(កោះកុង)៖ សកម្មជនគណបក្សប្រជាជនកម្ពុជា និងតំណាងសហគមន៍ខ្មែរឥស្លាម នៅសង្កាត់ដងទង់ ក្រុងខេមរភូមិន្ទជាច្រើនកុះករ បានធ្វើការប្តេជ្ញាថា មានតែការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាតែមួយគត់ ជាជម្រើសដ៏ល្អដើម្បីរក្សាសុខសន្តិភាព និងបន្ដការអភិវឌ្ឍ។
ការប្តេជ្ញានេះ ធ្វើឡើងខណៈដែលលោក អូស្មាន ហាស្សាន់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈចលនាសាសនិកឥស្លាម របស់គណបក្សប្រជាជនកម្ពុជា និងលោកស្រី អមដំណើរដោយ លោក លោកស្រី ថ្នាក់ដឹកនាំសមាជិក សមាជិកាក្រុមប្រឹក្សាបក្ស និងគណបក្សក្រុងខេមរភូមិន្ទ និងសង្កាត់ដងទង់ រួមទាំងមានវត្តមានពីថ្នាក់ដឹកនាំ សមាជិក សមាជិកាគណៈចលនាសាសនិកឥស្លាម អញ្ជើញសំណេះសំណាលនៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ នារសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨។
បងប្អូនខ្មែរឥស្លាមទូទាំងក្រុង បានប្តេជ្ញាទៀតថា នៅតែរក្សាគោលជំហរដោយ ក្នុងការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីជាការតបស្នងសងគុណ នូវគុណបំណាច់ដែលមិនអាចកាត់ថ្លៃបាន របស់ប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា។
ពួកគាត់ថា «គឺសូមបន្តរួមរស់ផ្ញើវាសនារបស់ខ្លួនទាំងស្រុង ជាមួយគណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលបានសាងគុណ ស្នាដៃជូនជាតិមាតុភូមិពិតប្រាកដ ហើយក៏ជាគណបក្សដែលរំដោះប្រទេសជាតិចេញពី ថ្លុកសង្គ្រាមរ៉ាំរ៉ៃ ជាគណបក្សដែលនាំអាយុជីវិតប្រជានុរាស្ត្រកម្ពុជា ឲ្យរស់រានឡើងវិញតាំងពីថ្ងៃ៧ មករា ១៩៧៩ ក្រោមការប្រោសប្រទានពរជ័យពីព្រះជាម្ចាស់ បើគ្មានគណបក្សប្រជាជនកម្ពុជា ក៏គ្មានថ្ងៃ៧មករា ដែរ»។
លោក អូស្មាន ហាស្សាន់ បានផ្តល់កម្លាំងចិត្ត និងជំរុញ ដល់សហគមន៍ខ្មែរឥស្លាមរបស់លោកឲ្យបន្តគាំទ្រគណបក្សប្រជាជនកម្ពុជា កាន់តែច្រើនឡើងថែមទៀត ទោះបីកន្លងមក សំឡេងគាំទ្ររបស់ខ្មែរឥស្លាម គឺបានគាំទ្រក្នុងកម្រិតភាគរយយ៉ាងខ្ពស់បំផុតក្តី៕