(ភ្នំពេញ)៖ អ្នកសង្កេតការណ៍អន្តរជាតិប្រមាណ ២២០នាក់ តំណាងឲ្យអង្គការ ស្ថាប័ន និងប្រទេសចំនួន៥២ ជុំវិញពិភពលោក ត្រូវបានអះអាងថា មានឯករាជ្យភាពពេញលេញក្នុងការពិនិត្យ និងតាមដានដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ នាថ្ងៃអាទិត្យ ទី២៩ ខែកក្កដា សប្តាហ៍នេះ ហើយពួកគេក៏អាចចេញសេចក្តីថ្លែងការណ៍តាមការមើលឃើញរបស់ពួកគេដោយគ្មានការបង្ខិតបង្ខំពីគណបក្សនយោបាយ ឬស្ថាប័នណាមួយរបស់កម្ពុជានោះឡើយ។ នេះជាការអះអាងរបស់លោក កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល និងជាប្រធានគណៈកម្មការសម្របសម្រួលការងារអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិសម្រាប់ការបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្តនីតិកាលទី៦នេះ។
ក្នុងពិធីបង្ហាញពីការចូលរួមរបស់អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ នារសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨នេះ លោក កឹមរ័ត្ន វិសិដ្ឋ បានបញ្ជាក់ឲ្យដឹងថា អង្គការ ស្ថាប័នអន្តរជាតិ ដែលនឹងចូលរួមសង្កេតការណ៍ការបោះឆ្នោតនៅកម្ពុជានាពេលនេះ ជាអង្គការ ស្ថាប័នធំៗ ដែលមានបទពិសោធន៍ចូលរួមសង្កេតការណ៍បោះឆ្នោតជាច្រើនប្រ ទេសនៅលើពិភពលោក។
បើតាមលោក កឹម រ័ត្ន វិសិដ្ឋ តំណាងមកពីអង្គការ ស្ថាប័នអន្តរជាតិនេះមានដូចជា អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (CDI), សន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP), អង្គការអ្នកប្រជាធិបតេយ្យនិយមកណញតាលអាស៊ី-ប៉ាស៊ីហ្វិក (CAPDI), អង្គកាសមាគមសភាអាស៊ី (APA), អង្គការសមាគមអន្តរសភាអាស៊ាន (AIPA), អង្គការសហប្រតិបត្តិការសៀងហៃ (SCO) និងអង្គការសភានៃប្រទេសនិយាយភាសាបារាំង។
ប្រធានប្រធានគណៈកម្មការសម្របសម្រួលការងារអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិសម្រាប់ការបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្តនីតិកាលទី៦រូបនេះ ក៏បានអះអាងផងដែរថា តំណាងអង្គការ ស្ថាប័នអន្តរជាតិ ដែលជាអ្នកសង្កេតការណ៍អន្តរជាតិនេះ ក៏មានអញ្ជើញមកពីបណ្តាប្រទេសនៅសហគមន៍អឺរ៉ុប ហើយក៏ធ្លាប់បានចូលរួមសង្កេតការណ៍ដំណើរការបោះឆ្នោត នៅបណ្តាប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យជាច្រើននៅលើពិភពលោកផងដែរ។
អ្នកសង្កេតការណ៍ គឺជាចំណែកមួយដ៏សំខាន់ក្នុងការធានាលើភាពត្រឹមត្រូវ និងយុត្តិធម៌នៃដំណើរការបោះឆ្នោត។ កន្លងទៅមានការលើកឡើងថា អ្នកសង្កេតការណ៍អន្តរជាតិមិនមានភាពអព្យាក្រិត ហើយត្រូវបានស្ថាប័នរបស់រាជរដ្ឋាភិបាលកម្ពុជាបង្គាប់បញ្ជាឲ្យចេញសេចក្តីថ្លែងការណ៍ លើកសរសើរពីភាពល្អប្រសើរនៃដំណើរការបោះឆ្នោតនៅកម្ពុជាជាដើម។
