(ភ្នំពេញ)៖ វេទិកាសម្ព័ន្ធសង្គមស៊ីវិល បានចេញសេចក្តីប្រកាស នៅយប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨នេះថា សម្រាប់ការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ នឹងមានអ្នកសង្កេតការណ៍ជាតិចំនួន១០៣៦នាក់ មកពីអង្គការ សមាគម នៅទូទាំង២៥រាជធានីខេត្ត ដែលជាសមាជិកវេទិកាសម្ព័ន្ធសង្គមស៊ីវិល និងក្រុមអ្នកសង្កេតការណ៍អន្តរជាតិចំនួន ២២០នាក់ តំណាងឱ្យអង្គការ ស្ថាប័ន និងតំណាងប្រទេសចំនួន៥២ នៅលើពិភពលោក ចូលរួមសង្កេតការណ៍បោះឆ្នោតនៅកម្ពុជា។
បន្ទាប់ពីបញ្ចប់ការងារសង្កេតការណ៍បោះឆ្នោត ក្រុមអ្នកសង្កេតការអន្តរជាតិ នឹងធ្វើសន្និសីទសារព័ត៌មាន នៅល្ងាចថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។ ចំណែកក្រុមអ្នកសង្កេតការណ៍ជាតិ គ្រោងនឹងធ្វើសន្និសីទនៅរសៀល ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ ដើម្បីបង្ហាញពីការពិតនូវដំណើរការបោះឆ្នោត ក្នុងនាមជាសាក្សី ដែលបានចុះទៅសង្កេតការណ៍ដោយផ្ទាល់ នៅតាមការិយាល័យបោះឆ្នោតនានា។
លោក កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាល នៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល និងជាប្រធានគណៈកម្មការសម្របសម្រួលការងារអ្នកសង្កេតការណ៍ជាតិនិងអន្តរជាតិ សម្រាប់ការបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្ត នីតិកាលទី៦ ឆ្នាំ២០១៨ បានលើកឡើងថា អង្គការជាតិ និងអន្តរជាតិខាងលើ បានស្នើសុំចូលរួមសង្កេតការណ៍ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦នេះ តាមរយៈគណៈកម្មការសម្របសម្រួលការងារអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ សម្រាប់ការបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្ត នីតិកាលទី៦ ដើម្បីងាយស្រួលបានចូលរួមក្នុងការងារសង្កេតការណ៍ការបោះឆ្នោតនៅកម្ពុជា ជាពិសេសការបំពេញបែបបទ នីតិវិធី ជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរបស់កម្ពុជា។
លោក កឹមរ័ត្ន វិសិដ្ឋ បានមានប្រសាសន៍បន្តថា គណៈកម្មការសម្របសម្រួលការងារអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ សម្រាប់ការបោះឆ្នោតជ្រើសតាំងងតំណាងរាស្រ្ត នីតិកាលទី៦ ឆ្នាំ២០១៨ នៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល ជាក្រុមការងារមួយដែលមានសមាសភាពចម្រុះ មកពីខាងអង្គការសង្គមស៊ីវិល និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីចូលរួមបំពេញភារកិច្ចដ៏មានសារសំខាន់ក្នុងការសម្របសម្រួលការងារអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ចូលរួមឃ្លាំមើលដំណើរការបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្ត នីតិកាលទី៦ ឆ្នាំ២០១៨ ឱ្យបានត្រឹមត្រូវ ប្រកបដោយតម្លាភាព។
លោកប្រធានបានគូសបញ្ជាក់ថា បេសកកម្មពិសេសរបស់គណៈកម្មការសម្របសម្រួលការងារអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ឆ្នាំ២០១៨ គឺដើម្បីធានាបាននូវភាពជាម្ចាស់ និងសិទ្ធិស្វ័យសម្រេចជាអធិបតេយ្យរបស់ប្រជាពលរដ្ឋកម្ពុជាលើជោគវាសនារបស់ប្រជាជាតិ តាមរយៈការសម្របសម្រួលឱ្យមានការចូលរួមយ៉ាងទូលំទូលាយ ពីអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ព្រមទាំងបណ្តាញសារព័ត៌មាន ក្នុងការពិនិត្យ និងធ្វើជាសាក្សីផ្ទាល់ក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦នេះ ប្រកបដោយភាពត្រឹមត្រូវ សេរី និងយុត្តិធម៌ ទៅតាមមាគ៌ាដ៏ត្រឹមត្រូវ នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស រដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិជាធរមាននៅកម្ពុជា គឺជាបេសកកម្មចម្បងរបស់គណៈកម្មការសម្របសម្រួលនេះ។
