(ព្រះវិហារ)៖ លោក មាស សុភា សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តព្រះវិហារ ជាបេក្ខភាពតំណាងរាស្ត្រពេញសិទ្ធិ ឈរលំដាប់លេខរៀងទី១ របស់គណបក្សប្រជាជនកម្ពុជាមណ្ឌលព្រះវិហារ នៅព្រឹកថ្ងៃទី២៥ ខែកក្កដាឆ្នាំ២០១៨នេះ បានបន្តដឹកនាំបេក្ខភាពតំណាង និងក្រុមការងារគ្រប់លំដាប់ថ្នាក់ ចុះផ្សព្វផ្សាយគោលនយោបាយទាំង១១ចំណុចរបស់គណបក្ស និងសំណេះសំណាលជាមួយសមាជិកគណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋជាង១,០០០នាក់ នៅស្រុកគូលែន ខេត្តព្រះវិហារ។
នៅក្នុងឱកាសនោះលោក មាស សុភា បានប្រាប់សមាជិកបក្ស ក៏ដូចជាប្រជាពលរដ្ឋអំពីការរីកចំរើនគ្រប់វិសយ័របស់ប្រទេសជាង៣០ឆ្នាំកន្លងមកនេះ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ហើយការរីកចំរើនរបស់ប្រទេសជាតិរហូតមកដល់សព្វថ្ងៃនេះ ដោយសារតែប្រទេសយើងមានសុខសន្តិភាព មានស្ថេរភាពនយោបាយ គ្មានតំបន់អប្បគមន៍។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋយើង ត្រូវចូលរួមថែរក្សាសុខសន្តិភាពនេះឱ្យនៅគង់វង្ស ដើម្បីឱ្យប្រទេសយើងកាន់តែទទួលបានការអភិវឌ្ឍតទៅទៀត។
ស្របពេលដែលថ្ងៃបោះឆ្នោតជិតចូលមកដល់ លោក មាស សុភា បានអំពាវនាវឱ្យសមាជិកគណបក្ស ក៏ដូចជា ប្រជាពលរដ្ឋទាំងអស់សូមអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ ដើម្បីឱ្យគណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេសជាតិបន្តទៅទៀត។
លោក មាស សុភា បានធ្វើការគូសបញ្ជាក់ផងដែរថា មានគណបក្សប្រជាជនកម្ពុជា មានសម្តេចតេជោ ហ៊ុន សែន ទើបធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍ ដូច្នេះសូមបងប្អូនអញ្ជើញទៅបោះឆ្នោតគ្រប់គ្នា។ លោកក៏បានថ្លែងនូវការអរគុណដល់ក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្តចុះជួយស្រុកគូលែនក៍ដូចជាប្រធាន អនុប្រធានគណបក្សមូលដ្ឋាន ដែលបានខិតខំបំពេញការងារក្នុងបុព្វហេតុគណបក្សប្រជាជនកម្ពុជា។
ដោយឡែក លោក អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ បានឡើងអានសារនយោបាយរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ឱ្យសមាជិកគណបក្ស និងប្រជាពលរដ្ឋបានយល់ជ្រួតជ្រាបផងដែរ។
ជាមួយគ្នានេះ លោក អ៊ុន ចាន់ដា បានបង្ហាញមុខបេក្ខភាពតំណាងរាស្ត្រថ្មីទាំង៧រូប របស់គណបក្សប្រជាជនកម្ពុជាមណ្ឌលព្រះវិហារ អាណត្តិទី៦នេះ រួមមានទី១៖លោក មាស សុភា បេក្ខភាពតំណាងរាស្ត្រពេញសិទ្ធិឈរលំដាប់លេខរៀងទី១ ទី២៖ លោក សួស យ៉ារ៉ា ទី៣៖ លោកឡុង សុវណ្ណ ទី៤៖ លោកណែម វ៉ា ទី៥៖ លោកខូយ ឃុនហ៊ ទី៦៖ លោកយ៉ុង គឹមហ៊ាន និងទី៧៖ លោកស្រីខូយ ប៊ុនថាន៕