ឆ្លើយតបសំណួររបស់អ្នកព័ត៌មានថា តើអ្នកសង្កេតការណ៍អន្តរជាតិទាំងនេះមានឯករាជ្យភាព និងអព្យាក្រិតកម្រិតណាក្នុងការពិនិត្យតាមដានដំណើរការបោះឆ្នោត ក៏ដូចជាចេញសេចក្តីថ្លែងការណ៍នានាពាក់ព័ន្ធការបោះឆ្នោតនៅកម្ពុជានាអាណត្តិនេះ? លោក កឹមរ័ត្ន វិសិដ្ឋ បានថ្លែងថា អ្នកសង្កេតការណ៍អន្តរជាតិទាំងនេះ មានឯករាជ្យភាពពេញលេញក្នុងការពិនិត្យតាមដានដំណើរការបោះឆ្នោតនៅកម្ពុជា ក៏ដូចជាចេញសេចក្តីថ្លែងការណ៍វាយតម្លៃដំណើរការបោះឆ្នោតនៅកម្ពុជា ដោយគ្មានការបង្ខិតបង្ខំពីគណបក្សនយោបាយ ឬ ស្ថាប័នណាមួយនោះឡើយ។
លោក កឹមរ័ត្ន វិសិដ្ឋ បានថ្លែងបញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំសូមបញ្ជាក់ជូនថា បណ្តាអ្នកសង្កេតការណ៍អន្តរជាតិដែលលោកអញ្ជើញមកនេះ គឺតំណាងឲ្យស្ថាប័នអន្តរជាតិធំៗណាស់ ដូចជា CDI អ៊ីចឹងប្រធានស្ថាប័នហ្នឹងជាអតីតប្រធានាធិបតីកូឡុំប៊ី ដឹកនាំប្រតិភូ CDI ហ្នឹង ហើយស្ថាប័ននេះ តំណាងឲ្យគណបក្សនយោបាយនៅទ្វីបអឺរ៉ុប នៅទ្វីបអាហ្វ្រិក ទ្វីបអាមេរិកឡាទីន អ្នកស្រឡាញ់ប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ»។
លោក កឹមរ័ត្ន វិសិដ្ឋ បន្តថា «អ៊ីចឹងស្ថាប័នបែបនេះ យើងគិតមើលទាំងអស់គ្នាមើលថា តើយើងអាចទៅចាប់បង្ខំគាត់ឲ្យចេញសេចក្តីថ្លែងការណ៍យ៉ាងនេះ យ៉ាងនោះ តាមយើងចង់បានដែរឬទេ? ដូច្នេះយើងអាចឃើញច្បាស់ថា អ្នកដែលអញ្ជើញមកនេះគឺមានអធិបតេយ្យរបស់គាត់ មានភាពជាម្ចាស់របស់គាត់ ក្នុងការចេញសេចក្តីថ្លែងការណ៍ ដែលជាការវាយតម្លៃសភាពការណ៍ពិតក្នុងដំណើរការនៃការបោះឆ្នោតនៅកម្ពុជានាពេលខាងមុខនេះ»។
សូមបញ្ជាក់ថា អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ គឺនីតិវិធីមួយក្នុងចំណោមនីវិធីជាច្រើនទៀតរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីធានាអះអាងថា ដំណើរការបោះឆ្នោតប្រព្រឹត្តទៅដោយភាពត្រឹមត្រូវ និងយុត្តិធម៌។ គិតមកដល់ត្រឹមថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានទទួលស្គាល់អ្នកសង្កេតការណ៍ជាតិជិត ៨ម៉ឺននាក់ និងអន្តរជាតិជាង ២០០នាក់ហើយ។ អ្នកសង្កេតការណ៍ទាំងនេះ នឹងត្រូវពង្រាយនៅគ្រប់ការិនិយាល័បោះឆ្នោត ដើម្បីពិនិត្យ និងតាមដានដំណើរការបោះឆ្នោតនៅកម្ពុជានៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា សប្តាហ៍នេះ។
ក្រៅពីអ្នកសង្កេតការណ៍ទាំងនេះទៅគណបក្សនយោបាយទាំង២០ ក៏បានដាក់ទីភ្នាក់ងាររបស់ខ្លួនជិត ៨ម៉ឺននាក់ថែមទៀត ចូលរួមតាមដានដំណើរការនៃការបោះឆ្នោត។ តាមរយៈអ្នកសង្កេតការណ៍ជាតិ-អន្តរជាតិ និងទីភ្នាក់ងារគណបក្សនយោបាយសរុបជិត ១៦ម៉ឺននាក់នេះ ត្រូវបានគេវាយតម្លៃថា ជាភ្នែកជាច្រមុះដ៏សំខាន់ក្នុងការធានាដំណើរការបោះឆ្នោតនៅថ្ងៃអាទិត្យ សប្តាហ៍នេះ មានភាពសុក្រឹតត្រឹមត្រូវ និងយុត្តិធម៌៕