(ភ្នំពេញ)៖ តាមរយៈទំព័រ Facebook ផ្លូវការនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា គណបក្សប្រជាជន មិនមែនចេញមុខតែក្នុងពេលឃោសនាបោះឆ្នោតឡើយ គឺគណបក្សប្រជាជនកម្ពុជា បានចេញមុខគ្រប់ពេល គ្រប់ទីកន្លែងដោយធ្វើអភិវឌ្ឍជាបន្តបន្ទាប់។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «គណបក្សប្រជាជន មិនមែនចេញមុខតែក្នុងពេលឃោសនាបោះឆ្នោតឡើយ គឺគណបក្សយើងបានខិតខំធ្វើ និងកសាងនូវសមិទ្ឋផលជាតិជាច្រើនជារៀងរាល់ថ្ងៃ។
សម្តេចបានបន្តថា ៖ «គណបក្សប្រជាជនកម្ពុជា លេខ២០ គឺជាទីសង្ឃឹម និងទុកចិត្តបំផុតរបស់ពលរដ្ឋខ្មែរគ្រប់ទីកន្លែង។ បងប្អូនប្រជាពលរដ្ឋបានឃើញច្បាស់នូវការរីកចម្រើនពិតប្រាកដរបស់កម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជន»។
សម្តេចបានសន្យា និងប្តេជ្ញាជំរុញការអភិវឌ្ឍប្រទេសកម្ពុជា ឱ្យកាន់តែរីកចម្រើនជឿនលឿនទៅមុខ និងថែរក្សាការពារសុខសន្តិភាពឱ្យខានតែបានស្របតាមបំណងប្រាថ្នារបស់ជនរួមជាតិគ្រប់ៗរូប។ ជាមួយគ្នានេះ សម្តេចក៏បានថ្លែងអំណរគុណ ជនរួមជាតិទូទាំងប្រទេស ដែលនឹងបន្តបោះឆ្នោតគាំទ្រសម្តេច និងគណបក្សប្រជាជនកម្ពុជា លេខរៀងទី២០ នៅថ្ងៃបោះឆ្នោត ២៩ កក្កដា ២០១៨ ខាងមុខនេះ៕