(ភ្នំពេញ)៖ យោងតាមស្ថិតិជួញដូរប្រចាំខែ នៅឆ្នាំ២០១៨ របស់ផ្សារមូលបត្រកម្ពុជា (CSX) បានបង្ហាញថា តួលេខនៃបរិមាណបញ្ជាទិញ មានការកើនឡើងគួរឲ្យកត់សម្គាល់ ពីចំនួន ៣២២,៥៨៣ភាគហ៊ុន នៅខែមីនា ដល់ចំនួន ៩៨៦,៩៩៤ភាគហ៊ុន នៅខែមិថុនា (កើនឡើងប្រហែល ២១៤.០១%) ហើយទំនោរនេះ បានកើនឡើងបន្តទៀតរហូតដល់ចំនួន ៣,០៦០,៧៥៤ភាគហ៊ុន គិតត្រឹមរយៈពេល១៧ថ្ងៃដំបូង នៃថ្ងៃជួញដូរក្នុងខែកក្កដាប៉ុណ្ណោះ។
សេចក្តីប្រកាសព័ត៌មាន របស់ CSX ដែលទើបចេញផ្សាយនៅព្រឹកថ្ងៃទី២៥ ខែកក្កដានេះបានឲ្យដឹងទៀតថា ទិន្នន័យប្រៀបធៀបបរិមាណបញ្ជាទិញ សរុបរបស់ភាគហ៊ុននីមួយៗសម្រាប់រយៈពេល ២ខែចុងក្រោយនេះ បង្ហាញថា ភាគហ៊ុនរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) មានបរិមាណបញ្ជាទិញច្រើនជាងគេ ក្នុងខែកក្កដា ដែលមានប្រមាណជា ១,០៧៧,៥១០ភាគហ៊ុន គិតត្រឹមថ្ងៃទី២៤ (កើនឡើងពីចំនួន ១២៤,៨៨៤ភាគហ៊ុនក្នុងខែមុន)។ តួលេខនេះ បង្ហាញពីការកើនឡើងនៃតម្រូវការចំពោះភាគហ៊ុន PAS ដ៏គួរឲ្យកត់សម្គាល់ (ប្រមាណជា ៧៦២.៨១%) ខណៈដែលថ្លៃបិទរបស់ភាគហ៊ុននេះ ក៏មានការកើនឡើងចំនួន ២.៣៦% (ពី៥,០៨០រៀលនៅដើមខែមិថុនា ដល់៥,២០០រៀល ត្រឹមថ្ងៃទី២៤ កក្កដា)។
ស្រដៀងគ្នានេះដែរ បរិមាណបញ្ជាទិញ នៃភាគហ៊ុនកំពង់ផែស្វយ័តភ្នំពេញ (PPAP) បានកើនឡើងពី ៤២៤,០៣៧ភាគហ៊ុន ទៅ១,០១៥,៨៣៩ភាគហ៊ុន តែថ្លៃបិទបានធ្លាក់ចុះចំនួន ៣.៥៧% (ពី ៥,៦០០ រៀល ទៅ៥,៤០០រៀល)។ រីឯភាគហ៊ុនរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PWSA) វិញ អត្រាកំណើននៃបរិមាណបញ្ជាទិញសរុបមានចំនួន ១៣៩.៥៩% កើនពី ៣៤៧,៦៣២ភាគហ៊ុន ទៅ៨៣២,៨៩១ភាគហ៊ុន ស្របពេលដែលថ្លៃបិទនៃភាគហ៊ុនមាន ទំនោរធ្លាក់ចុះមកត្រឹម ៣,២៦០រៀលក្នុងមួយភាគហ៊ុននៅចុងគ្រា ពីថ្លៃ ៣,៦៥០រៀល។
ផ្ទុយពីទំនោរកើនឡើងនៃបញ្ជាទិញរបស់ភាគហ៊ុន PAS ភាគហ៊ុនដែលមានទំហំជួញដូរច្រើនជាងគេ គឺភាគហ៊ុន PWSA ទៅវិញ ដែលការជួញដូរសរុបក្នុងខែមិថុនា និងកក្កដាមានរហូតដល់ ចំនួន ២៤៩,១៧៥ភាគហ៊ុន៕