(កោះកុង)៖ ប្រជាពលរដ្ឋរស់នៅភូមិបាក់អង្រុត ឃុំដងពែង ខេត្តកោះកុង រាប់រយគ្រួសារ បើទោះនៅពេលនេះ បានទទួលរងគ្រោះដោយសារទឹកជំនន់ក៏ដោយ ក៏នៅតែប្រកាសថា នឹងទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ នឹងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។
ប្រជាពលរដ្ឋទាំងនេះ មានភាពកក់ក្តៅទៅលើថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៅពេលជួបបញ្ហា ថ្នាក់ដឹកនាំក្នុងខេត្ត រាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ ដល់ពួកគាត់តាមមូលដ្ឋានដោយផ្ទាល់ ដោយមិនឱ្យប្រជាពលរដ្ឋណាម្នាក់ អត់បាយស្លាប់នោះឡើយ ទើបពួកគាត់បានប្តេជ្ញាចិត្តថា ទៅបោះឆ្នោតជូនគណបក្សប្រជាជន ដើម្បីឱ្យសម្តេចបានដឹកនាំប្រទេសទៅមុខទៀត ។
ក្រុមប្រជាពលរដ្ឋ បានបញ្ចេញមត្តិបន្តថា ភាពជាក់ស្តែង ដែលពួកគាត់បានជួបប្រទះដូចជា គ្រោះធម្មជាតិទឹកជំនន់នេះ ថ្នាក់ដឹកនាំខេត្ត បានចុះទាំងយប់ឆ្លងកាត់ផ្ទៃមេឃងងឹត ព្យុះភ្លៀង ទឹកហូរគួចខ្លាំងគួរឱ្យភិតភ័យខ្លាច តែអ្វីដែលសំខាន់អាជ្ញាធរមិនរុញរាដកថយឡើយ ស៊ូលំបាកដើម្បីជម្លៀសពួកគាត់ រកទីទួលសុវត្តិភាព ឱ្យផុតពីគ្រោះថ្នាក់នៃជីវិត ដោយមិនប្រកាន់បក្សពួក ឬក៏និន្នាការនយោបាយបក្សណាមួយឡើយ មិនតែប៉ុណ្ណោះ អាជ្ញាធរចុះដល់មូលដ្ឋាន ទីតាំងទឹកជំនន់ភ្លាមៗដោយមិនអែអង់បន្តិចឡើយ។
ពួកគាត់បានបន្តថា មិនត្រឹមតែទឹកជំនន់ទេ ពួកគាត់មានផ្លូវល្អមានសាលារៀន សម្រាប់កូនៗរៀនសូត្រ មានវត្តអារាម ងាយស្រួលណាស់ឥឡូវ ក្នុងការធ្វើដំណើរចេញចូលទៅលំនៅដ្ឋាន ហេតុដូច្នេះពួកគាត់សន្យាថា នឹងទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា មានលេខរៀងទី២០ ដែលប្រព្រឹត្តនៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ
(បោះឆ្នោតជូនសម្តេច ហ៊ុន សែន ដើម្បីសុខសន្តិភាព ស្ថិរភាព និងអភិវឌ្ឍន៍)។
ពួកគាត់មិនឱ្យរបបវាលពិឃាត អត់ឃ្លាន ឪពុកម្តាយមិនស្គាល់កូន កូនមិនស្គាល់ឪពុកម្តាយ បងមិនស្គាល់ប្អូន ប្អូនមិនស្គាល់បង សម្លាប់មនុស្សមិនញញើតដៃ វិលមកវិញឡើយដាច់ខាត។ នៅពេលនេះពួកគាត់មានសេរីភាពពេញលេញ ក្នុងរស់នៅ ដូច្នេះពួកគាត់នឹងនាំគ្នាទៅបោះឆ្នោតជូនគណបក្សប្រជាជន ដោយមិនជឿសម្តីពួកក្បត់ជាតិឡើយ៕