(ភ្នំពេញ)៖ ក្រោមកិច្ចសហការរវាង២សហគ្រាសផ្សេងគ្នា ដែលមានមន្ទីរពេទ្យជោរៃភ្នំពេញ និងក្រុមហ៊ុនឱសថ DHG PHARMA ផ្តល់ការពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋនៅកម្ពុជា១ពាន់នាក់ ដោយមានមិនការគិតថ្លៃសេវាបង់ប្រាក់ទាំងអស់ ដែលនេះជាកិច្ចសហការល្អ ជំរុញដល់វិស័យសុខាភិបាលកម្ពុជា កាន់តែឈានទៅមុខមួយកម្រិតទៀត។
នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ មន្ទីរពេទ្យជោរៃភ្នំពេញ និង ក្រុមហ៊ុនឱសថ DHG PHARMA បានបង្កើតកម្មវិធីមួយដែលមានឈ្នោះថា «កម្មវិធីសប្បុរសធម៌» ដែលមានការចូលរួមពី លោក ទ្រឹង ថាញ់ទុង (Tran Thanh Tung) អគ្គនាយកមន្ទីរពេទ្យជោរៃភ្នំពេញ លោក កែវ រិន នាយកក្រុមហ៊ុន Panaco អ្នកចែកចាយផ្ដាច់មុខ នៃផលិតផល DHG Pharma នៅកម្ពុជា រួមនឹងថ្នាក់ដឹកនាំមួយចំនួនទៀតផងដែរ។
ក្នុងឱកាសនោះ លោកវេជ្ជបណ្ឌិត ទ្រឹង ថាញ់ទុង បានលើកឡើងថា ការចាប់ដៃគូសហការនេះ គឺដើម្បីឲ្យប្រជាជនកម្ពុជា ទទួលបានសេវា ពិនតិ្យ និងព្យាបាលដោយឥតគិតថ្លៃ ពីមន្ទីរពេទ្យជោរៃ រួមនឹងក្រុមហ៊ុនឱសថ DHG PHARMA ។
លោកបន្ថែមថា «នៅឆ្នាំ២០១៧កន្លងទៅ មន្ទីរពេទ្យជោរៃភ្នំពេញ បានពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃចំនួន១២ដង ហើយឆ្នាំ២០១៨នេះ ក៏ពិនិត្យព្យាបាលចំនួន១២ដង ដូចនឹងឆ្នាំមុនផងដែរ»។
លោកបញ្ជាក់បន្ថែមថា សេវាទាំង១២នោះ មានសេវាព្យាបាលប្រព័ន្ធប្រសាទ, ទឹកនោមផ្អែម, លើសឈាម និងសេវាព្យាបាលជាច្រើនទៀត ហើយសម្រាប់ថ្ងៃនេះ មន្ទីរពេទ្យបានព្យាបាលជំងឺម្យ៉ាងទាក់ទង និងប្រព័ន្ធរំលាយអាហារ។
ជាមួយគ្នានោះដែរ លោក កែវ រិន នាយកក្រុមហ៊ុន Panaco បានលើកឡើងថា «លោកមានកិត្តិយសណាស់ ដែល DHG Pharma សហការជាមួយមន្ទីរពេទ្យជោរៃ នៅក្នុងដំណើរការពិនិត្យព្យាបាល ជំងឺដោយឥតគិតថ្លៃ សម្រាប់ប្រជាជនកម្ពុជាចំនួន ១០០០នាក់»។
លោកបន្ថែមទៀតថា «កាលពីឆ្នាំ២០១៧ នៅពេលដែលខ្ញុំមានឱកាសជួបជាមួយវេជ្ជបណ្ឌិតមន្ទីរពេទ្យជោរៃភ្នំពេញ ភាគីទាំងពីរ DHG និងមន្ទីរពេត្យជោរៃ បានទទួលស្គាល់នូវ ចក្ខុវិស័យរួមក្នុងបេសកកម្មដើម្បីនាំមកនូវ អត្ថប្រយោជន៍ជាក់ស្ដែងដល់ប្រជាជន ហេតុដូច្នេះទើបភាគីទាំងពីរ សម្រេចចាប់ដៃគូសហការគ្នា ដើម្បីអនុវត្តន៍កម្មវិធីសប្បុរសធម៌នៅឆ្នាំ២០១៨នេះ»។
លោកបន្តថា «ជាមួយនឹងកម្រិតជំនាញវិជ្ជាជីវៈខ្ពស់នៃវេជ្ជបណ្ឌិត និងឧបករណ៍ទំនើបៗ នៃមន្ទីរពេទ្យជោរៃ រួមបញ្ចូលជាមួយផលិតផល ដែលមានគុណភាពខ្ពស់ពីក្រុមហ៊ុន DHG Pharma លោកសង្ឃឹមថា នឹងចូលរួមចំណែកក្នុងការថែទាំសុខភាព ប្រជាជនកម្ពុជានាពេលខាងមុខ»។
សូមរម្លឹកថា កាលពីឆ្នាំកន្លងមកនោះ មន្ទីរពេទ្យជោរៃភ្នំពេញ បានបង្កើតកម្មវិធីសប្បុរសធម៌បែបនេះ ហើយមានការព្យាបាលជូនប្រជាពលរដ្ឋបាន៦០០នាក់ ដោយឡែកក្នុងឆ្នាំនេះ មន្ទីរពេទ្យជោរៃនឹងបង្កើនការព្យាបាលជូនប្រជាពលរដ្ឋ ក៏ដោយសារតែការសហការជាមួយ DHG Pharma ទើបបង្កើនការព្យាបាលឲ្យកើនឡើង ដល់១០០០នាក់ ដែលជានេះបង្ហាញពីការកើនឡើងយ៉ាងល្អមួយ សម្រាប់កិច្ចសហការមួយនេះ៕