(ភ្នំពេញ)៖ ពានរង្វាន់ Excelence Award នេះបានមកពីសិស្សខ្មែរយើងក្នុងចំណោម១៤ប្រទេស ពោលគឺមានតែ៤ប្រទេសប៉ុណ្ណោះ ដែលអាចយកពាននេះបាន ក្នុងនោះមានកម្ពុជាយើងដែរ ខណៈកូនខ្មែរយើងទាំង២៣រូប បានលើកមុខមាត់កិត្តិយសកម្ពុជា លើឆាកអន្តរជាតិ ក្រោមការប្រកួតគិតលេខរហ័សនៅប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅ ។
បើតាមការបញ្ជាក់ឱ្យដឹងពីលោក លឹម សុភា ប្រធានអង្គការពុទ្ធិកុមារ និងជានាយកកម្មវិធីសិក្សា CCMA បានឱ្យដឹងថា នេះមិនមែនជាលើកទី១ទេ ដែល CCMA ទទួលបានកិត្តិយសលើឆាកអន្តរជាតិ ពោលកាលពីប៉ុន្មានខែមុន សិស្សខ្មែរ២៤រូប ក៏បានទទួលពានរង្វាន់ ក្នុងការប្រកួតនៅប្រទេសថៃផងដែរ ដែលនេះសបញ្ជាក់ឱ្យឃើញពីសមត្ថភាពកុមារខ្មែរយើង ពិតជាបានលើកមុខមាត់ កិត្តិយសជាតិយើងខ្លាំងណាស់ ។
ហើយលើកនេះទៀតសោត CCMA ក៏បានដណ្ដើមបានពានរង្វាន់បន្តទៀត ពោលគឺកុមារខ្មែរយើងទាំង២៣នាក់ដែលបញ្ជូនទៅនោះ សុទ្ធតែជើងខ្លាំង ទទួលបានពានរង្វាន់ទាំងអស់គ្នាតែម្ដង ដោយគ្មាននរណាម្នាក់ធ្លាក់នោះទេ។ លោកបញ្ជាក់ទៀតថា ក្នុងចំណោម១៤ប្រទេស ដែលប្រឡងគ្នានៅម៉ាឡេស៊ីនោះ មានតែ៤ប្រទេសប៉ុណ្ណោះ ដែលមានកុមារ១០០ភាគរយទទួលបានពានទាំងអស់គ្នា ក្នុងនោះក៏មានកម្ពុជាយើងដែរ ។
លោកថា កម្មវិធីសិក្សាផ្ដោតលើការបណ្ដុះខួរក្បាលកុមារឱ្យគិតលេខរហ័សនេះ ទទួលស្គាល់ជាអន្តរជាតិ ដែលមានកិច្ចសហការជាមួយអន្តរជាតិជាច្រើនប្រទេស ហើយនៅកម្ពុជាយើង ក៏មានកំរិតតម្លៃសិក្សាធូរថ្លៃជាងគេ ខណៈលោកគ្រោងនឹងជំរុញកម្មវិធីសិក្សានេះ ឱ្យទូលំទូលាយទូទាំងប្រទេស ក្នុងតម្លៃមួយធូរថ្លៃបំផុត ទៅតាមកំរិតជីវិតពលរដ្ឋតាមតំបន់។
លោកថា CCMA បានទទួលស្គាល់ដោយរាជរដ្ឋាភិបាលកម្ពុជា ហើយសាលានឹងខិតខំបង្កើនសមត្ថភាពខ្លួនឱ្យរឹតតែខ្លាំងក្លាជាងមុន ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់វិស័យអប់រំ ឱ្យមានកំរិតគុណភាពល្អបំផុត។ លោកបញ្ជាក់ថា ដោយសារឃើញពីសមត្ថភាពខ្មែរយើង គណៈកម្មការ AIAMA បានចាត់ឲ្យកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០១៩ ដើម្បីធ្វើការប្រឡងខ្នាតអន្តរជាតិដែលមានប្រទេសជាច្រើននឹងមកកម្ពុជា ដើម្បីប្រកួតប្រជែងយកពានរង្វាន់រៀងៗខ្លួន ។
ក្រុមអាណាព្យាបាលសិស្សដែលមកទទួលកូនៗរបស់ពួកគាត់នៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាល្ងាចថ្ងៃ ទី ២៤ ខែកក្កដា បានសំដែងពីការសប្បាយចិត្តឥតឧបមា ដោយកូនចៅគាត់ ទទួលបានជ័យជំនះ លើឆាកអន្តរជាតិ ។
ពួកគាត់ថា កាលពីមិនទាន់អោយកូនចូលសាលា CCMA ក្មេងៗហាក់មិនសូវរស់រវើក វៃឆ្លាតនោះទេ ពោលគឺ សាមញ្ញៗដូចក្មេងធម្មតាផ្សេងទៀត។ ប៉ុន្តែបន្ទាប់ពីបានបញ្ជូនកូនៗគាត់ចូលសាលា CCMA រួចរយៈពេលខ្លីមកក្មេងៗហាក់បង្ហាញពីភាពខុសគ្នាឆ្ងាយណាស់ ពោលគឺកុមារហាក់មានភាពវៃឆ្លាតជាងមុន ក្លាហាន រស់រវើក និងមើលទៅ ហាក់ក្មេងៗមានភាពជាអ្នកដឹកនាំខ្លួនឯង និង អត្តចរិកក៏ល្អថែមទៀតផង។
គួរជំរាបថា CCMA ជាកម្មវិធីសិក្សាហ្វឹកហាត់ខួរក្បាលអោយឆ្លាតវៃ ដែលជាកម្មវិធីសិក្សាទទួលជាអន្តរជាតិ និង មានតម្លៃថោកជាងគេនៅកម្ពុជា ខណៈកម្មវិធីនេះ ស្ថិតក្រោមការគ្រប់គ្រងរបស់អង្គការពុទ្ធិកុមារ៕