(ភ្នំពេញ)៖ អាជ្ញាធររាជធានីភ្នំពេញ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានរៀបចំផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សម្រាប់ដំណើរការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ឆ្នាំ២០១៨ នៅរាជធានីភ្នំពេញ ដោយបានដាក់កងកម្លាំងនគរបាលជាតិចំនួនជិត៥ពាន់នាក់ នៅតាមគោលដៅចំនួនដូចជា ការិយាល័យបោះឆ្នោត ជុំវិញបរិវេណការិយាល័យ ជាពិសេស មុន ក្នុង និងក្រោយពេលបោះឆ្នោត រហូតដល់ចប់ការបោះឆ្នោតជាស្ថាពរ។
នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ នៅពហុកីឡដ្ឋានជាតិអូឡាំពិកលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ និងលោកនាយឧត្តម សេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចុះពិនិត្យកងកម្លាំងនគរបាលជាតិ ដើម្បីត្រៀមលក្ខណៈការពារសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ និងឥស្សរជននយោបាយបេក្ខជនឈរបោះឆ្នោត។
សូមបញ្ជាក់ថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ទេព នីថា និងនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរងនគរបាលជាតិ និងជាអ្នកនាំពាក្យអគ្គស្នងការ បានអះអាងដូចគ្នាថា ករណីកម្លាំងសមត្ថកិច្ចជាច្រើនប្រមាណ៨ម៉ឺននាក់ ដើម្បីការពារសន្ដិសុខ សណ្ដាប់ធ្នាប់ ដំណើរការបោះឆ្នោតតំណាងរាស្ដ្រនីតិកាលទី៦ មិនមែនជាការគំរាមកំហែងនោះទេ ពោលគឺដោយសារតែកំណើនការិយាល័យបោះឆ្នោត។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់កម្មវិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីច្បាប់បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត និងក្រមសីលធម៌សម្រាប់ភ្នាក់ងារសន្តិសុខបោះឆ្នោត នៅរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨កន្លងទៅ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គលេខាធិការ គ.ជ.ប រូបនេះ បានលើកឡើងថា «ចំនួនកងកម្លាំងរក្សាសន្ដិសុខដែលច្រើន ទាក់ទងនឹងចំនួនការិយាល័យបោះឆ្នោត កាលណាចំនួនការិយាល័យបោះឆ្នោតច្រើន យើងត្រូវការកម្លាំងការពារច្រើនទៅតាមហ្នឹងដែរ ហើយជាធម្មតាគម្រោងនៅតាមការិយាល័យនីមួយៗ ត្រូវមានកម្លាំងការពារចំនួន៣នាក់ យើងបោះឆ្នោតបានជាង១០ដងហើយ កម្លាំងបានការពារសន្ដិសុខបានយ៉ាងល្អណាស់ ពុំមានការគំរាមកំហែងអ្វីនោះទេ»។
បើតាម លោក ទេព នីថា ការិយាល័យបោះឆ្នោតតំណាងរាស្ដ្រនីតិកាលទី៦ ឆ្នាំ២០១៨នេះ មានចំនួន ២,៣០០០ការិយាល័យ ហើយកម្លាំងសមត្ថកិច្ចចម្រុះ មានទាំងកម្លាំងនគរបាលជាតិ កម្លាំងកងយោធពលខេមរភូមិន្ទ និងកម្លាំងកងរាជអាវុធហត្ថ សរុបរហូតដល់៨ម៉ឺននាក់ បូករួមទាំងកម្លាំងប្រជាការពារ នឹងប្រើប្រាស់ដើម្បីការពារសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ សម្រាប់ការបោះឆ្នោតដ៏ធំមួយនេះ៕