(ព្រៃវែង)៖ ប្រជាជនរស់នៅឃុំព្រៃដើមថ្នឹង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង បានប្តេជ្ញាទៅបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ គ្រប់ៗគ្នា។
ពួកគាត់បានលើកហេតុផលជាច្រើន ដែលគាំទ្រគណបក្សប្រជាជនកម្ពុជា ក្នុងនោះ រួមមាន ឱកាសទទួលបានការអប់រំសម្រាប់កូនចៅជំនាន់ក្រោយ ការលើកកម្ពស់សេវាសាធារណៈ និងប្រព័ន្ធគាំពារសង្គមប្រកបដោយប្រសិទ្ធភាព និងចីរភាព ជាពិសេសការធានារក្សាសន្តិភាព និងការអភិវឌ្ឍយូរអង្វែង។
ប្រជាជនរស់នៅឃុំព្រៃដើមថ្នឹង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង បានមើលឃើញថា សន្តិភាព ស្ថិរភាពដ៏រឹងមាំបានផ្តល់ភាពអំណោយផលយ៉ាងខ្លាំង ដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម នៅក្នុងមូលដ្ឋានពួកគាត់ ឲ្យសម្រេចបានលទ្ធផលល្អប្រសើរ។
ពួកគាត់សង្កេតឃើញថា សមិទ្ធិផលថ្មីៗលើគ្រប់វិស័យបានកើតឡើងឥតឈប់ឈរនៅគ្រប់ទិសទី ដូចជា ផ្លូវ ស្ពាន ប្រព័ន្ធធារាសាស្រ្ត អណ្តូងទឹកស្អាត ភ្លើងអគ្គិសនី រោងចក្រ កសិដ្ឋាន សំណង់តូចធំ សាលារៀន មន្ទីរពេទ្យ វត្តអារាម។ល។ ត្រូវបានកសាងពង្រីកទាំងនៅក្នុងទីក្រុង និងទីជនបទ។
តំណាងប្រជាពលរដ្ឋរស់នៅព្រៃដើមថ្នឹង លោកស្រី ខេង សុខា បានជឿជាក់លើគោលនយោបាយដឹកនាំប្រទេសរបស់គណបក្សប្រជាជនកម្ពុជាដែលតែងរួមសុខ រួមទុក្ខជានិច្ចជាមួយប្រជាជន។
លោកស្រីវ័យ ៥២ឆ្នាំ បាននិយាយយ៉ាងម៉ឺងម៉ាត់ថា ការដឹកនាំប្រទេសរបស់គណបក្សប្រជាជនកម្ពុជា បានធ្វើឲ្យប្រជាជនគ្រប់ៗរូបមានកម្រិតជីវភាពកាន់តែប្រសើរឡើង ឥតឈប់ឈរ និងរស់នៅយ៉ាងរីករាយក្នុងសង្គមសន្តិភាព។ ជាក់ស្តែង លោកស្រីនិយាយថា យុវជននៅមូលដ្ឋានលោកស្រីគ្រប់ៗរូបមានឱកាសទទួលបានការអប់រំចាប់ពីកម្រិតបឋមសិក្សារហូតដល់ថ្នាក់វិទ្យាល័យ និងកម្រិតឧត្តមសិក្សា។
មិនខុសគ្នាប៉ុន្មាន លោកស្រី អោក សុវឿន ប្រជាពលរដ្ឋរស់នៅភូមិ៤ ឃុំព្រៃដើមថ្នឹងក៏មើលឃើញថា វិស័យអប់រំនៅមូលដ្ឋានត្រូវបានលើកកម្ពស់កាន់តែប្រសើរដែរ។ ក្រៅពីវិស័យអប់រំ លោកស្រីមើលឃើញថា ប្រព័ន្ធគាំពារសង្គមក៏ត្រូវបានលើកកម្ពស់ប្រកបដោយប្រសិទ្ធភាព និងចីរភាពទៀតផង។ លោកស្រី បានបញ្ជាក់ថា «ប្រជាជននៅក្នុងភូមិ ឃុំអាចទទួលបានសេវាសុខភាពកាន់តែប្រសើរនៅមណ្ឌលសុខភាព ហើយអ្នកខ្វះលទ្ធភាពទទួលបានសេវាពិនិត្យ និងព្យាបាលជំងឺដោយឥតបង់ថ្លៃនៅមណ្ឌលសុខភាព និងមន្ទីរពេទ្យរដ្ឋ»។
ដោយឡែក លោក នូក នីម បានពិនិត្យឃើញថា គោលនយោបាយគណបក្សប្រជាជនកម្ពុជា មានភាពច្បាស់លាស់។ លោកថា ការផ្តល់សេវាសាធារណៈនៅថ្នាក់មូលដ្ឋានជូនប្រជាជន ក៏ត្រូវបានលើកកម្ពស់ប្រកបដោយគុណភាព តម្លាភាព ប្រសិទ្ធភាព និងងាយស្រួលជាងមុន។ មានវ័យ៦៣ឆ្នាំ លោកបាននិយាយថា «ទាំងមន្ត្រីសាធារណៈ និងប្រជាជនមានការយល់ដឹងច្រើន ចេះសហការគ្នា ការចូលរួមលើកកម្ពស់សេវាសាធារណៈ ដូចជាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ តាមរយៈមូលនិធិឃុំ សង្កាត់ជាដើម»។
តំណាងប្រជាពលរដ្ឋខាងលើបានប្តេជ្ញាទៅបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ គ្រប់ៗគ្នា។
ឱកាសនេះដែរ លោក ជាម ប៉េអា បេក្ខជនតំណាងរាស្រ្តមណ្ឌលព្រៃវែង បានអំពាវនាវប្រជាជនឲ្យអញ្ជើញទៅបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា លេខរៀងទី២០ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ គ្រប់ៗគ្នា។ លោកបានថ្លែងថា គណបក្សប្រជាជនកម្ពុជាឈ្នះ គឺប្រជាជនគ្រប់ៗរូបជាអ្នកឈ្នះ, បោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា គឺធានារក្សាសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិយូរអង្វែង៕