(ភ្នំពេញ)៖ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា លោក ឡេង ប៉េងឡុង បានបញ្ជាក់ទៅគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) ថា អនុលោមតាមរដ្ឋធម្មនុញ្ញ រដ្ឋសភាមិនអាចបញ្ជា ឬចាត់ចែងលើការងាររបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បាននោះឡើយ។ មួយវិញទៀតការគូសសញ្ញាគាំទ្រគណបក្សនយោបាយមានច្រើនប្រភេទត្រូវបានអនុវត្តតាំងពីការបោះឆ្នោតអាណត្តិទី១ នាឆ្នាំ១៩៩៣ មកម្ល៉េះ។
ការបញ្ជាក់បែបនេះបន្ទាប់ពីប្រមុខគណបក្ស LDP លោក ខឹម វាសនា បានស្នើទៅកាន់សម្តេច ហេង សំរិន ប្រធានរដ្ឋសភាឲ្យមានចំណាត់ការទៅលើការងាររបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយចង់ឲ្យមានការគូសសញ្ញាធីក តែមួយនៅលើសន្លឹកឆ្នោត។
លិខិតឆ្លើយតបទៅលោក ខឹម វាសនា ធ្វើឡើងនាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨នេះ លោក ឡេង ប៉េងឡុង បានបញ្ជាក់ថា រដ្ឋសភាបានបិទបញ្ចប់សម័យប្រជុំរបស់ខ្លួន តាំងពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨មកម្ល៉េះ។ បច្ចុប្បន្នរដ្ឋសភាមានសិទ្ធិត្រឹមតែអនុវត្តការងារប្រចាំថ្ងៃប៉ុណ្ណោះ ពុំអាចចាត់ចែងការងារដទៃបានឡើយ ជាពិសេសការងារពាក់ព័ន្ធនឹងស្ថាប័នដទៃ ដូចជាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតជាដើម។
លោក ឡេង ប៉េងឡុង បានគូសបញ្ជាក់ក្នុងលិខិតផ្ញើជូនលោក ខឹម វាសនា ថា អនុលោមតាមមាត្រា ១៥០ថ្មី (ពីរ) នៃរដ្ឋធម្មនុញ្ញ កថាខណ្ឌទី២ ចែងថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវអនុវត្តសមត្ថកិច្ចរបស់ខ្លួនប្រកបដោយឯករាជ្យ និងអព្យាក្រឹត ដើម្បីធានាឲ្យការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងមាត្រា១៣ នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកថាខណ្ឌទី១ ចែងថា ប្រធាន អនុប្រធាន និងសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវអនុវត្តតួនាទីរបស់ខ្លួន ដោយមិនលម្អៀង ដោយឈរលើគោលការណ៍គោរពច្បាប់ ដោយមិនទទួលការគាបសង្កាត់ ការគំរាមកំហែង ការបំភិតបំភ័យ ឬ ការបង្គាប់បញ្ជាដោយផ្ទាល់ ឬដោយប្រយោលពីបុគ្គល ឬ ស្ថាប័នណាមួយឡើយ។
យោងតាមមាត្រាទាំងពីរខាងលើនេះ លោក ឡេង ប៉េងឡុង បានបញ្ជាក់ថា រដ្ឋសភាពុំមានសមត្ថកិច្ចជ្រៀតជ្រែក ឬ បង្គាប់បញ្ជាកិច្ចការរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលជាស្ថាប័នឯករាជ្យបានឡើយ។
សូមបញ្ជាក់ថា គ.ជ.ប បានបញ្ជាក់ថា ប្រជាពលរដ្ឋអាចគូសសញ្ញាបានច្រើនប្រភេទនៅលើសន្លឹកឆ្នោត ឲ្យតែសញ្ញានោះមិនបញ្ជាក់ពីអត្តសញ្ញាណរបស់អ្នកបោះឆ្នោត តែ គ.ជ.ប នៅតែលើកទឹកចិត្តដល់អ្នកបោះឆ្នោតទាំងអស់គូសសញ្ញាធីក នៅក្នុងប្រអប់បួនជ្រុងទ្រវែងរបស់គណបក្សនយោបាយដែលខ្លួនពេញចិត្ត។ ដោយឡែកគណបក្ស LDP បានទាមទារឲ្យមានការគូសសញ្ញាធីក តែមួយប៉ុណ្ណោះនៅលើសន្លឹកឆ្នោត តែសំណើនេះត្រូវបានច្រានចោលដោយ គ.ជ.ប ផងដែរ៕