(ភ្នំពេញ)៖ លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានចេញលិខិតអំពាវនាវដល់សមាជិក សមាជិកា កម្មករ កម្មការិនី ពលករ ពលការិនី និងជនរួមជាតិទាំងអស់ ឱ្យទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៅថ្ងៃអាទិត្យខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា ដើម្បីជ្រើសរើសមេដឹកនាំដែលខ្លួនពេញចិត្ត តាមបែបប្រជាធិបតេយ្យ។
ការបោះឆ្នោត នឹងធ្វើឡើងតែ១ថ្ងៃគត់ គឺនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ពីម៉ោង៧ព្រឹក ដល់ម៉ោង៣រសៀល។
បើតាមលិខិតអំពាវនាវរបស់សម្ព័ន្ធសហជីពជាតិ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨នេះ បានឲ្យដឹងទៀតថា ដើម្បីសម្រួលដល់ការធ្វើដំណើរទៅបោះឆ្នោត ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានចេញសេចក្តីជូនដំណឹងដល់ម្ចាស់រោងចក្រ សហគ្រាស គ្រឹះស្ថានសិក្សាទាំងអស់ អនុញ្ញាតឲ្យបានឈប់សម្រាកចំនួន ៣ថ្ងៃគឺចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ ដោយរក្សាប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗ ជូនកម្មករនិយោជិតដដែល។
សម្ព័ន្ធសហជីពជាតិ បានចាត់ទុកថា វត្តមាននៃការចូលរួមបោះឆ្នោតរបស់កម្មករនិយោជិត គឺពិតជាមានសារសំខាន់ណាស់ ក្នុងការសម្រេចជ្រើសរើសមេដឹកនាំដែលខ្លួនស្រលាញ់ពេញចិត្ត និងមេដឹកនាំដែលបានគិតគូរអំពីការដំឡើងប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗ គិតគូរអំពីជីវភាព សុខុមាលភាព ក៏ដូចជាលិខិតស្នាក់នៅផ្សេងៗ ចំពោះពលករចំណាកស្រុក រួមទាំងគោលនយោបាយល្អៗជាដើម ដើម្បីបង្កើនទីផ្សារការងារ រក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍជូនប្រទេសជាតិ។
សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ មានគណបក្សនយោបាយចំនួន២០ បានចុះឈ្មោះចូលរួមប្រកួតប្រជែង ប៉ុន្តែទោះជាយ៉ាងនេះក្តី អតីតមេដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិ ដែលតុលាការកាត់ទោសរំលាយចោល កាលពីខែវិច្ឆិកាឆ្នាំមុន ហើយត្រូវបានហាមឃាត់សិទ្ធិធ្វើនយោបាយនោះ បានអំពាវនាវកុំឱ្យប្រជាពលរដ្ឋ ទៅបោះឆ្នោត និងបានបង្កើតសកម្មភាពផ្សេងៗទាំងល្មើសច្បាប់ ដើម្បីរារាំងដល់ការបោះឆ្នោតនេះថែមទៀត៕