(ភ្នំពេញ)៖ ក្នុងឱកាសបើកសម្ពោធជាផ្លូវការ នៃធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក ដែលប្រារព្ធធ្វើឡើងកាលពីចុងសប្ដាហ៍នេះ ធនាគារមួយនេះ ក៏បានប្រកាសពីផលិតផល និងសេវាកម្មរបស់ខ្លួនរួមមាន៖ គណនីប្រាក់បញ្ញើ ប្រាក់កម្ចីជាបុគ្គល ប្រាក់កម្ចីពាណិជ្ជកម្ម និងហិរញ្ញទាន ពាណិជ្ជកម្មជាដើម ដែលមានលក្ខណៈពិសេសគួរឱ្យទាក់ទាញ និងច្នៃប្រឌិតខ្ពស់។
តំណាងធនាគារពាណិជ្ជ ឈីហ្វ បានឲ្យដឹងថា វត្តមានរបស់ ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក នៅក្នុងវិស័យធនាគាររបស់ប្រទេសកម្ពុជា នឹងផ្តល់អត្ថប្រយោជន៍ ចំពោះគ្នាទៅវិញទៅមកដល់ប្រជាជនកម្ពុជា និងតំបន់រដ្ឋបាលពិសេសហុងកុង នៃសាធារណរដ្ឋ ប្រជាមានិតចិន ពិសេសវាក៏ឆ្លុះបញ្ចាំងយ៉ាងច្បាស់ ពីទំនាក់ទំនងទ្វេភាគី និងទំនាក់ទំនងមិត្តភាពរវាងព្រះរាជាណាចក្រកម្ពុជា និងទីក្រុងហុងកុងផងដែរ។
ទន្ទឹមនឹងនោះ លោក ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា ក៏លើកឡើងក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការ ធនាគារពាណិជ្ជ ឈីហ្វ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨ផងដែរថា ការចូលមករបស់ធនាគារពាណិជ្ជ ឈីហ្វ នាពេលនេះបានឆ្លុះបញ្ចាំងបន្ថែមពីជំនឿទុកចិត្ត និងការគាំទ្រ រួមចំណែកកាន់តែច្រើន របស់វិនិយោគិនបរទេស មកលើវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា ដែលជាទិសដៅមួយ នៃគោលនយោបាយអភិវឌ្ឍនវិស័យធនាគារ និងហិរញ្ញវត្ថុរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា។
ធនាគារមាន ការិយាល័យកណ្តាល អាគារលេខ សេ០១ ផ្លូវអ៊ែ១១ កែងនឹងផ្លូវ៧០ ភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ សាខាច្បារអំពៅ អាគារវិមានកែវចរណៃ ដីឡូលេខ១០៥បេ ផ្លូវជាតិលេខ០១ ភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់ផ្នែកបំរើអតិថិជនតាមរយៈទូរស័ព្ទលេខ៖ (៨៥៥) ២៣ ៩០០ ៨៧៨ / ៨៩ ៣៣៣ ៨៤៧ ឬ សារអេឡិចត្រូនិច៖ [email protected]៕