អង្គការ ស្ថាប័នអន្តរជាតិដែលនឹងចូលរួមសង្កេតការណ៍ បោះឆ្នោតនៅកម្ពុជា នាពេលនេះ ជាអង្គការស្ថាប័នធំៗ ដែលមានបទពិសោធន៍ចូលរួមសង្កេតការណ៍ បោះឆ្នោតជាច្រើនប្រទេសនៅលើពិភពលោក ដែលមានដូចជា សន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី (International Conference of Asian Political Parties) ដែលហៅកាត់ថា ICAPP គឺជាស្ថាប័នមួយ បានបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរយោបល់ និងទស្សនៈគ្នារវាងបណ្តា គណបក្សនយោបាយ ក្នុងតំបន់ដែលមានមនោគមវិជ្ជាខុសៗគ្នា និងបង្កើនការយល់ដឹង និងទំនុកចិត្តគ្នាទៅវិញទៅមក ក្នុងរង្វង់ប្រទេស និងប្រជាជនក្នុងតំបន់។ គិតមកត្រឹមដើមឆ្នាំ២០១៨នេះ ICAPP មានសមាជិកចំនួន ៣៥៥ គណបក្សនយោបាយ មកពី៥២ប្រទេស និង១ដែនដី។
អង្គការធំមួយទៀតដែលចូលរួមឃ្លាំមើលការបោះឆ្នោតនាពេលខាងមុខនេះដែរ គឺអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអន្តរជាតិ ដែលហៅកាត់ថា CDI។ CDI គឺជាអង្គការមួយដែលមានគណបក្សនយោបាយចំនួន ៧៤ ជាសមាជិក មកពី ៦៣ប្រទេស និងគណបក្សនយោបាយចំនួន១២ ជាអ្នកសង្កេតការណ៍ និងដែលបានបង្កើត ឡើងនៅឆ្នាំ១៩៦១។
ក្រៅពីអង្គការ ស្ថាប័នធំៗទំាងនេះ នៅមានអង្គការ សមាគមធំៗមកពីទ្វីបអឺរ៉ុប អាស៊ី មួយចំនួនទៀត ដែលនឹងមានវត្តមានធ្វើជាអ្នកសង្កេតការណ៍បោះឆ្នោតនៅកម្ពុជា ដែលដូចជា អន្តរសភាអាស៊ាន ដែលហៅគាត់ថា AIPA សភាតំបន់អាស៊ី ដែលហៅកាត់ថា APA និងក្រុមសភានិយាយភាសាបារំាង ដែលហៅកាត់ថា APF ដែលនឹងចូលរួមសង្កេតការណ៍ បោះឆ្នោតនាថ្ងៃទី២៩ ខែកក្កដាខាងមុខនេះ តាមរយៈគណៈកម្មការសម្របសម្រួលការងារអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ សម្រាប់ការបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្ត នីតិកាលទី៦ ឆ្នាំ២០១៨ នៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល។
ចំណែកអង្គការ សមាគមជាតិដែលបានចូលរួមសង្កេតការណ៍បោះឆ្នោតតាមរយៈគណៈកម្មការសម្របសម្រួលការងារអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ សម្រាប់ការបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្ត នីតិកាលទី៦ ឆ្នាំ២០១៨ នៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល នោះវិញ ជាសង្គមស៊ីល ដែលធ្វើការខាងវិស័យសិទ្ធិមនុស្ស ប្រជាធិបតេយ្យ ការអភិវឌ្ឍ សុខភាព កសិកម្ម និងអប់រំ ជាដើម។
សូមជម្រាបថា វេទិកាសម្ព័ន្ធសង្គមស៊ីវិល (ហៅកាត់ថា វ.ស.ស.) ដែលសម្របសម្រួលការងារគណៈកម្មការសម្របសម្រួលការងារអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ សម្រាប់ការ បោះឆ្នោតជ្រើសតំាងតំណាងរាស្រ្ត នីតិកាលទី៦ ឆ្នាំ២០១៨ ជាស្ថាប័នមួយបានបង្កើតឡើងនៅឆ្នាំ២០១៦ ក្នុងគោលបំណងសម្របសម្រួល និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាល ជាមួយបណ្តាអង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិ ឱ្យកាន់តែជិតស្និទ្ធនិងបង្កើតនូវបរិយាកាសសហការដោយស្មោះត្រង់ សំដៅចូលរួមចំណែកលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងថែមទៀត៕
ខាងក្រោមនេះជាសេចក្តីប្រកាសរបស់វេទិកាសម្ព័ន្ធសង្គមស៊ីវិល៖