(ព្រៃវែង)៖ ក្នុងកម្មវិធីពីរដាច់ដោយឡែកពីគ្នា គឺនៅពេលព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨នេះ លោក ព្រុំ សុខា ប្រធានក្រុមការងារស្រុកបាភ្នំ បាន​ជួប​សំណេះសំណាលជាមួយ ប្រជាពលរដ្ឋក្នុងឃុំរក្សជ័យទាំងមូល​ប្រមាណ​ចំនួន ១៦០០នាក់ និងនៅរសៀលថ្ងៃដដែល លោកប្រធានក្រុមការងារ ក៏បានជួបប្រជុំ​ការងារ​ជាមួយ​មន្ត្រីក្រុមការងារ​ទាំងអស់ និងមន្ត្រីមូលដ្ឋានមកពីឃុំទាំង៩ ភូមិទាំង១០៨ ក្នុងស្រុកទាំងមូល​សរុប​ទាំង​អស់​​ប្រមាណ​ចំនួន ៤៥០នាក់។

ក្នុងឱកាសនោះ​ លោកប្រធានក្រុមការងារ ព្រុំ សុខា បានគូសបញ្ជាក់សារជាថ្មីពី​សារៈសំខាន់ ​នៃការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ នាពេលដ៏ខ្លី​ខាងមុខនេះ ដោយបានសង្កត់ធ្ងន់ថែមទៀតថា លទ្ធិប្រជាធិបតេយ្យក្នុងប្រទេសទាំងអស់ ​នៅ​លើ​ពិភពលោក​​សុទ្ធតែត្រូវផ្សារភ្ជាប់ជិតស្និទ្ធជាមួយនីតិរដ្ឋ បើពុំនោះសោតទេ លទ្ធិប្រជាធិបតេយ្យ​គ្រាន់តែជាទ្រឹស្តី​ទស្សន​វិជ្ជា​សុទ្ធសាធ ដែលឃ្លាតឆ្ងាយពីតថភាព និងមិនអាចក្លាយជាការពិតជាក់ស្តែងធានា បាននូវគុណតំលៃ​សម្រាប់ជា​ផលប្រយោជន៍​ដល់​ការកសាង​ និងអភិវឌ្ឍសង្គមជាតិបានឡើយ។

ក្នុងន័យនេះ លោក ព្រុំ សុខា ក៏បានសំណូមពរ​ដល់ប្រជាពលរដ្ឋ​ទាំងអស់ ឱ្យប្រើប្រាស់សិទ្ធិធ្វើម្ចាស់ឱ្យបានខ្ជាប់ខ្ជួនដូចធ្លាប់អនុវត្តតាំងពី២៥ឆ្នាំ កន្លងមក​ក្នុងការ​ជ្រើសរើស​តំណាង​ស្របច្បាប់របស់ខ្លួន តាមរយៈការបោះ​ឆ្នោតមានលក្ខណៈប្រជាធិបតេយ្យ សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ដើម្បីចៀសវាងកុំឱ្យធ្លាក់ក្នុងឧបាយកលទុច្ចរិតទាំងឡាយ របស់អ្នកប្រជាធិបតេយ្យក្លែងក្លាយ ដែល​កំពុង​ប្រើប្រាស់ល្បិច​កលពិសពុល បោកបញ្ឆោតសាធារណៈមតិ រារាំងប្រជាពលរដ្ឋ​មិនឱ្យទៅ​ចូលរួម​បោះឆ្នោត សំដៅ​បំផ្លាញការបោះឆ្នោត​ បំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

យុទ្ធនាការ «ម្រាមដៃស្អាត» របស់ក្រុម​ប្រឆាំង​ខុសច្បាប់ កំពុងតែបាន​បង្ហាញ​ច្បាស់​នូវសារជាតិក្រឡិចក្រឡុច ប្រជាភិថុត អាត្មានិយម និងឱកាស​និយម​របស់​ពួកគេ ជាក់ស្តែង​ ក្នុង​ការ​បោះឆ្នោតកន្លងទៅ ពួកនេះតែងតែមូលបង្កាច់បំផ្លើសការពិត​ ថ្កោលទោស​ថា​មានការ​គំរាមកំហែង រារាំង​ប្រជាពលរដ្ឋ​មិនឱ្យ​ទៅចុះឈ្មោះបោះឆ្នោត និងទៅចូលរួមបោះឆ្នោត​គួបផ្សំ​ជាមួយនឹង​ការ​ប្រឌិត​ដទៃទៀត ធ្វើការតវ៉ាប្រឆាំងជារៀងរាល់លើកចំពោះលទ្ធផល នៃការបោះឆ្នោត​ក្រោម​លេស​នៃរបស់ដែល​ហៅថា «បាតុភាពមិនប្រក្រតី»។

