(កំពត)៖ លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមនិងប្រតិភូក្រសួង និងលោក ជាវ តាយ អភិបាលខេត្តកំពត ព្រមទាំងមន្ត្រីនៃមន្ទីរពាក់ព័ន្ធក្នុងខេត្ត នៅរសៀល ថ្ងៃទី២៤ ខែកក្កដាឆ្នាំ ២០១៨ បានអញ្ជើញចុះពិនិត្យស្វែងយល់ នូវស្ថានភាពហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពានដែលរងផលប៉ះពាល់ខូចខាត ដោយទឹកជំនន់ បានវាយប្រហារក្នុងខែកក្កដាថ្មីៗនេះ ស្ថិតនៅក្នុងឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត ជាពិសេសស្ពានចំនួន២ ដែលរងការខូចខាតនៅក្នុងឃុំស្ទឹងកែវ។
តាមការឱ្យដឹងពីអាជ្ញាធរឃុំបានបញ្ជាក់ថា ស្ពានទាំងពីរខាងលើនេះ ទី១៖ ស្ពានស្ទឹងកែវ ឆ្លងកាត់ភូមិដូង និងភូមិអន្លង់ម៉ាក់ប្រាង្គ មានប្រវែងជាង៩០ម៉ែត្រ និងមានមាត់ស្ទឹងប្រមាណជាង៥០ម៉ែត្រ និងស្ពានទី២៖មានប្រវែងប្រហាក់ប្រហែលគ្នាស្ថិតនៅភូមិម៉ាក់ប្រាង្គដដែល និងឆ្លងទៅភូមិម្លេចគល់។ រយៈពេលកន្លងមកស្ពានទាំងពីរនេះធ្វើពីឈើកម្រាលបន្ទះក្ដារ តែងបានជួយសំរួល និងបម្រើប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចប្រជាពលរដ្ឋទូទៅឆ្លងកាត់ទាំងការចេញចូលទៅធ្វើស្រែចំការ និងដឹក
កសិផល ពិសេសស្ពានស្ទឹងកែវនេះ អាចឆ្លងកាត់ធ្វើដំណើរបានរហ័ស ទៅដល់តំបន់មជ្ឈមណ្ឌលអភិវឌ្ឍន៍៣១៧កោះស្លា ក្នុងស្រុកឈូក រហូតដល់ផ្លូវជាតិលេខ៤ថែមទៀតផងដែរ។
លោក អ៊ុក រ៉ាប៊ុន បានមានប្រសាសន៍បញ្ជាក់ថា ហេដ្ឋារចនាសម្ព័ន្ធជនបទ ពិសេស ស្ពាន ផ្លូវ គឺជាការងារអាទិភាពមួយផងដែរ ដែលរាជរដ្ឋាភិបាលកម្ពុជាយើងក្រោមការដឹកនាំ របស់សម្ដេចតេជោ ហ៊ុន សែន ដែលសម្ដេចតែងតែបានយកចិត្តទុកដាក់ អភិវឌ្ឍន៍យ៉ាងខ្លាំង នៅទូទាំងប្រទេស ដើម្បីសម្រួលដល់ ការធ្វើដំណើរ ក៏ដូចជាការដឹកជញ្ជូនកសិផលផ្សេងៗ របស់ប្រជាពលរដ្ឋទៅកាន់ទីផ្សារ។ ដោយពិនិត្យឃើញ ពីតម្រូវការនៃសារៈសំខាន់ និងភាពចាំបាច់បម្រើឱ្យផលប្រយោជន៍ និងសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ លោកនឹងចាត់បញ្ជូនមន្ត្រីជំនាញឱ្យចុះមកសិក្សាវាយតំលៃគម្រោងដើម្បីដាក់សំណើជូនប្រមុខរាជរដ្ឋាភិបាលសម្រេចឱ្យបានឆាប់សម្រាប់ដំណើរការសាងសង់នៅពេលខ្លីខាងមុខនេះ។
ជាមួយឱកាសនោះដែរ លោក ជាវ តាយ ក៏បានបញ្ជាក់ប្រាប់ប្រជាពលរដ្ឋ នៅទីនោះផងដែរថា បើទោះបីនៅក្នុងដំណាក់កាល ស្ពានស្ទឹងកែវនេះ មិនទាន់បានដំណើរសាងសង់នៅឡើយក៏ពិតមែន ប៉ុន្តែលោកនឹងខិតខំជំរុញធ្វើឱ្យមានការជួសជុលស្ពាននេះឡើងវិញឱ្យបានឆាប់ ដើម្បីសម្រួលដល់ការឆ្លងកាត់ បណ្ដោះអាសន្នរបស់ប្រជាពលរដ្ឋដែលជាការចាំបាច់ផងដែរ។ ក្នុងឱកាសនោះ លោក ជាវ តាយ ក៏បានជួយជាថវិកា សម្រាប់ជាកម្លាំងពលកម្ម ដល់ប្រជាពលរដ្ឋកំពុងចាប់ផ្ដើមជួសជុលស្ពានមួយកន្លែងឡើងវិញ ដែលស្ថិតនៅក្នុងភូមិម៉ាក់ប្រាង្គឆ្លងមកភូមិម្លេចគង់ផងដែរ៕