(ថៃ)៖ លោកស្រី ជា សិរី អគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា បានដឹកនាំក្រុមការងារចុះជួបពិភាក្សា ជាមួយក្រុមការងាររបស់ធនាគារកណ្តាលថៃ ដើម្បីដាក់ឲ្យប្រើប្រាស់ប្រព័ន្ធ QR Code ដើម្បីទូទាត់ជាប្រាក់រៀល និងប្រាក់បាតថៃ ក្នុងប្រទេសថៃ និងប្រទេសកម្ពុជា។
ការចុះជួបពិភាក្សារ រវាងអគ្គនាយកបច្ចេកទេសធនគារជាតិ នៃកម្ពុជា និងលោកស្រី Chantavarn Sucharitakul ឧបការីទេសាភិបាល ស្តីពីគម្រោងពង្រឹងការប្រើប្រាស់រូបិយវត្ថុជាតិ (ប្រាក់រៀលខ្មែរ និងប្រាក់បាតថៃ) ចំពោះប្រតិបត្តិការឆ្លងព្រំដែននេះធ្វើឡើងនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨។
យោងតាមធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា គម្រោងរួមគ្នានេះមានគោលបំណងដាក់ ឱ្យប្រើប្រាស់នូវប្រព័ន្ធ QR Code ដែលជាជំហានដំបូងសម្រាប់ទូទាត់ជាទូទៅដូចជា ការទូទាត់របស់ភ្ញៀវទេសចរ របស់ប្រទេសទាំងពីរ និងបន្ទាប់មកនឹងបង្កើនវិសាលភាព ដល់ការផ្ទេរប្រាក់របស់កម្មករ និងការទូទាត់ក្នុងពាណិជ្ជកម្មនិងវិនិយោគ។
ការប្រើប្រាស់ QR Code នឹងអនុញ្ញាតឱ្យប្រជាជនកម្ពុជា ដែលមានគណនីជាប្រាក់រៀល ទទួលបានផលចំណេញជាច្រើន ដូចជា អាចធ្វើការទូទាត់ចេញពីគណនីជាប្រាក់រៀល របស់ខ្លួនសម្រាប់ចំណាយទិញទំនិញ ឬទូទាត់ចំណាយនានាដូចជា សេវាព្យាបាលជាដើម នៅលើទឹកដីថៃដោយងាយស្រួល សុវត្ថិភាព និងចំណាយតិចបំផុត បើធៀបទៅនឹងការប្តូរ និងការកាន់សាច់ប្រាក់បាត ទៅចាយលើទឹកដីថៃ។
ដូច្នេះប្រជាពលរដ្ឋកម្ពុជា នឹងមិនចាំបាច់ខ្វល់ខ្វាយពីការប្តូរប្រាក់ ដែលពេលខ្លះអាចទទួលរងនូវការ ខាតបង់ពីការប្តូរប្រាក់ ពេលធ្វើដំណើរទៅកាន់ប្រទេសថៃ ហើយអាចធ្វើការចំណាយដោយមិនចាំបាច់ព្រួយបារម្ភ ពីការបាត់បង់ និងខ្វះខាតប្រាក់បាតថៃ នៅពេលដែលមានគណនីជាប្រាក់រៀលនៅកម្ពុជា។
លើសពីនេះ ការប្រើប្រាស់ QR Code ក៏នឹងអាចអនុញ្ញាតឱ្យពាណិជ្ជករទូទាត់ថ្លៃ ទំនិញឱ្យគ្នាដោយផ្ទាល់ ដោយមិនចាំបាច់ធ្វើការប្តូរប្រាក់នៅតាមភ្នាក់ងារប្តូរ ប្រាក់នានាផងដែរ ចំណែកកម្មករកម្ពុជា ដែលធ្វើការនៅប្រទេសថៃ ក៏នឹងអាចផ្ទេរប្រាក់ ទៅគ្រួសាររបស់ខ្លួន តាមរយៈប្រព័ន្ធនេះ ជាមួយនឹងការចំណាយទាប និងមានសុវត្ថិភាពបំផុត។
គម្រោងតភ្ជាប់ប្រព័ន្ធទូទាត់តាមរយៈ QR Code នឹងក្លាយជាកម្លាំងចលករមួយទៀត ចំពោះការលើកទឹកចិត្ត ឱ្យប្រជាជនកម្ពុជា មានគណនីជាប្រាក់រៀល ដោយទទួលបាននូវអត្ថប្រយោជន៍ជាច្រើនទាំងក្នុងស្រុក និងនៅក្រៅស្រុក ស្របតាមគោលនយោបាយជំរុញការប្រើប្រាស់ប្រាក់រៀលរបស់ធនាគារជាតិនៃកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា។
ការប្រើប្រាស់ QR Code ជាមួយនឹងគណនីជាប្រាក់រៀល នឹងជួយបង្កើនការប្រើប្រាស់ប្រព័ន្ធទូទាត់ផ្លូវការ ដែលធ្វើឱ្យ ការចំណាយលើប្រតិបត្តិការ មានតម្លៃទាប ងាយស្រួលនិងមានសុវត្ថិភាព ជាពិសេសចំពោះប្រតិបត្តិការតូចៗរបស់ប្រជាជនក្រីក្រ និងថ្នាក់កណ្តាល៕