(ស្ទឹងត្រែង)៖ អភិបាលខេត្តស្ទឹងត្រែង លោក មុំ សារឿន បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា គិតត្រឹមវេលាម៉ោងជាង៩ ព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨នេះ ទឹកទន្លេសេកុងនៅសល់១តឹក ទៀតប៉ុណ្ណោះ នឹងត្រូវឡើងដល់កម្រិតប្រកាសអាសន្នហើយ ដែលកម្រិតត្រូវប្រកាសអាសន្នគឺ១១៖៥០ម៉ែត្រ។
លោកអភិបាលខេត្តបានបញ្ជាក់ថា រហូតមកដល់ម៉ោងនេះ មិនទាន់អាចកំណត់ចំនួនប្រជាពលរដ្ឋដែលត្រូវជម្លៀសនោះទេ ប៉ុន្តែមានរាប់រយគ្រួសាដែលមានទីលំនៅក្នុងឃុំចំនួន៤ នៅស្រុកសៀមប៉ាង ដែលត្រូវទឹកលិចបណ្តើរៗ ដោយត្រូវបញ្ជូនពួកគាត់ទៅកាន់ទីទួលមានសុវត្ថិភាព ដែលមានចំងាយប្រមាណ១គីឡូម៉ែត្រ ឬឆ្ងាយជាងនេះ ពីកន្លែងទឹកលិច។
ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា គិមមកដល់វេលាព្រឹកព្រលឹមថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨នេះ ទឹកជំនន់ដែលហូរចេញពីការបាក់ទំនប់ Se-Pian Se Nam Noi ក្នុងខេត្ត Attapeu ប្រទេសឡាវ បានមកដល់ព្រំដែនប្រទេសកម្ពុជាជាបណ្តើរៗហើយ និងបានលិចចូលតំបន់មួយចំនួននៅក្នុងឃុំថ្មកែវ ឃុំសន្តិភាព និងឃុំសេកុង នៃស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
ដោយពាក់ព័ន្ធបញ្ហាសុខភាពវិញ បន្ទាប់ពីទទួលបានដំណឹងពីការលិចលង់ដោយទឹកជំនន់ ដែលហូរធ្លាក់ពីប្រទេសឡាវ ដោយប្រជាពលរដ្ឋកម្ពុជារស់នៅតំបន់មួយចំនួន ក្នុងខេត្តស្ទឹងត្រែង ត្រូវបានជម្លៀសរកទីទួលសុវត្ថិភាពនោះ នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨នេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានប្រាប់ឲ្យប្រធានមន្ទីរសុខាភិបាលខេត្ត ប្រញាប់ចុះចែកមុងជ្រលក់ថ្នាំ និងចាក់វ៉ាក់សាំងការពារជំងឺឆ្លងផ្សេងៗ ពិសេសជំងឺគ្រុនចាញ់ជូនដល់កុមារ និងស្ត្រីមានផ្ទៃពោះ ដែលងាយរងគ្រោះដោយសារទឹកជំនន់នោះ។
លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល ម៉ម ប៊ុនហេង បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៥ ខែកក្កដានេះយ៉ាងដូច្នេះថា «នៅខណៈពេលដែលមានបញ្ហាទឹកជំនន់នៅខេត្តស្ទឹងត្រែង ខ្ញុំបានប្រាប់ឲ្យមន្ទីរសុខាភិបាលខេត្ត ឲ្យចុះចែកមុងជ្រលក់ថ្នាំ និងចាក់វ៉ាក់សាំងដល់កុមារ និងស្ត្រីមានផ្ទៃពោះ ដើម្បីការពារជំងឺផ្សេងៗ ពិសេសជំងឺគ្រុណចាញ់»។
លោក ម៉ម ប៊ុនហេង បញ្ជាក់បន្ថែមថា ដើម្បីការពារការខ្វះខាតមុងជ្រលក់ថ្នាំសម្រាប់ចែកជូនបងប្អូនប្រជាពលរដ្ឋ ពេលនេះក្រសួងសុខាភិបាល បាននិងកំពុងបញ្ជូនមុងចំនួន៤០០០មុងថែមទៀត ដើម្បីទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋនៅខេត្តស្ទឹងត្រែង។ លោករដ្ឋមន្ត្រី ក៏សូមអំពាវនាវដល់បងប្អូនទាំងអស់ ការពារសុខភាពតាមរយៈការហូបស្អាតទឹកស្អាត និងកុំឲ្យកូនតូចៗ លេងទឹកដោយធ្វេសប្រហែសដោយសោះ ព្រោះអាចមានគ្រោះថ្នាក់ជាយថាហេតុ។
សូមបញ្ជាក់ថា ក្រុមអ្នកជួយសង្រ្គោះឡាវកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងស្វែងរកអ្នកនៅរស់រាន្តមានជីវិត បន្ទាប់ពីទំនប់វារីអគ្គិសនីមួយកន្លែង នៅក្នុងប្រទេសនេះ បានបាក់រលំកាលពីថ្ងៃចន្ទ ដោយបង្កជាគ្រោះទឹកជំនន់នៅតាមភូមិជាច្រើន និងផ្ដាច់យកជីវិតមនុស្ស២០នាក់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃពុធ ទី២៥ ខែកក្កដា ឆ្នាំ២០១៨។
ជាមួយគ្នានោះដែរ បើតាមអាជ្ញាធរឡាវ មនុស្សជាង១០០នាក់ នៅតែបន្តបាត់ខ្លួននៅឡើយ ហើយរាប់ពាន់នាក់ទៀតបានបាត់បង់ ផ្ទះសម្បែងរបស់ពួកគេ។
បើតាមលោក តែ ណាវុធ អគ្គលេខាធិការគណៈកម្មាធិការជាតិទន្លេមេគង្គ បានបញ្ជាក់ថា ទំនប់ Se-Pian Se Nam Noi ក្នុងខេត្ត Attapeu ជាគម្រោងមួយស្ថិតក្រោមការសាងសង់របស់ក្រុមហ៊ុនកូរ៉េ៕