(ភ្នំពេញ)៖ លោក ជួង ជូងី ជាមេធាវីរបស់អតីតគណបក្សប្រឆាំង ត្រូវបានគណបក្សប្រជាជនកម្ពុជា ស្នើទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ចាត់វិធានការតាមផ្លូវច្បាប់ ពាក់ព័ន្ធករណីអំពាវនាវកុំឲ្យប្រជាពលរដ្ឋទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។

នេះបើយោងតាមការឲ្យដឹងពី​ គណបក្សប្រជាជនកម្ពុជា និងលោកមេធាវី គី តិច ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨នេះ។

យោងតាមលិខិតស្នើសុំរបស់គណបក្សប្រជាជនកម្ពុជាដែលបានដាក់ទៅ គ​.ជ.ប បានបញ្ជាក់យ៉ាងដូច្នេះថា «កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ និងបន្ដរហូតមកដល់បច្ចុប្បន្ននេះ ឈ្មោះ ជួង ជូងី ដែលមានអាសយដ្ឋានស្នាក់នៅផ្ទះលេខ១២បេ ផ្លូវ១៩៧ សង្កាត់ទំបន់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ បាននិងកំពុងធ្វើសកម្មភាពផ្សព្វផ្សាយ តាមបណ្ដាញសង្គម Facebook របស់ខ្លួន ប្រព្រឹត្តអំពើទុច្ចរិត រំលោភបំពានលើបញ្ញត្តិមាត្រា១៤២ នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ។ សកម្មភាពរបស់ឈ្មោះ ជួង ជូងី នេះគឺពិតជាមានចេតនា និងគោលបំណងច្បាស់លាស់ ក្នុងការបំផុសគំនិតទប់ស្កាត់ និងរារាំងប្រជាពលរដ្ឋ ដែលមានសិទ្ធិបោះឆ្នោត មិនឲ្យទៅបោះឆ្នោត ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ»

លោកមេធាវី គី តិច ​បានរៀបរាប់ពីដំណើររឿងថា ក្រោយលោក សម រង្ស៊ី ប្រធានចលនាសង្ក្រោះជាតិ បានធ្វើការអំពាវនាវ​ប្រជាពលរដ្ឋឲ្យធ្វើពហិការ មិនទៅចូលរួមការបោះឆ្នោត ដោយចោទប្រកាន់ថា ការបោះឆ្នោត​នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨​ខាងមុខ ជាការបោះឆ្នោតក្លែងក្លាយ និងជាឆាកល្ខោន និងការ​បំផុសជាបន្តបន្ទាប់អំពីយុទ្ធនាការម្រាមដៃស្អាត ហើយកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ លោក ជួង​ ជូងី​ បានបង្ហោះវីដេអូខ្លីប (Video Clip) មួយ​ដែលមានរយៈពេល​០៧៖៣៣​វិនាទី នៅលើគណនី Facebook របស់ខ្លួន​។

លោកមេធាវី សង្កត់ធ្ងន់ថា ការចោទប្រកាន់ថា ការបោះឆ្នោតជាការបោះឆ្នោតក្លែងក្លាយ ឬជាឆាកល្ខោន នឹងធ្វើឲ្យមជ្ឈដ្ឋានជាតិ និងអន្តរជាតិ មានការភាន់ច្រឡំ នាំឲ្យបាត់ទំនុកចិត្តលើការបោះឆ្នោត និងភាន់​ច្រឡំលើភាពស្របច្បាប់ នៃស្ថាប័ន​ដែលកើតចេញពីការបោះឆ្នោត។ ការភាន់ច្រឡំនេះ នឹងបង្កឲ្យកើតមាន ការតវ៉ាប្រឆាំង​នឹងរដ្ឋអំណាច​ ដែលជាកត្តា​ធ្វើឲ្យមានភាពអសន្តិសុខសង្គម ប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងអាចនាំឲ្យកើត​កលិយុគជាតិ​។ សកម្មភាពញុះញង់នេះ បង្ហាញពីការរៀបចំជាអង្គការចាត់តាំង ដែលមានរចនា​សម្ព័ន្ធត្រឹមត្រូវ ព្រោះថា​ក្រោយមានការអំពាវនាវ រ​បស់មេចលនាសង្គ្រោះជាតិរួចមក​ ក៏កើតមាន​ព្រឹត្តការណ៍ប្រឆាំងការបោះឆ្នោតជាបន្តបន្ទាប់។

យោងតាមមាត្រា​៣៤ នៃរដ្ឋធម្មនុញ្ញ​នៃព្រះរាជាណាចក្រកម្ពុជា បានចែងថា «​ប្រជាពលរដ្ឋ​ខ្មែរទាំងពីរភេទ មានសិទ្ធិបោះឆ្នោត និងអាចឈរឈ្មោះឲ្យគេបោះឆ្នោត»។ មាត្រា​​១៤២ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត បានចែងថា «ត្រូវផាកពិន័យជាប្រាក់ពី​៥,០០០,០០០ (ប្រាំលាន)​រៀល ទៅ​២០,០០០,០០០ (ម្ភៃលាន)​រៀល ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត ចំពោះជនណា ដែលតាមគ្រប់មធ្យោបាយទុច្ចរិត​៖ ​រារាំងប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត មិនឲ្យទៅបោះឆ្នោត, ធ្វើឲ្យបាត់ទំនុកចិត្តលើការសម្ងាត់ នៃការបោះឆ្នោត និងធ្វើឲ្យមានការភាន់ ច្រឡំនាំឲ្យបាត់ទំនុកចិត្តលើការបោះឆ្នោត៕