(មណ្ឌលគិរី)៖ លោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតីក្នុងពិធី បំពាក់ឋានន្តរស័ក្តិ និងប្រគល់លិខិតសរសើរជូននាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តចំនួន១៧រូប។
ពិធីនេះប្រារព្ធធ្វើឡើង នៅបញ្ជាការដ្ឋានអាវុធហត្ថខេត្តមណ្ឌលគិរី ដោយមានការចូលរួម ពីលោកមេបញ្ជាការរង លោកនាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ មេបញ្ជាការមូលដ្ឋានក្រុងស្រុក និងនាយ-នាយរងកងរាជអាវុធហត្ថខេត្ត និងសមាជិកសមាជិកាផងដែរ។
ថ្លែងក្នុងពិធីនោះលោក ហែម បូណារ៉ែល បានថ្លែងថា ដោយមានការដឹកនាំប្រកបដោយភាពប៉ិនប្រសព្វឈ្លាសវៃ និងការយកចិត្តទុកដាក់ខ្ពស់របស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការស្តីទី នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងមានការប្រឹងប្រែងរបស់បងប្អូនកន្លងមក ក្នុងការហ្វឹកហ្វឺន រៀនសូត្រ និងការអនុវត្តការងារទទួលបានជោគជ័យ និងស្នាដៃជាច្រើន ទើបថ្នាក់ដឹកនាំបានសម្រេចប្រគល់ភារកិច្ចថ្មី និងដំឡើងឋានន្តរសក្តិ ជូនដល់បងប្អូន។
លោកឧត្តមសេនីយ៍ត្រី ក៏បានផ្តាំផ្ញើដល់បងប្អូនអាវុធហត្ថខេត្តទាំងអស់ ត្រូវលះបង់កម្លាំងកាយ កម្លាំងចិត្តដើរតាមមាគ៌ាដឹកនាំរបស់នាយឧត្តមសេនីយ៍ សៅ សុខា ក្នុងបុព្វហេតុការពារជាតិ សាសនា ព្រះមហាក្សត្រ និងបំពេញការងារប្រកបដោយក្រមសីលធម៌ គោរពវិន័យ បទបញ្ជា គោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់មនុស្ស ព្រមទាំងមាន សីលធម៌ សុជីវធម៌ល្អជាប្រចាំ ធ្វើខ្លួនជាអ្នកបំរើរាស្ត្រ គ្រប់ពេលវេលា និងត្រូវប្តូរផ្តាច់ថែរក្សាការពារសន្តិភាព សុវត្ថិភាព និងការអភិវឌ្ឍដែលប្រទេសជាតិកំពុងមានសព្វថ្ងៃ ឱ្យនៅគង់វង្សរីកចម្រើន តទៅមុខជានិរន្ត។
ជាពិសេស ត្រូវលើកកំពស់ស្មារតី ស្រឡាញ់ ជឿជាក់ ស្មោះត្រង់ ប្តេជ្ញាការពារ នូវរាជរដ្ឋាភិបាលស្របច្បាប់ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នៅគ្រប់កាលៈទេសៈ មិនឱ្យមានបដិវត្តពណ៌ កើតឡើងជាដាច់ខាត។
ទទ្ទឹមនឹងនេះលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានធ្វើការស្តីបន្ទោសខ្លាំងៗ ចំពោះដល់មន្រ្តីអាវុធហត្ថមួយចំនួនជាមេបញ្ជាការរងអាវុធហត្ថខេត្ត ក៏ដូចជាមន្រ្តីស្ពឹកស្រពន់ផងដែរ ចូរធ្វើការកែប្រែនូវទម្លាប់មិនល្អចោលឲ្យអស់ ជ្រើសយកគំរូល្អៗ មកអនុវត្តបទបញ្ជាវិន័យក្នុងអង្គភាពឲ្យបានល្អប្រសើរ។
ជាងនេះទៅទៀត លោកបានក្រើនរំលឹកដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តទាំងអស់ រួមជាមួយបងប្អូន ក្រុមគ្រួសារសាច់ញាតិ ដែលបានចុះឈ្មោះបោះឆ្នោតរួចហើយ សូមបំពេញកាតាព្វកិច្ចរបស់ខ្លួនជាប្រជាពលរដ្ឋ ទៅចូលរួមបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ឱ្យបានគ្រប់ៗ គ្នាកុំបីខាន៕