(ភ្នំពេញ)៖ ប្រជាពលរដ្ឋរស់នៅក្នុងបុរីកូមែល ភូមិពោងពាយ សង្កាត់ទួលសង្កែទី២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ចំនួន៤៩គ្រួសារទៀតហើយ នាថ្ងៃអង្គារ៍១២កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ បានទទួលបណ្ណកម្មសិទ្ធិសម្គាល់កាន់កាប់អចលនាវត្ថុ ពីមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ និងលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ តំឲ្យលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្រោមការគិតគូរយ៉ាងយកចិត្តទុកដាក់បំផុតពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។
ថ្លែងក្នុងពេលប្រគល់បណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ៤៩គ្រួសារ នាឱកាសនោះ លោក ជា ពិសី បានលើកឡើងអំពីការរីកចម្រើនរបស់ប្រទេសកម្ពុជា ក្រោមការដឹកនាំដោយគណបក្សប្រជាជន បានផ្ដល់ឱកាសជាអត្ថប្រយោជន៍យ៉ាងច្រើនជូនកម្មករ-កម្មការិនី នាពេលបច្ចុប្បន្ន និងមានគុណបំណាច់ធ្វើឲ្យប្រទេសមានដោយភ្លើងសង្គ្រាម ចាកចេញក្លាយទៅជាប្រទេសអច្ឆរិយៈមួយ មានការរីកចម្រើន យ៉ាងឆាប់រហ័ស ជាពិសេសគណបក្សប្រជាជនកម្ពុជា មានការប្រមូលផ្ដុំ សំបូរទៅដោយធនធានមនុស្ស ដោយគ្មានគណបក្សនយោបាយណាមួយ ប្រៀបបាននោះទេ ដូច្នេះសូមនាំគ្នាទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដាខាងមុខ ជូនគណបក្សប្រជាជនកម្ពុជា លេខរៀងទី២០។
លោក ជា ពិសី បានលើឡើងអំពីការចូលរួមដើម្បីថែរក្សាសុខសន្តិភាព និងការអភិវឌ្ឃន៍បន្តទៅទៀតបាន សូមនាំគ្នាទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា លេខរៀងទី២០ ក៏ព្រោះតែ គណបក្សប្រជាជនកម្ពុជា មានគុណបំណាច់យ៉ាងច្រើន ដែលមិនអាចគណនាបាន ដូចជាការរំដោះប្រជាពលរដ្ឋ ឲ្យរួចផុតពីភ្លើងសង្គ្រាម នៃបនប្រល័យពូជសាសន៍ ប៉ុលពត និងបានចូលរួមសុខរួមទុក្ខ ជាមួយប្រជាជន បើទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ថែមទាំងបានចូលរួមថែរក្សាសុខសន្តិភាព យូរអង្វែងជាងគេសម្រាប់ប្រទេសកម្ពុជា ក្រោមការដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រី ទាំងអាណត្តិនឹង និងអាណត្តិក្រោយៗបន្តទៀត។
នាពេលកន្លងមកនេះ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ ក៍បានអំពាវនាវឲ្យប្រជាពលរដ្ឋជាម្ចាស់ដីផ្ទះ ប្រញាប់រួសរាន់ដាក់ពាក្យស្នើសុំចុះបញ្ជី ដើម្បីបង់ពន្ធប្រថាប់ត្រា ឲ្យបានរួសរាន់ឡើង ដោយមានការលើកលែង និងអនុគ្រោះពន្ធ (ពោលគឺលក់ទិញពីមួយទៅមួយ ជាច្រើនកង់បង់ត្រឹមតែមួយដងប៉ុណ្ណោះ) ជាការស្រេចក្រោមការគិតគូរយ៉ាងយកចិត្តទុកដាក់ពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខ៕