(កំពត)៖ លោក ជាវ តាយ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពត បានលើកឡើងថា មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលជាក្តីសង្ឃឹមរបស់ពលរដ្ឋ និងប្រទេសជាតិទាំងមូល ដែលធ្វើឲ្យប្រទេសជាតិ មានការអភិវឌ្ឍ និងនាំមកនូវសុខសន្តិភាព។
លោកលើកឡើងបែបនេះ ក្នុងពិធីអញ្ជើញជួបសំណេះសំណាលជាមួយ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាប្រមាណ ៣,០០០នាក់ ក្នុងបរិវេណវត្តរកា
ស្ថិតនៅភូមិគីឡូ១២ ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨នេះ។
លោក ជាវ តាយ បានថ្លែងទៀតថា គណបក្សប្រជាជនកម្ពុជាកើតចេញពីប្រជាជន ការពារប្រជាជនដើម្បីប្រជាជន ជារបស់ប្រជាជន។ ហើយទន្ទឹមនឹងមានថ្ងៃនេះ សមិទ្ធិផលគ្រប់បែបយ៉ាង ដែលកើតមានឡើង ដោយសារប្រជាពលរដ្ឋបានជ្រើសរើសអ្នកដឹកនាំប្រទេសពិតប្រាកដ ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តី បានតស៊ូ និងទុក្ខលំបាក លះបង់គ្រប់យ៉ាងដើម្បីបុព្វហេតុជាតិ និងជួយជំរុញដល់វិស័យនានាទូទាំងប្រទេស ឲ្យមានការរីកចម្រើនជាលំដាប់ទៀតផង។
មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជារូបនេះ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២១៨នេះ ជូនគណបក្សប្រជាជនកម្ពុជា លេខរៀងទី២០ មានរូបសញ្ញាទេវតាបាចផ្កា ដើម្បីផ្តល់ឱកាសដល់សម្តេចតេជោ ហ៊ុន សែន បន្តដឹកនាំប្រទេសកម្ពុជាបន្តទៀត ដើម្បីឲ្យសង្គមជាតិមានសុខសន្តិភាព និងការអភិវឌ្ឍកាន់តែមានរីកចម្រើន៕