(បន្ទាយមានជ័យ)៖ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨នេះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការ អ្នកតំណាងរាស្រ្ត ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយ ខេត្តបន្ទាយមានជ័យ អមដំណើរដោយក្រុមការងារថ្នាក់ជាតិ ខេត្ត ក្រុង ស្រុក និងមូលដ្ឋាន បានអញ្ជើញជាអធិបតីពិធីបូកសរុបលទ្ធផលយុទ្ធនាការ ឃោសនាបោះឆ្នោត និងទិសដៅឆ្ពោះទៅការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្តនីតិកាលទី៦ ខេត្តបន្ទាយមានជ័យ មានអ្នកចូលរួមជាង១៤០០នាក់ នៅមន្ទីរបក្សខេត្ត។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានមានមតិសំណេះសំណាល និងពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់បក្សមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងជាប្រធានគណបក្ស សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងប្រធានកិត្តិយសគណបក្ស។
ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានបន្ថែមថា «ក្រោមឆន្ទះតែមួយ គោលដៅតែមួយ ឯកភាពជាធ្លុងមួយ ខិតខំបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ ដើរតាមបន្ទាត់នយោបាយដ៏ត្រឹមត្រូវ របស់គណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យបក្សយើងរឹងមាំគ្រប់កាលៈទេសៈ ហើយទទួលបានការគាំទ្រពីប្រជាពលរដ្ឋយើងគ្រប់មជ្ឈដ្ឋាន»។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានថ្លែងសាទរកោតសសើអំណរគុណ និងដឹងគុណដល់សមាជិក សមាជិកាទាំងអស់ នៃមហាគ្រួសារគណបក្សប្រជាជនកម្ពុជា គ្រប់ជាន់ថ្នាក់ទាំងអស់ដែលបានខិតខំបំពេញការងារ ទទួលបានលទ្ធផលល្អ ហើយសូមបន្តខិតខំបន្ថែមទៀតក្នុងដំណើររួមគ្នាឆ្ពោះទៅដណ្តើមជ័យជំនះជូនគណបក្សក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ ដើម្បីបន្តសន្តិភាពនិងការអភិវឌ្ឍរីកចម្រើនសម្បូររុងរឿងជូនប្រទេសជាតិ «គណបក្សប្រជាជនកម្ពុជាឈ្នះ គឺប្រជាជនកម្ពុជាជាអ្នកឈ្នះ»៕