(កំពង់ធំ)៖ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានប្រកាសថា សូមបងប្អូនសូមកុំជឿឱ្យសោះ ចំពោះក្រុមជនអគតិមួយចំនួន ដែលបានដើរនិយាយបំភ្លៃមិនពិត ចំពោះពេលវេលាបោះឆ្នោត ហើយនិយាយថា ទឹកខ្មៅជ្រលក់ដៃបណ្តាលឲ្យស្លាប់ នេះមិនមែនជារឿងពិតនោះទេ។
លោក សោម ស៊ុន បានថ្លែងដូចនេះ ក្នុងឱកាសដែលលោកបានដឹកនាំសហការី និងក្រុមការងារសមាគមអតីតយុទ្ធជនកម្ពុជា ស្រុកសន្ទុក អញ្ជើញទៅសំណេះសំណាលសាកសួរសុខទុក្ខ អតីតយុទ្ធជនដែលជាជនពិការ ចំនួន៣២នាក់ នៅស្រុកសន្ទុក ខេត្តកំពង់ធំ ដែលពិធីនេះប្រព្រឹត្តទៅនៅផ្នែកសឹករងសន្ទុក ស្ថិតក្នុងភូមិប្រាសាទ ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ នៅល្ងាចថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨។
លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្សព្វផ្សាយអំពីសភាពការណ៍ថ្មីៗ ជូនដល់អតីតយុទ្ធជនពិការ ជាពិសេសកុំឱ្យចាញ់បោកក្រុមជនអគតិមួយចំនួន ដែលនិយាយបំភ្លៃពេលវេលាបោះឆ្នោត ខុសនឹងកាលបរិច្ឆេទដែល គ.ជ.ប បានកំណត់, ទឹកខ្មៅជ្រលក់ដៃបណ្តាលឱ្យស្លាប់ ។ល។ យើងទាំងអស់គ្នាត្រូវពិចារណាមើលលើការជាក់ស្តែង ដែលប្រទេសជាតិយើងបានឆ្លងកាត់ និងជួបប្រទះនូវព្រឹត្តិការណ៍ដ៏មហន្តរាយនារបបប្រល័យពូជសាសន៍ ប៉ុលពត រហូតដល់ថ្ងៃរំដោះ៧ មករា ១៩៧៩ និងបន្តអូសបន្លាយសង្គ្រាមយ៉ាងយូរដោយបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ សាធារណៈ និងឯកជនជាច្រើនពិសេសការបាត់បង់ពលរដ្ឋខ្មែររាប់ម៉ឺននាក់ ដោយសារតែការលូកដៃពីសំណាក់ពួកបរទេស ។
លោកបានបន្ថែមថា «ប្រទេសជាតិយើងបើគ្មានមេដឹកនាំចេះបត់បែន សមស្រមទៅតាមសភាពការណ៍ជាក់ស្តែង នៃនិន្នាការនយោបាយក្នុង និងនៅលើសកលលោកតើយើងអាច ឆ្លងកាត់ព្យុះកំណាច ដ៏ឃោរឃៅយង់ឃ្នងនោះរួចបានដែររឺទេ? ដូច្នេះយើងត្រូវតែនាំគ្នាចូលរួមថែរក្សានូវស្ថេរភាព សុខសុវត្ថិភាព សន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យដូចដែលយើងបានឃើញផ្ទាល់ និងខិតខំកសាងសាមគ្គីភាពជាធ្លុងមួយជួយកសាងប្រទេសជាតិ ឱ្យបានឆាប់រហ័សជាមួយគ្នា»។
លោកក៏បានរំឮកដល់បងប្អូនទាំងអស់ ត្រូវទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ដើម្បីជ្រើសរើសគណបក្សណាដែលបងប្អូនស្រឡាញ់ និងជឿទុកចិត្ត និងកុំចាញ់ការឃោសនា អកុសលរបស់ជនអគិត ទាំងឡាយ ដែលរារាំងបងប្អូនមិនឱ្យទៅបោះឆ្នោត។
អតីតយុទ្ធជនទាំងអស់គ្នា បានប្តេជ្ញាចិត្តនាំក្រុមគ្រួសារ និងសាច់ញាតិទៅចូលរួមបោះឆ្នោតជូនគណបក្សណាដែលថែរក្សាបានសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើន៕