(បាត់ដំបង)៖ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង នៅរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ បានត្រួតពិនិត្យដំណើរការអង្គភាពច្រកចេញចូលតែមួយរបស់សាលាខេត្ត ហើយបានបើកសម្ភោធដាក់ឱ្យដំណើរការជាផ្លូវការ។
ការត្រួតពិនិត្យ និងដាក់ឱ្យដំណើរការអង្គភាពច្រកចេញចូលតែ១នេះ បានធ្វើឡើងដោយមានការអញ្ជើញចូលរួមថ្នាក់ដឹកនាំ មន្រ្តីសាលាខេត្ត មន្ទីរស្ថាប័ននានា មន្រ្តីរាជការ អង្គភាពច្រកចេញ-ចូលមានមន្រ្តីជួរមុខ និងមន្រ្តីជួរក្រោយមកពីមន្ទីរវិស័យនានាជាច្រើនរូបទៀត។
លោក ងួន រតនៈ បានបញ្ជាក់ថា បន្ទាប់ពីបានអនុវត្តបណ្តោះអាសន្នយន្តការច្រកចេញ-ចូលតែមួយ របស់សាលាខេត្តបានជាង២ឆ្នាំមកនេះ ជាក់ស្តែងពេលនេះ រដ្ឋបាលខេត្ត និងថ្នាក់ដឹកនាំមួយចំនួន បានចុះត្រួតពិនិត្យ និងដាក់ឱ្យដំណើរការដោយមានកិច្ចសហការជាមួយមន្ទីរជំនាញស្ថាប័នរដ្ឋ ក្នុងខេត្តចំនួន១២មន្ទីរ ស្ថាប័ន ហើយបានបញ្ជូន
មន្រ្តីជួរក្រោយមកពីស្ថាប័ននានា ដើម្បីសហការទ្រទ្រង់ជាមន្រ្តីបច្ចេកទេសលើវិស័យផ្សេងគ្នា មានចំនួន១៤វិស័យ ក្នុងនោះ១២វិស័យ ជារបស់មន្ទីរស្ថាប័នរដ្ឋ និង២វិស័យជារបស់សាលាខេត្ត សរុបរួមមាន៣០៩សេវា សម្រាប់បម្រើអតិថិជនដែលមកស្នើសុំសេវារដ្ឋបាល ដោយបានកំណត់ពេលវេលាជាក់លាក់មួយនៃការផ្តល់សេវាទៅតាមវិស័យផ្សេងៗគ្នា ព្រមទាំងបានបង់ប្រាក់តាមតារាងតម្លៃរដ្ឋកំណត់។
លោកអភិបាលខេត្តបានបន្តថា មុខសេវារដ្ឋបាលដែលរដ្ឋយើងបានកំណត់រួចនោះមានទាំង១៤វិស័យគឺ ទី១៖ វិស័យសាធារណៈការ និងដឹកជញ្ជូន ទី២៖ វិស័យឧស្សាហកម្ម និងសិប្បកម្ម ទី៣៖ វិស័យបរិស្ថាន ទី៤៖ វិស័យរៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដី ទី៥៖ វិស័យវប្បធម៌ និងវិចិត្រសិល្បៈ ទី៦៖ វិស័យទេសចរណ៍ ទី៧៖ វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទី៨៖ វិស័យការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ទី៩ វិស័យពាណិជ្ជកម្ម ទី១០៖ សុខាភិបាល ទី១១៖ វិស័យរ៉ែ និងថាមពល ទី១២៖ វិស័យវិស័យនីត្យានុកូលកម្ម (របស់សាលាខេត្ត) ទី១៣៖ វិស័យព័ត៌មាន និងទី១៤វិស័យការងាររដ្ឋបាល (របស់សាលាខេត្ត) ក្រៅពីវិស័យទាំង១៤នេះមក ក្នុងនោះក៏មានការិយាល័យប្រជាពលរដ្ឋមួយចាំឃ្លាំមើល និងជួយធ្វើការសម្របសម្រួលក្នុងដែនសមត្ថកិច្ចអង្គភាពខ្លួន ដោយមានផ្នែកទទួលពាក្យបណ្តឹង និងកិច្ចការរដ្ឋបាល និងផ្នែកច្បាប់ និងស៊ើបអង្កេតចាំបម្រើប្រជាពលរដ្ឋផងដែរ។
លោកបានបញ្ជាក់ទៀតថ ការបង្កើតអង្គភាពច្រកចេញ-ចូលតែមួយនេះ គឺដើម្បីលើកកម្ពស់គោលការណ៍អភិបាលកិច្ចល្អ កែទម្រង់រដ្ឋបាលដោយពង្រីកវិសាលភាព នៃកាផ្តល់សេវាឱ្យទូលំទូលាយតាមរយៈការប្រមូលផ្តុំសេវាទាំងអស់មកនៅនឹងកន្លែងតែមួយដើម្បីផ្តល់ជូនប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ បង្ខិតរដ្ឋបាលខេត្តឱ្យនៅកៀកជិតនឹងប្រជាពលរដ្ឋ បង្កភាពងាយស្រួលក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ឱ្យបានឆាប់រហ័សប្រកបដោយប្រសិទ្ធភាព គុណភាព តម្លាភាព ឆ្លើយតបទាន់ពេលវេលាទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ដើម្បីកាតបន្ថយអំពើពុករលួយ រាំងស្កាត់ចំពោះមន្រ្តីណាដែលធ្វើប៉ះពាល់សិទ្ធិ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋ។ លើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋ ក្នុងការផ្តល់មតិយោបល់ និងការរិះគន់ស្ថាបនាដើម្បីកែលម្អការអនុវត្តប្រព័ន្ធរដ្ឋបាល។ ពង្រឹងសមត្ថភាពមន្រ្តីសាធារណៈក្នុងការផ្តល់សេវាជូន ប្រជាពលរដ្ឋប្រកបដោយភាពស្មោះត្រង់ និងការទទួលខុសត្រូវខ្ពស់ផងដែរ។
លោកបានបន្ថែមថា ដើម្បីឱ្យកិច្ចការដំណើរការទៅដោយរលូនបាន គឺមន្រ្តីអង្គភាពច្រកចេញ-ចូលតែមួយទាំងអស់ ទាំងជួរមុខ និងជួរក្រោយត្រូវសហការគ្នា ដោយមានការសម្របសម្រួលពីរដ្ឋបាលខេត្តផងនោះ យើងនាំគ្នាបម្រើសេវារដ្ឋបាលជូនប្រជាពលរដ្ឋ ឱ្យបានល្អចាប់ពីពេលនេះតទៅ៕