(ភ្នំពេញ)៖ ជាងសំណង់ចំនួន១៦នាក់ បានចូលរួមនៅក្នុងជុំទីមួយ នៃការប្រកួតផ្នែកសំណង់ រៀបចំឡើងដោយក្រុមហ៊ុនអេសស៊ីជី (SCG) កាលពីចុងសប្ដាហ៍នេះ ដែលក្នុងនោះជយលាភី ដែលជាប់វគ្គជម្រុះ មានសិទ្ធិចូលរួមនៅក្នុងការប្រកួតថ្នាក់ជាតិ ដែលនឹងប្រារព្វឡើងនៅចុងឆ្នាំនេះ។
ការប្រកួតផ្នែកបូកស៊ីម៉ង់ត៍នេះ គឺជាផ្នែកមួយនៃកម្មវិធីបណ្ដុះបណ្ដាលជាងសំណង់ ដែលផ្ដួចផ្ដើមដោយក្រុមហ៊ុនអេសស៊ីជី ដែលជាពហុសាជីវកម្មឈានមុខគេមួយ នៅក្នុងតំបន់អាស៊ាន ដើម្បីផ្ដល់វគ្គបណ្ដុះបណ្ដាល ដល់ជាងសំណង់លើការងារបូកស៊ីម៉ង់ត៍ និងការងារប្រក់ដំបូល ដែលការបណ្ដុះបណ្ដាលនេះប្រព្រឹត្តទៅនៅឯវិទ្យាស្ថានបណ្ដុះបណ្ដាលវិជ្ជាជីវៈពីរ ហើយការប្រកួតមានរៀបចំឡើង ក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្ដាខេត្តធំៗទូទាំងប្រទេស។
លោក ពង់ថាណា ដេវីតាយ៉ាផន (Pongdhana Dejvittayaporn) នាយកផ្នែកលក់ និងទីផ្សាររបស់ក្រុមហ៊ុន អេសស៊ីជី បានថ្លែងថា «កម្មវិធីនេះ គឺជាការឆ្លុះបញ្ចាំងឲ្យឃើញ ពីសេចក្តីតាំងចិត្តរបស់អេសស៊ីជី ដែលមានបំណងជួយគាំទ្រដល់ភាគីពាក់ព័ន្ធសំខាន់ៗ ក្នុងការទទួលបានឱកាសល្អៗក្នុងអាជីពរបស់ខ្លួន និងមានឱកាសអភិវឌ្ឍគុណភាពជីវិតរបស់ខ្លួនឲ្យកាន់តែ ប្រសើរថែមទៀត»។
លោកបានបន្ដថា «ការប្រកួតជាងសំណង់ គឺជាផ្នែកមួយនៃកម្មវិធីបណ្ដុះបណ្ដាលជាងសំណង់ ដែលយើងមានបំណងអភិវឌ្ឍជំនាញរបស់ជាងសំណង់ ហើយបង្កើនឱកាសដល់ពួកគាត់ ក្នុងការរកប្រាក់ចំណូលឲ្យបានច្រើនជាងមុន។ បន្ទាប់ពីបានឆ្លងកាត់វគ្គបណ្ដុះបណ្ដាលរួចហើយ ជាងសំណង់ នឹងមានសិទ្ធិចូលរួមក្នុងការប្រកួតនេះ។ នេះជាឱកាស ដែលពួកគាត់អាចបង្ហាញពីជំនាញ និងសមត្ថភាពរបស់ខ្លួនឲ្យម្ចាស់លំនៅឋាន និងក្រុមហ៊ុនអចលនទ្រព្យនានាបានឃើញ។ ទន្ទឹមនឹងនេះ ជាងសំណង់នឹងមានឈ្មោះបោះសំឡេង ដែលធ្វើឲ្យគេទទួលបានការងារកាន់តែច្រើនថែមទៀត»។
លោក ពង់ថាណា ក៏បានបញ្ជាក់ទៀតថា «ហើយតាមរយៈការប្រកួតលើកនេះ យើងបានមើលឃើញថា ជំនាញក្នុងការបូកស៊ីម៉ង់ត៍របស់ជាងសំណង់ មានការរីកចម្រើនច្រើន បន្ទាប់ពីពួកគាត់បានទទួលការបណ្ដុះបណ្ដាល ពីវិទ្យាស្ថានបណ្ដុះបណ្ដាលជំនាញបច្ចេកទេសឈានមុខគេ ដែលយើងសហការជាមួយក្នុងកម្មវិធីនេះ»។
ការប្រកួតវគ្គជម្រុះតាមខេត្ត សម្រាប់ផ្នែកបូកស៊ីម៉ង់ត៍ នឹងប្រព្រឹត្តទៅនៅតាមទីរួមខេត្តសំខាន់ៗក្នុងប្រទេស ដែលនឹងរៀបចំឡើងក្នុងពេលប៉ុន្មានខែខាងមុខនេះ ដោយក្នុងនោះជយលាភី ពីវគ្គជម្រុះតាមខេត្ត នឹងចូលរួមការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ដែលរៀបចំដោយក្រុមហ៊ុនអេសស៊ីជី នៅរាជធានីភ្នំពេញ នាចុងឆ្នាំនេះ។
