(ភ្នំពេញ)៖ លោក ថោង រដ្ឋស័ក្ដ អនុប្រធានសហព័ន្ធកីឡាទូកក្ដោងកម្ពុជាបានឲ្យដឹងថា កីឡាករកម្ពុជា ២រូបរួមមាន ឌុច ប៊ុនធឿន និងកីឡាករ ញ៉ូវ ចាន់ ដែលសហព័ន្ធបានបញ្ជូនទៅចូលរួមប្រកួតកីឡាទូកក្ដោងជាលក្ខណៈអន្ដរជាតិ Sarawak Open Regatta នៅទីក្រុងមីរី រដ្ឋសារ៉ាវ៉ាក់ ប្រទេសម៉ាឡេស៊ី បានដណ្ដើមមេដាយសំរឹទ្ធជូនជាតិចំនួន ២គ្រឿង ខណៈសហព័ន្ធបានចាត់ទុកលទ្ធផលនេះ គឺជាសញ្ញាវិជ្ជមានមួយសម្រាប់កីឡាករកម្ពុជា ដែលត្រៀមចូលរួមប្រកួតកីឡាអាស៊ី Asian Games លើកទី១៨ នៅទីក្រុងចាកាតា ប្រទេសឥណ្ឌូនេស៊ី នាខែសីហាខាងមុខ។
អនុប្រធានសហព័ន្ធដដែលបន្ដថា បេសកកម្មខាងលើ គឺដឹកនាំដោយលោក សោម សុទ្ធរិទ្ធិពង្ស ដោយការប្រកួតបានចាប់ផ្ដើមពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨ ហើយមានអត្តពលិកមកពី ៤ប្រទេសចូលរួម គឺកម្ពុជា សិង្ហបុរី ប្រ៊ុយណេ និងម្ចាស់ផ្ទះម៉ាឡេស៊ីមាន ៤រដ្ឋចូលរួម គឺកូឡាឡាំពួ ត្រាំកាណូ សារ៉ាវ៉ាក់ និងសាបារ ស្មើនឹងកីឡាករសរុប ៥៨រូប ក្នុងនោះក៏មានវត្តមានកីឡាករកម្ពុជា ២នាក់ផងដែរ ដែលប្រកួតលើវិញ្ញាសា Laser Standard និងវិញ្ញាសា Laser 4.7។ ពិសេសការប្រកួតនេះ បានផ្ដល់បទពិសោធន៍ដ៏ល្អសម្រាប់កីឡាករកម្ពុជា ដែលបានប្រកួតជាមួយនឹងស្ថានភាពខ្យល់ពី 3Knots ទៅ 15Knots និងរលកធំៗរហូតដល់មានកម្ពស់រហូត 2.5 ម៉ែត្រ។
ជាលទ្ធផលកីឡាករ ឌុច ប៊ុនធឿន ប្រកួតលើវិញ្ញាសា Laser Standard ទទួលបានចំណាត់ថ្នាក់លេខ៣ ក្នុងចំណោម កីឡាករ ៤រូប ទទួលបានមេដាយសំរិទ្ធ ១គ្រឿង និងកីឡាករ ញ៉ូវ ចាន់ ប្រកួតលើវិញ្ញាសា Laser 4.7 ទទួលបានចំណាត់ថ្នាក់លេខ៣ ក្នុងចំណោមកីឡាករ ៤រូប ទទួលបានមេដាយសំរិទ្ធ ១គ្រឿងដូចគ្នា។ ការប្រកួតនេះ គឺជាការត្រៀមរបស់កីឡាករកម្ពុជាទាំងពីរ ២រូប ដែលនឹងត្រូវវិញ្ញាសាដដែលនៅក្នុងការប្រកួតកីឡាអាស៊ី Asian Games លើទី១៨ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ ខែសីហា ដល់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៨ ខាងមុខ នៅប្រទេសឥណ្ឌូនេស៊ី។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោក ថោង រដ្ឋស័ក្ដ។
គួរបញ្ជាក់ផងដែរថា បន្ទាប់ពីបញ្ចប់ការប្រកួតអន្ដរជាតិខាងលើ នៅថ្ងៃទី២៣ ខែកក្កដា ក្រុមកីឡាករកម្ពុជា នឹងបន្ដដំណើរទៅរដ្ឋសាបា ដើម្បីហ្វឹកហាត់ និងពង្រឹងសមត្ថភាពត្រៀមចូលរួមប្រកួតកីឡាទូកក្ដោងលក្ខណៈអន្ដរជាតិ Merdeka Open Regatta ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែសីហាខាងមុខ ដើម្បីពង្រឹងសមត្ថភាពឲ្យកាន់តែល្អប្រសើរ។ លើសពីនេះ សហព័ន្ធក៏បានបញ្ជូនកីឡាករវ័យក្មេង ៣រូបទៅហាត់នៅចិនផងដែរ រួមមានកីឡាករ សូត្រ មេសា ហាត់លើវិញ្ញាសា Windsurfing RS:X, កីឡាករ ហៀង ស៊ុនហេង ហាត់លើវិញ្ញាសា Windsurfing RS:X និងកីឡាករ ប៉ាល់ សីលា ហាត់លើវិញ្ញាសា Windsurfing RS:One ហើយក្នុងអ្នកទាំង៣ មានម្នាក់ត្រូវចូលរួមប្រកួតជាមួយកីឡាករ ឌុច ប៊ុនធឿន និង ញ៉ូវ ចាន់ គឺកីឡាករ សូត្រ មេសា៕