(ស្ទឹងត្រែង)៖ បន្ទាប់ពីទទួលបានដំណឹងពីការលិចលង់ដោយទឹកជំនន់ ដែលហូរធ្លាក់ពីប្រទេសឡាវ ដោយប្រជាពលរដ្ឋកម្ពុជារស់នៅតំបន់មួយចំនួន ក្នុងខេត្តស្ទឹងត្រែង ត្រូវបានជម្លៀសរកទីទួលសុវត្ថិភាពនោះ នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨នេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានប្រាប់ឲ្យប្រធានមន្ទីរសុខាភិបាលខេត្ត ប្រញាប់ចុះចែកមុងជ្រលក់ថ្នាំ និងចាក់វ៉ាក់សាំងការពារជំងឺឆ្លងផ្សេងៗ ពិសេសជំងឺគ្រុនចាញ់ជូនដល់កុមារ និងស្ត្រីមានផ្ទៃពោះ ដែលងាយរងគ្រោះដោយសារទឹកជំនន់នោះ។
លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល ម៉ម ប៊ុនហេង បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៥ ខែកក្កដានេះយ៉ាងដូច្នេះថា «នៅខណៈពេលដែលមានបញ្ហាទឹកជំនន់នៅខេត្តស្ទឹងត្រែង ខ្ញុំបានប្រាប់ឲ្យមន្ទីរសុខាភិបាលខេត្ត ឲ្យចុះចែកមុងជ្រលក់ថ្នាំ និងចាក់វ៉ាក់សាំងដល់កុមារ និងស្ត្រីមានផ្ទៃពោះ ដើម្បីការពារជំងឺផ្សេងៗ ពិសេសជំងឺគ្រុណចាញ់»។
លោក ម៉ម ប៊ុនហេង បញ្ជាក់បន្ថែមថា ដើម្បីការពារការខ្វះខាតមុងជ្រលក់ថ្នាំសម្រាប់ចែកជូនបងប្អូនប្រជាពលរដ្ឋ ពេលនេះក្រសួងសុខាភិបាល បាននិងកំពុងបញ្ជូនមុងចំនួន៤០០០មុងថែមទៀត ដើម្បីទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋនៅខេត្តស្ទឹងត្រែង។
លោករដ្ឋមន្ត្រី ក៏សូមអំពាវនាវដល់បងប្អូនទាំងអស់ ការពារសុខភាពតាមរយៈការហូបស្អាតទឹកស្អាត និងកុំឲ្យកូនតូចៗ លេងទឹកដោយធ្វេសប្រហែសដោយសោះ ព្រោះអាចមានគ្រោះថ្នាក់ជាយថាហេតុ។
សូមជម្រាបថា គិមមកដល់វេលាព្រឹកព្រលឹមថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨នេះ ទឹកជំនន់ដែលហូរចេញពីការបាក់ទំនប់ Se-Pian Se Nam Noi ក្នុងខេត្ត Attapeu ប្រទេសឡាវ បានមកដល់ព្រំដែនប្រទេសកម្ពុជាជាបណ្តើរៗហើយ និងបានលិចចូលតំបន់មួយចំនួននៅក្នុងឃុំថ្មកែវ ឃុំសន្តិភាព និងឃុំសេកុង នៃស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។ ការលិចលង់នេះបង្ខំឲ្យអាជ្ញាធរត្រូវជម្រៀលប្រជាជនទៅរកកន្លែងសុវត្ថិភាពមួយចំនួនផងដែរ៕
រូបភាពអាជ្ញាធរជម្លៀសប្រជាពលរដ្ឋ