និងវិស័យឯកជន ព្រមទាំងប្រជាជននៃវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ដើម្បីសម្រេចបាននូវស្ថានភាពល្អប្រសើរ ក្នុងការផ្ដល់សេវាគាំពារសង្គម សម្រាប់ប្រជាជនកម្ពុជាំ ដែលឆ្លើយតបចំពោះចក្ខុវិស័យថ្មី នៃប្រព័ន្ធគាំពារសង្គម រាជរដ្ឋាភិបាលនឹងខិតខំបង្កើតកម្មវិធី និងយន្ដការនានា ដើម្បីឈានជាបណ្ដើរៗទៅរកការគ្របដណ្ដប់ដ៏ទូលំទូលាយ។
ដើម្បីធានាភាពជាម្ចាស់លើឯកសារដ៏មានសារៈសំខាន់នេះ ក្របខ័ណ្ឌគោលនយោបាយគាំពារសង្គម ២០១៦-២០២៥ ត្រូវបានរៀបចំក្រោមការដឹកនាំ និងសម្របសម្រួលដោយក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ និងមានការពិគ្រោះយោបល់យ៉ាងទូលំទូលាយរវាងក្រសួង-ស្ថាប័នពាក់ព័ន្ធ។
ជាក់ស្ដែង គោលនយោបាយគាំពារសង្គម ក៏បន្ដនៅដក់ជាប់ក្នុងគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់ការកសាង និងការពារមាតុភូមិ ឆ្នាំ២០១៨-២០២៣ ដោយសម្ដេចតេជោ ហ៊ុន សែន បានប្ដេជ្ញាយ៉ាងម៉ុតមាំថា បន្ដអភិវឌ្ឍន៍ និងពង្រឹងប្រព័ន្ធគាំពារសង្គមប្រកបដោយប្រសិទ្ធភាព និងចីរភាពដែលជួយគាំពារប្រជាជនគ្រប់រូបពីហានិភ័យនានា ដោយមិនទុកឲ្យប្រជាជនណាម្នាក់ ស្ថិតនៅក្រៅប្រព័ន្ធគាំពារសង្គមឡើយ។
ដូច្នេះដើម្បីទទួលបាននូវអ្វីទាំងអស់នេះ សូមបងប្អូនប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ តែមួយថ្ងៃគត់ ដោយចាប់ពីម៉ោង០៧៖០០នាទីព្រឹក ដល់ម៉ោង០៣៖០០នាទីរសៀល៕