(កោះកុង)៖ ក្រសួងបរិស្ថាន សហការជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលខេត្តកោះកុង បានចុះពិនិត្យវាស់វែង និងកំណត់អត្តសញ្ញាណក្បាលដី ឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង ហើយអង្គការចំនួន៣ រួមមានអង្គការសម្ព័ន្ធមិត្តសត្វព្រៃ អង្គការលីកាដូ និងអាដហុក ត្រូវបានអញ្ជើញឲ្យចូលរួមពិនិត្យការវាស់វែងនេះ ប៉ុន្តែអង្គការចំនួន២ មិនបានចូលរួមក្នុងដំណើរការវាស់វែងនេះឡើយ គឺអង្គការលីកាដូ និងអាដហុក ទោះបីរដ្ឋបាលខេត្តកោះកុងបានអញ្ជើញជាផ្លូវការក៏ដោយ។

ទើបនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨នេះ ជាថ្មីម្តងទៀត ដើម្បីជំរុញឲ្យដំណើរការចុះវាស់វែង និងកំណត់អត្តសញ្ញាណក្បាលដី ដែលប្រជាពលរដ្ឋនៅឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ចូលរស់នៅកាន់កាប់ ប្រើប្រាស់ និងអាស្រ័យផល និងកំពុងមានវិវាទជាមួយក្រុមហ៊ុន Union Development Group Co.,Ltd នោះរដ្ឋបាលខេត្តកោះកុង បានធ្វើលិខិតអញ្ជើញអង្គការទាំង៣​នេះជាថ្មី ដើម្បីឲ្យចូលរួមពិនិត្យដំណើរការកំណត់អត្តសញ្ញាណក្បាលដី នាថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨ ខាងមុខ។

ក្នុងលិខិតអញ្ជើញរបស់រដ្ឋបាលខេត្តកោះកុង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៤ ខែកក្កដានេះ បានសង្កត់ធ្ងន់ថា «ដើម្បីឱ្យដំណើរការស្រង់ទិន្នន័យនេះ ប្រកបដោយតម្លាភាព រដ្ឋបាលបាលខេត្តកោះកុង សូមអំពាវនាវដល់កញ្ញាប្រធាន និងលោកប្រធាន បន្តចូលរួមសហការជាមួយក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រុមការងារក្រសួងបរិស្ថាន និងក្រុមការងារខេត្ត ចាប់ពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨ រហូតដល់បញ្ចប់ដំណើរការចុះស្រង់ទិន្នន័យរួចរាល់ជាស្ថាពរ»៕