ក្នុងនោះ ជាងសំណង់នឹងប្រើប្រាស់ផលិតផល មានគុណភាពខ្ពស់ គឺស៊ីម៉ង់ត៍ ខេ-ស៊ីមេន របស់អេសស៊ីជី សម្រាប់ការប្រកួតផ្នែកបូកស៊ីម៉ង់ត៍ ហើយប្រើប្រាស់ក្បឿងអេសស៊ីជីក្នុងការប្រកួតប្រក់ដំបូល។ រាល់បេក្ខជន ដែលចូលរួមនឹងទទួលបានវិញ្ញាបនប័ត្រ ពីកម្មវិធីបណ្ដុះបណ្ដាល ហើយជយលាភីសម្រាប់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ នឹងទទួលបានរង្វាន់ជាទឹកប្រាក់ ២លានរៀល និងបានចូលរួមក្នុងដំណើរទស្សនកិច្ចអប់រំ ទៅកាន់ប្រទេសថៃ ដែលរៀបចំដោយក្រុមហ៊ុនអេសស៊ីជីផងដែរ។
តាមរយៈការសហការជាមួយនឹងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ការប្រកួត និងវគ្គបណ្ដុះបណ្ដាល គឺមានគោលបំណងអភិវឌ្ឍជំនាញរបស់ជាងសំណង់ លើកកម្ពស់គុណភាពសំណង់ និងជារួមគឺអភិវឌ្ឍឧស្សាហកម្មសំណង់ ។ គម្រោងនេះនឹងជួយឲ្យម្ចាស់លំនៅដ្ឋាន ឬក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យមានលទ្ធភាព កាន់តែទូលំទូលាយ ក្នុងការស្វែងរកជាងសំណង់ជំនាញ ដែលត្រឹមត្រូវសម្រាប់គម្រោងរបស់ខ្លួន ហើយទន្ទឹមនឹងនេះ ក៏នឹងជួយបង្កើនប្រាក់ឈ្នួល ដល់ជាងសំណង់ខ្លួនឯងដែរ ។
ជយលាភីម្នាក់ ដែលឈ្នះការប្រកួតនៅវគ្គជម្រុះនេះ គឺលោក ឃុំ ម៉ាញ មកពីខេត្តតាកែវ បាននិយាយថា «ខ្ញុំមានអារម្មណ៍ថា រំភើបក្នុងចិត្តមែនទែន ព្រោះមិនដែលធ្លាប់បានប្រកួតប្រជែងពីមុនមកទេ។ ការបណ្ដុះបណ្ដាលរៀនសូត្រនេះ ធ្វើឲ្យយើងយល់ដឹងបន្ថែមពីការងារបូកស៊ីម៉ង់ត៍នេះ និងបង្កើនជំនាញរបស់ខ្ញុំ។ សង្ឃឹមថា តាមរយៈការបណ្ដុះបណ្ដាលរបស់ អេសស៊ីជី នេះ នឹងជួយឲ្យខ្ញុំមានអតិថិជន និងប្រាក់ចំណូលកាន់តែច្រើន»។
ក្រុមហ៊ុនអេសស៊ីជី បានចាប់ផ្ដើមអនុវត្តកម្មវិធីបណ្ដុះបណ្ដាលជាងសំណង់កាលពីខែកុម្ភៈ ដើមឆ្នាំនេះ ដោយធ្វើការសហការជាមួយនឹងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) និងវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញ កម្ពុជា-ថៃ (CTSDI) ដើម្បីរៀបចំកម្មវិធីបណ្ដុះបណ្ដាល ស្ដីពី ការប្រើប្រាស់ឲ្យបានត្រឹមត្រូវនូវផលិតផល និងសម្ភារសំណង់ទំនើបថ្មីៗ។ កម្មវិធីនេះ គឺជាផ្នែកមួយនៃចក្ខុវិស័យ របស់ក្រុមហ៊ុនអេសស៊ីជី ក្នុងការគាំទ្រដល់ការអភិវឌ្ឍន៍យូរអង្វែងរបស់កម្ពុជា តាមរយៈការផ្ដល់នូវវគ្គបណ្ដុះបណ្ដាល ការអប់រំ និងការលើកកម្ពស់បទដ្ឋានសំណង់ ៕