(កំពង់ស្ពឺ)៖ លោក ឆាន ថន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ស្ពឺ បាលើកឡើងថា មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលបាននាំមកនូវអ្វីៗ គ្រប់យ៉ាងជូនប្រជាពលរដ្ឋកម្ពុជា ជាពិសេស គឺបាននាំមកនូវសុខសន្តិភាព ស្ថិរភាព នយោបាយ សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យដូចបច្ចុប្បន្ននេះ។
លោក ឆាន ថន បានថ្លែងបែបនេះនៅទី២៥ ខែកក្កដា ឆ្នាំ២០១៨នេះ នៅក្នុងឱកាសលោកបានដឹកនាំក្រុមការងារ អញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ចំនួន៥០០នាក់ មកពី៥ភូមិ ក្នុងឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
ថ្នាក់ដឹកនាំជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជារូបនេះ បានថ្លែងយ៉ាងដូច្នេះថា៖ «មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលនាំមកនូវអ្វីៗគ្រប់យ៉ាង ជូនបងប្អូនប្រជាពលរដ្ឋកម្ពុជាយើង ជាពិសេសបំផុតនោះគឺសុខសន្តិភាពនេះឯង ដែលបានផ្តល់ផ្លែផ្កានាំកម្ពុជា រីកចម្រើនលូតលាស់ មានផ្លូវ ថ្នល់ ស្ពាន សាលារៀន មន្ទីរពេទ្យ សំណង់អគារខ្ពស់ៗ រោងចក្រ សហគ្រាស ទាក់ទាញបានកំណើនភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ទាក់ទាញបានកំណើនទុនវិនិយោគបរទេស សម្រាប់កសាងអភិវឌ្ឍសេដ្ឋកិច្ចប្រទេសជាតិយើង រហូតសម្រេចបានកំណើនសេដ្ឋកិច្ចថេរ ក្នុងរង្វង់៧ភាគរយ ជារៀងរាល់ឆ្នាំ»។
លោកបានបន្តថា ក្នុងភូមិសាស្ត្រតំបន់ឃុំអមលាំង ជាភូមិសាស្ត្រប្រយុទ្ធគ្នា សូម្បីតែសម័យអ៊ុនតាក់ (UN) ចូលមកដោះស្រាយក៏មិនអាចដោះស្រាយបានដដែល គឺមានតែគណបក្សប្រជាជនកម្ពុជា តែមួយគត់ ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងជាប្រធានគណបក្ស តាមរយៈនយោបាយឈ្នះៗរបស់សម្តេចតេជោ ហ៊ុន សែន បាននាំមកនូវសុខសន្តិភាព ឯកភាពជាតិផ្ទៃក្នុង គ្រប់ទីកន្លែង នៃប្រទេសកម្ពុជា មានសុខសុវត្ថិភាព គ្មានការភ័យខ្លាច ហើយទីណាមានការលំបាក ទីនោះមានវត្តមានគណបក្សប្រជាជន។ គណបក្សប្រជាជន គឺនៅរួមសុខរួមទុក្ខជាមួយបងប្អូនគ្រប់ ពេលវេលា និងគ្រប់ទីកន្លែង។
លោក ឆាន ថន បានបន្ថែមថា ទឹកជំនន់នៅតាមតំបន់មួយចំនួន នៃខេត្តកំពង់ស្ពឺ ឬប្រទេសកម្ពុជា គឺមានតែគណបក្សប្រជាជនតែមួយគត់ ជួយបងប្អូនប្រជាពលរដ្ឋដោយ គ្មានការរើសអើងទោះបីមាននិន្នាការនយោបាយខុសគ្នាក៏ដោយ។ គណបក្សប្រជាជនឈ្នះ គឺប្រជាពលរដ្ឋឈ្នះទាំងអស់គ្នា។
ជាមួយគ្នានេះលោក ឆាន ថន ក៏បានពាំនាំនូវការផ្តាំផ្ញើពីការសួរសុខទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន ដែលសម្តេចតែងតែយកចិត្តទុកដាក់ គិតគូរខ្ពស់ដល់សុខទុក្ខរបស់ប្រជាពលរដ្ឋកម្ពុជាទូទៅ ក៏ដូចជាបងប្អូនកម្មករ កម្មការនីយើង ដោយបានដាក់ចេញ នូវគោលនយោបាយគាំពារ សង្គមជាច្រើន ជាបន្តបន្ទាប់សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ លើកស្ទួយកម្រិតជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ បងប្អូនកម្មករ កម្មការនី ឱ្យកាន់តែមានជីវភាពធូរធាឡើង។
លោកបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សមាជិក សមាជិកាបក្ស សូមចូលរួមរក្សាសន្តិភាពទាំងអស់គ្នា កុំចូលរួមឬប្រព្រឹត្តសកម្មភាពខុសច្បាប់ តាមការឃោសនា ភូតភរ កុហក បោកប្រាស់របស់ក្រុមជ្រុលនិយមមួយចំនួន ហើយសូមបងប្អូនចូលរួមបំពេញកាតព្វកិច្ច ជាពលរដ្ឋកម្ពុជា ស្របច្បាប់ តាមរយៈការចូលរួមបោះឆ្នោត ដើម្បីជ្រើសរើសមេដឹកនាំដ៏ល្អសម្រាប់ ដឹកនាំនាវាកម្ពុជា ឱ្យរីកចម្រើនអភិវឌ្ឍន៍លូតលាស់បន្តទៅមុខទៀត។
ដូច្នេះសូមបងប្អូនអញ្ជើញទៅបោះឆ្នោត ឱ្យបានគ្រប់ៗគ្នា នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ បន្តការអភិវឌ្ឍន៍លើគ្រប់វិស័យ និងដើម្បីជីវភាពអនាគតរបស់កូនចៅយើងជាបន្តទៀត៕