(ពោធិ៍សាត់)៖ លោកឧត្តមសេនីយ៍ត្រី អ៊ុក សាម៉ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំង ផ្លាស់ប្តូរមុខងារ បំពាក់ឋាន្តរស័ក្តិ និងប្រគល់លិខិតសរសើរជូននាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថចំនួន១៣រូប។
ពិធីនេះប្រារព្ធធ្វើឡើង នៅបញ្ជាការដ្ឋានអាវុធហត្ថខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួម ពីលោកមេបញ្ជាការរង លោកនាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ មេបញ្ជាការមូលដ្ឋានក្រុងស្រុក និងនាយ-នាយរងកងរាជអាវុធហត្ថខេត្ត និងសមាជិកសមាជិកាផងដែរ។
ថ្លែងក្នុងពិធីនោះ លោកឧត្តមសេនីយ៍ត្រី អ៊ុក សាម៉ុន បានថ្លែងថា ដោយមានការដឹកនាំ ប្រកបដោយភាពប៉ិនប្រសព្វឈ្លាសវៃ និងការយកចិត្តទុកដាក់ខ្ពស់ របស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការស្តីទី នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងមានការប្រឹងប្រែងរបស់បងប្អូនកន្លងមក ក្នុងការហ្វឹកហ្វឺន រៀនសូត្រ និងការអនុវត្តការងារ ទទួលបានជោគជ័យ និងស្នាដៃជាច្រើន ទើបថ្នាក់ដឹកនាំបានសម្រេចប្រគល់ភារកិច្ចថ្មី និងដំឡើងឋានន្តរសក្តិ ជូនដល់បងប្អូន។
លោកឧត្តមសេនីយ៍ត្រី ក៏បានផ្តាំផ្ញើដល់បងប្អូនអាវុធហត្ថខេត្តទាំងអស់ ត្រូវលះបង់កម្លាំងកាយ កម្លាំងចិត្តដើរតាមមាគ៌ាដឹកនាំរបស់នាយឧត្តមសេនីយ៍ សៅ សុខា ក្នុងបុព្វហេតុការពារ ជាតិ សាសនា ព្រះមហាក្សត្រ និងបំពេញការងារប្រកបដោយក្រមសីលធម៌ គោរពវិន័យ បទបញ្ជា គោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់មនុស្ស ព្រមទាំងមាន សីលធម៌ សុជីវធម៌ល្អជាប្រចាំ ធ្វើខ្លួនជាអ្នកបំរើរាស្ត្រគ្រប់ពេលវេលា និងត្រូវប្តូរផ្តាច់ថែរក្សាការពារសន្តិភាព សុវត្ថិភាព និងការអភិវឌ្ឍ ដែលប្រទេសជាតិយើង កំពុងមានសព្វថ្ងៃ ឱ្យនៅគង់វង្សរីកចម្រើន តទៅមុខជានិរន្ត។ ជាពិសេសត្រូវលើកកំពស់ស្មារតី ស្រឡាញ់ ជឿជាក់ ស្មោះត្រង់ ប្តេជ្ញាការពារ នូវរាជរដ្ឋាភិបាលស្របច្បាប់ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នៅគ្រប់កាលៈទេសៈ មិនឱ្យមាន បដិវត្តពណ៌ កើតឡើងជាដាច់ខាត។
ទទ្ទឹមនឹងនេះលោកឧត្តមសេនីយ៍ត្រី អ៊ុក សាម៉ុន បានក្រើនរំលឹកដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តទាំងអស់ រួមជាមួយបងប្អូន ក្រុមគ្រួសារសាច់ញាតិ ដែលបានចុះឈ្មោះបោះឆ្នោតរួចហើយ សូមបំពេញកាតាព្វកិច្ចរបស់ខ្លួនជាប្រជាពលរដ្ឋ ទៅចូលរួមបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ឱ្យបានគ្រប់ៗ គ្នាកុំបីខាន៕