(បាត់ដំបង)៖ បន្ទាប់ពីកិច្ចសំណេះសំណាលជាមួយប្រជាពលរដ្ឋ ប្រមាណ៥៥០នាក់ នៅឃុំឫស្សីក្រាំង ឃុំតាលាស់ ឃុំជ្រៃ ឃុំមោង និងឃុំព្រៃតូច នៅថ្ងៃទី២៣ ខែកក្កដាម្សិលមិញនេះ លោក អង្គ វង្ស វឌ្ឍានា បេក្ខជនតំណាងរាស្ត្រមណ្ឌលបាត់ដំបង នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨នេះ បានបន្តចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៅឃុំកកោះ និងឃុំគា ប្រមាណជាង២០០នាក់ ស្រុកមោងឬស្សី។
នៅក្នុងកិច្ចសំណេះសំណាលនេះ តំណាងគណបក្សប្រជាជនកម្ពុជា នៅតាមភូមិ-ឃុំនីមួយៗ បានធ្វើការរាយការណ៍អំពីសមិទ្ធផលការងាររបស់គណបក្ស នៅក្នុងអាណត្តិនេះ លើគ្រប់វិស័យជាអាទិ៍ការកសាងហេដ្ឋារចនាសម្ព័ន្ធ ការពង្រឹងសេវាសុខាភិបាល ការលើកកម្ពស់វិស័យអប់រំ អភិវឌ្ឍធនធានមនុស្ស ជាពិសេសការដោះស្រាយបានទាន់ពេលវេលា និងមានប្រសិទ្ធភាពចំពោះសេចក្តីត្រូវការចាំបាច់នានា របស់ប្រជាពលរដ្ឋ ហើយគាត់ក៏បានលើកឡើងនូវបញ្ហាប្រឈម និងសំណូមពរបស់ប្រជាពលរដ្ឋ ដូចជាបន្តការកសាង និងស្តារហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀត ដើម្បីចូលរួមជាទស្សនវិស័យ ក្នុងការបន្តអភិវឌ្ឍមូលដ្ឋានឲ្យកាន់តែរីកចម្រើនឡើង នៅក្នុងអាណត្តិបន្ទាប់។
ឆ្លើយតបនឹងសំណូមពររបស់តំណាងគណបក្សប្រជាជនកម្ពុជា នៅតាមភូមិ-ឃុំ ក៏ដូចជាប្រជាពលរដ្ឋមូលដ្ឋាន លោក អង្គ វង្ស វឌ្ឍានា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះបងប្អូនប្រជាពលរដ្ឋដែលតែងតែស្រឡាញ់ គាំទ្រទុកចិត្ត និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា តាំងពីដើមរៀងមក ហើយក៏បានសម្តែងនូវការកោតសរសើរ ចំពោះការរួមចំណែកយ៉ាងសកម្ម ជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីអភិវឌ្ឍភូមិ-ឃុំរបស់ខ្លួន។
លោក អង្គ វង្ស វឌ្ឍានា ក៏បានលើកឡើង និងផ្តាំផ្ញើជូនប្រជាពលរដ្ឋនូវចំណុចចំបងៗ មួយចំនួនដូចខាងក្រោម៖ ១៖ការខិតខំអភិវឌ្ឍប្រទេស និងសម្រេចបាននូវសមិទ្ធផលគ្រប់វិស័យ របស់រាជរាដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, ២៖គោលនយោបាយដឹកនាំដ៏ល្អ របស់គណបក្សប្រជាជនកម្ពុជា និងមូលហេតុ នៃការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា, ៣៖សូមឲ្យប្រជាពលរដ្ឋនៅស្រុកមោងឬស្សីទាំងមូល បោះឆ្នោតជ្រើសរើសតំណាងរាស្ត្ររបស់ខ្លួន ឲ្យបានត្រឹមត្រូវ ហើយបើបោះឆ្នោតខុស ប្រាកដជានាំនូវមហន្តរាយដល់ប្រទេស និងដល់ខ្លួនឯងដូចសម័យអតីតកាល, ៤៖សូមឲ្យប្រជាពលរដ្ឋកុំជឿការឃោសនាកុហក របស់ក្រុមជនអគតិមួយចំនួន ដែលមានចេតនាទុច្ចរិតប្រើគ្រប់មធ្យោបាយដើម្បីរារាំងប្រជាពលរដ្ឋមិនឲ្យទៅបោះឆ្នោត និង៥៖សូមឲ្យប្រជាពលរដ្ឋជឿជាក់លើគណបក្សប្រជាជនកម្ពុជា ដែលហ៊ានថា គឺហ៊ានធ្វើ មិនមែនជាការសន្យាខ្យល់ដូចគណបក្សផ្សេង ហើយមន្ត្រីគណបក្សប្រជាជនកម្ពុជា នៅតែបន្តវប្បធម៌ នៃការសុខរួមទុក្ខជាមួយប្រជាជនកម្ពុជា នៅគ្រប់កាលៈទេសៈ។
លោក អង្គ វង្ស វឌ្ឍានា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ អញ្ជើញទៅបោះឆ្នោតនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ ដើម្បីឲ្យគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន បន្តមគ្គុទ្ទេសដឹកនាំរាជរដ្នាភិបាលទៅមុខទៀត។
បើតាមប្រធានក្រុមការងារ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺរក្សាបានសន្តិភាព និងការអភិវឌ្ឈពិតប្រាកដនៅកម្ពុជា។ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឲ្យឈ្នះឆ្នោត គឺជាការឈ្នះរបស់ប្រជាជនខ្មែរទាំងមូល ព្រោះថាគណបក្សប្រជាជនកម្ពុជា ប្រសូតចេញពីប្រជាពលរដ្ឋកម្ពុជា គណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋកម្ពុជា គឺតែមួយ៕