(ភ្នំពេញ)៖ ដើម្បីបង្ខិតសេវាកាន់តែកៀកជាប់នឹងប្រជាជននោះ រដ្ឋបាលរាជធានីភ្នំពេញ បានបង្កើតការិយាល័យច្រកចេញចូលតែមួយ នៅសាលារាជធានីភ្នំពេញ និងដើម្បីជម្រុញឲ្យការអនុវត្ត លើការងារនេះបានល្អប្រសើរ នារសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨នេះ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក៏បានអញ្ជើញមន្ត្រីក្រោមឱវាទ ដែលពាក់ព័ន្ធនឹងការងារផ្តល់សេវាប្រជាពលរដ្ឋមកប្រជុំ ក្នុងការផ្តល់ជាអនុសាសន៍មួយចំនួនដែលក្រសួងមហាផ្ទៃបានដាក់ចុះ។
ក្នុងកិច្ចប្រជុំដែលបានធ្វើឡើង នៅសាលារាជធានីភ្នំពេញនេះ គេមិនបានឃើញវត្តមានអភិបាលខណ្ឌទាំង១២នោះទេ ពោលគឺមានតែមន្ទីរពាក់ព័ន្ធ និងមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញប៉ុណ្ណោះ ដែលបានចូលរួមប្រជុំ។
លោក ឃួង ស្រេង បានបញ្ជាក់ថា ដើម្បីបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ជៀសវាងការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ ដែលតែងតែកើតមានឡើងនាពេលកន្លងមក និងស្របពេលដែលការិយាល័យច្រកចេញចូលតែមួយ នៅតាមបណ្តាលខណ្ឌនីមួយៗ មិនទាន់បំរើសេវាជូនប្រជាពលរដ្ឋបានល្អប្រសើរនូវឡើយ។
សូមបញ្ជាក់ថា ការិយាល័យច្រកចេញ-ចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ ត្រូវបានបង្កើតឡើង តាមរយៈប្រកាសរបស់ក្រសួងមហាផ្ទៃ នៅក្នុងរចនាសម្ព័ន្ធរបស់សាលាក្រុង ស្រុក ខណ្ឌគោលដៅ ដោយផ្អែកលើសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលលេខ១២ សសរ ចុះថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០០៨។ ការបង្កើតការិយាល័យទាំងពីរនេះ មានគោលដៅលើកកម្ពស់ប្រសិទ្ធភាព នៃការផ្ដល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋាន ឲ្យបានឆាប់រហ័សតាមនីតិវិធីសាមញ្ញ ប្រកបដោយតម្លាភាពគុណភាព គណនេយ្យភាព និងអភិបាលកិច្ចល្អ។
លោក ឃួង ស្រេង បានបញ្ជាក់ថា «ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋជារឿងសំខាន់ និងចាំបាច់ ដូចជា ការផ្តល់សៀវភៅស្នាក់នៅ ការផ្តល់អត្តសញ្ញាណប័ណ្ណ ការផ្លាស់ប្តូរលំនៅដ្ឋានជូនប្រជាពលរដ្ឋជាដើម។ ដូច្នេះទេក្នុងនាមមន្ត្រីដែលអ្នកទទួលការផ្តល់សេវា ជូនប្រជាពលរដ្ឋនេះត្រូវអនុវត្តឲ្យបានល្អជៀសវាងការយកលុយសេវា ខាងក្រៅពីប្រជាពលរដ្ឋ»។
លោកអភិបាលបានបន្តថា ការិយាល័យច្រកចេញ ចូលតែមួយនៅតាមបណ្តាលខណ្ឌនីមួយៗ នៅមិនទាន់បំរើសេវាជូនប្រជាពលរដ្ឋបានល្អប្រសើរនូវឡើយទេ ដែលតម្រូវឲ្យមន្ត្រីរបស់យើងត្រូវពិនិត្យពីការងាររបស់ខ្លួនឡើងវិញ៕