តែលើកនេះ គឺពួកគេតែម្តងដែល​ជាអ្នក​រារាំងសព្វ​បែបយ៉ាង ​មិនឱ្យ​ប្រជាពលរដ្ឋ​ទៅចូលរួមបោះឆ្នោត ហើយថែម​ទាំងបានចាត់ទុក​ខ្លួនឯងថា ជាអ្នកការពារលទ្ធិប្រជាធិបតេយ្យ ការពារ​សិទ្ធិ​របស់ប្រជាពលរដ្ឋ។ ការពិតពួកគេកំពុងបំពុលបរិយាកាស​សេរី ត្រឹមត្រូវ និងយុត្តិធម៌​នៃការបោះឆ្នោត​នៅ​កម្ពុជា ពួកគេកំពុងបំភ័ន្តសាធារណៈមតិជាតិ និងអន្តរជាតិ​ជុំវិញ​ការអនុវត្តសិទ្ធិ​ និងករណីយកិច្ចរបស់​ប្រជាពល​រដ្ឋ ​​ក្នុងការ​ចូលរួមបោះឆ្នោតដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់​ជាធរមានរបស់​ព្រះរាជាណាចក្រកម្ពុជា។

តើ​វាជា​ការ​ត្រឹមត្រូវ ឬទេ ដែល​​អ្នកវិភាគបញ្ហាសង្គមនិងអ្នកច្បាប់ខ្លះ បានបកស្រាយ​ថា​ប្រជាពលរដ្ឋមានសិទ្ធិដោយ​មិនភ្ជាប់​ជាមួយ​ករណីយកិច្ច ឬកាតព្វកិច្ច រាប់តាំងពីសកម្មភាពនៃជីវភាពធម្មតា​ប្រចាំថ្ងៃរបស់ពួកគាត់ រហូត​ដល់សិទ្ធិ និង​ករណីយ​កិច្ច​​​សំខាន់ៗ​ដទៃទៀត​ដូចជាករណីយកិច្ចនៃការអប់រំរៀន​សូត្រ (Compulsory Education) ឬកាតព្វកិច្ច​យោធា (Compulsory Military) ក៏ដូចជាការបង់ពន្ធជូនរដ្ឋ ។ល។

ប្រទេសមួយចំនួនដូចជាអូស្ត្រាលី ប៊ែលហ្សិក អាហ្សង់ទីន ប្រេស៊ីល លុចសំបួរ ទូគី ប៉េរូ ស្វីស(សង្កាត់ Schaffhausen) ថៃ សិង្ហបុរី ជាដើម មានច្បាប់ចែងពី​ករណីយ​កិច្ចតម្រូវឱ្យ​ពលរដ្ឋខ្លួនត្រូវទៅចូលរួមបោះឆ្នោត (Compulsory Voting) ថែមទៀតផង។

ការទទួល​ខុសត្រូវ​ទាំងឡាយ​របស់​ប្រជាពលរដ្ឋ (Civil Responsibilities) ដូចបាន​រៀបរាប់ខាងលើនេះ ដែលគេអាច​ចាត់ទុក​ថា​ជា ​«ករណីយកិច្ច​ចំពោះសហគមន៍ (Duties to Communities)» ត្រូវ​បានទទួលស្គាល់ក្នុងសេចក្តី​ថ្លែងការណ៍​សកលរបស់អង្គការ​សហប្រជាជាតិស្តីពី​សិទ្ធិមនុស្ស (The United Nations Universal Declaration of Human Rights) ។

ហេតុនេះយើងទាំងអស់គ្នាដែលជាប្រជាពលរដ្ឋកម្ពុជា ត្រូវអនុវត្តសិទ្ធិនិងករណីយកិច្ចរបស់ខ្លួន ដើម្បីទៅ​ចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ​កុំបីខាន។

បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឱ្យទទួលបានជ័យជំនះដើម្បីសម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន បន្តដឹកនាំប្រទេសជាតិក្នុងឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម​ទៅមុខទៀតជារៀងរហូត៕